(ភ្នំពេញ)៖ ក្រុមហ៊ុនសែលកាត (Cellcard) នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ ទទួលបានការកោតសសើរ និងពានរង្វាន់ចុងក្រោយគេបង្អស់ពី Finance Derivative Awards ថាជាក្រុមហ៊ុនទូរស័ព្ទដែលល្អបំផុត និងផ្តល់របៀបរស់នៅ បែបឌីជីថលនៅកម្ពុជា « Best Mobile and Digital Lifestyle Provider in Cambodia»។
Finance Derivative គឺជាទស្សនាវដ្តីដ៏ល្បីល្បាញមួយ ទៅក្នុងវិស័យហិរញ្ញវត្ថុបែបវិជ្ជាជីវៈ និងការបណ្តាក់ទុនបែបកិច្ចសហការ និងឯកជន។
នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត លោក អៀន វ៉ាត់សុន បានថ្លែងថា ការទទួលស្គាល់នេះ គឺជាកិត្តិយសដ៏ខ្ពង់ខ្ពស់របស់ក្រុមហ៊ុន ក្នុងការបន្តពង្រឹងយុទ្ធសាស្រ្ត និងបេសកកម្មរបស់ខ្លួន ក្នុងនាមជាបណ្តាញទូរស័ព្ទ ឈានមុខគេដែលផ្តល់បែបផែនជីវិតផ្នែកឌីជីថលក្នុងប្រទេសកម្ពុជា។
លោកបានបន្តថា «សែលកាតបានបង្ហាញពីភាពខ្លាំងរបស់ខ្លួន កាន់តែរឹងមាំឡើងពីមួយថ្ងៃទៅមួយថ្ងៃ ចាប់តាំងពីការដាក់សម្ភោធឲ្យប្រើប្រាស់បណ្តាញ 4G LTE»។ លោកបន្ថែមថា «ការប្តេជ្ញារបស់ពួកយើង ក្នុងការផ្តល់ជូនអតិថិជននូវបណ្តាញទូរស័ព្ទ ប្រកបដោយគុណភាព និងតម្លៃសមរម្យ បានជួយពន្លឿនការចូលមកដល់នៃទិន្នន័យទូរស័ព្ទ ក្នុងប្រទេសកម្ពុជា ក៏ដូចជាការបង្កើនសេដ្ឋកិច្ចមួយផ្នែកធំរបស់កម្ពុជា»។
លោក អៀន វ៉ាត់សុន បានបន្តទៀតថា «ស្របពេលដែលពួកយើងកំពុងតែបន្តដំណើរការគម្រោង 5G អតិថិជនទាំងអស់នៅតែអាចរីករាយ ក្នុងការប្រើប្រាស់សេវាដ៏ល្អឥតខ្ចោះ និងការបំពេញតម្រូវការទិន្នន័យទូរស័ព្ទ និងល្បឿន ដែលកើនឡើងជាលំដាប់»។
លោក វ៉ាត់សុន បានបន្ថែមទៀតថា Finance Derivative តែងតែធ្វើការសិក្សាស្វែងរកយ៉ាងស្វិញស្វាញ ក្នុងការទទួលស្គាល់ទៅលើភាពល្អឥតខ្ចោះ ក្នុងវិស័យបច្ចេកវិទ្យា ធនាគារ និងហិរញ្ញវត្ថុ។
លោកបានបញ្ជាក់ថា «សម្រាប់ក្រុមហ៊ុន Cellcard ដែលជាក្រុមហ៊ុន ក្នុងស្រុកតែមួយគត់ ក្នុងប្រទេសកម្ពុជា ការទទួលបានការកោតសសើរ ជាមួយនឹងរង្វាន់នេះ គឺជាភាពជោគជ័យដ៏អស្ចារ្យមួយ និងបានបង្ហាញថា កម្ពុជាជាប្រទេសដ៏រឹងមាំ និងជឿនលឿនមួយក្នុងតំបន់អាស៊ីអាគ្នេយ៍»។
លោកបានឲ្យដឹងថា «នេះជារង្វាន់ទី២០ហើយ ដែលក្រុមហ៊ុនសែលកាត (Cellcard) បានទទួលរង្វាន់ចាប់តាំង ពីការដំណើរបណ្តាញ 4G LTE ត្រូវបានដាក់ឲ្យប្រើប្រាស់ ហើយពួកយើងរង់ចាំមើល ពីភាពជោគជ័យរបស់យើងបន្តទៀត នាពេលអនាគតជាមួយនិងបណ្តាញ និងសេវាដែលកាន់តែប្រសើរជាងមុន»។
ការប្រកាសពានរង្វាន់ជាផ្លូវការ នៅទូទាំងពិភពលោក នឹងត្រូវបានធ្វើឡើងនៅលើគេហទំព័រ Finance Derivative ជាមួយនឹងអ្នកឈ្នះពានរង្វាន់ដទៃៗទៀតនៅចុងឆ្នាំនេះ៕