(កោះកុង)៖ លោក ហាក់ ឡេង អភិបាលស្រុកបុទុមសាគរ និងលោក ក្រូច បូរីសីហា អភិបាលរងស្រុក ទើបប្រកាសចូលកាន់តំណែងថ្មី នៅថ្ងៃទី២ ខែតុលា បានដឹកនាំមន្ត្រីក្រោមឱវាទ ចុះសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋ និងអាជីវករក្នុងផ្សារអណ្តូងទឹក ដើម្បីក្រើនរំលឹកឲ្យគាត់ចេះថែរក្សាអនាម័យបរិស្ថាន ដើម្បីសុខភាព និងទាក់ទាញភ្ញៀវទេសចរ ចូលមកកំសាន្ត និងដើម្បីសក្តានុពលអេកូទេសចរណ៍ស្រុកបុទុមសាគរផងដែរ។
លោក ហាក់ ឡេង អភិបាលស្រុក បានឲ្យដឹងថា ការថែរក្សាអនាម័យបរិស្ថាន និងការអភិវឌ្ឍន៍ជាកាតព្វកិច្ចដ៏សំខាន់របស់អាជ្ញាធរ តែក៏តម្រូវឲ្យមានការចូលរួមពីសំណាក់ បងប្អូនប្រជាពលរដ្ឋចូលរួមផងដែរ ទើបស្រុកយើងវិវឌ្ឍន៍ខ្លួនបានដោយភាពជោគជ័យ ក្នុងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធប្រឡងប្រណាំងស្រុកស្អាត ទីក្រុងស្អាត ខេត្តស្អាត។
លោក ហាក់ ឡេង បានប្រាប់ដល់អាជីវក និងពលរដ្ឋថា ដើម្បីបរិស្ថានស្អាត និងដើម្បីសុខភាពល្អយើងទាំងអស់គ្នា សូមឲ្យបងប្អូនចូលរួមវេចខ្ចប់សម្រាមទុកដាក់ឲ្យបានត្រឹមត្រូវ ដើម្បីងាយស្រួលរថយន្តដឹកសំរាម ក្នុងការដឹកជញ្ជូនយកទុកដាក់នៅទីលានចោលសំរាម ឬក៏ងាយស្រួលបងប្អូនដុតកម្ទេចចោល ហើយអ្វីដែលសំខាន់គឺសុខភាពគ្រួសារយើង។
លោកបានថ្លែងបញ្ជាក់ថា «ប្រទេសជាតិយើងបច្ចុប្បន្នភាពមានសុខសន្តិភាព សុវត្ថិភាពល្អ មានការអភិវឌ្ឍន៍មានធនធានមនុស្ស និងរីកចំរើនគ្រប់វិស័យ ដោយសារការខិតខំប្រឹងប្រែងរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា មានការដឹកនាំឈ្លៀសវៃ ធ្វើឲ្យប្រទេសកម្ពុជាស្ថិតក្នុងភាពងងឹត ប្រែក្លាយមកជាភាពរីកចំរើន ក្នុងការអភិវឌ្ឍន៍ដែលទទួលស្គាល់នៅលើ ឆាកអន្តរជាតិ។ ដូច្នេះបងប្អូនត្រូវជឿជាក់ទៅលើការដឹកនាំរបស់សម្តេចតេជោ និងរាជរដ្ឋាភិបាល ដែលកើតចេញពីបេះដូងខ្មែរពិតៗ មិនត្រូវជឿលើសម្តីញុះញង់ ជនអគតិ និងទណ្ឌិត សម រង្ស៊ី ជាជនក្បត់ជាតិ តត្រកូលនោះទេ ដែលហ៑ានប្រមាថព្រះចេស្តាព្រះមហាក្សត្រ និងចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ថែមទៀតផង៕