(កំពត)៖ លោកសាស្រ្តាចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងថា ដើម្បីឱ្យវិស័យសុខាភិបាល កាន់តែវិវឌ្ឍប្រកបដោយគុណភាព ក្នុងការផ្តល់សេវាសុខភាព ជូនប្រជាពលរដ្ឋ យើងត្រូវពិនិត្យ និងកែលម្អចំណុចខ្វះខាត ឈានទៅវិវឌ្ឍវិស័យសុខាភិបាលស្តង់ដារជាតិ និងអន្តរជាតិ។
ស្របពេលបច្ចុប្បន្ន ការបណ្តុះបណ្តាលធនធានមនុស្សលើវិស័យសុខាភិបាល និងមូលដ្ឋាននៃការថែទាំព្យាបាល ការផ្តល់សេវាសុខាភិបាល និងកិច្ចការទាំងឡាយទាក់ទងនឹងកិច្ចការសុខភាពសាធារណៈ កំពុងតែមានសន្ទុះខ្លាំងព្រមគ្នា ខណៈប្រទេសនៅក្បែរខាងយើងនេះ មានសន្ទុះកាន់តែខ្លាំង។
ការថ្លែងបែបនេះ របស់លោកសាស្រ្តាចារ្យ ធា គ្រុយ ក្នុងឱកាសបើកសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីផែនការយុទ្ធសាស្រ្ត ឆ្នាំ២០១៩-២០២៣ របស់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ព្រឹកថ្ងៃទី២ ខែតុលា ២០១៩នេះ ដែលឧបត្ថម្ភរបស់អង្គការ Freds Hollows និង Eye Care Foundation។
លោកសាស្ត្រាចារ្យ បានបញ្ជាក់ថា «ប្រសិនបើយើងមិនខិតខំប្រឹងប្រែងទេ យើងនឹងមិនអាចដើរទាន់ការរីកចម្រើនរបស់ប្រទេសជាតិនោះទេ ដោយសារបច្ចុប្បន្នការអភវិវឌ្ឍមានការរីកចំរើនយ៉ាងឆាប់រហ័យ, ដូច្នេះសិក្ខាសាលានេះមានសារៈសំខាន់ណាស់ ដើម្បីផ្ទៀងផ្ទាត់ ដាក់ចេញយុទ្ធសាស្ត្រ អនុវត្តប្រកបដោយភាពជោគជ័យ»។
លោកសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានថ្លែងឱ្យដឹងថា ចាប់តាំងពីបានក្លាយខ្លួនជា គ្រឹះស្ថានសាធារណរដ្ឋបាល នៅឆ្នាំ២០០១ សាកលវិទ្យាល័យបានរៀបចំ និងអនុវត្តផែនការយុទ្ធសាស្រ្ត បានចំនួន០២ រួចមកហើយ ដោយផែនការយុទ្ធសាស្រ្តទី១ គឺបានអនុវត្តពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១២ និងផែនការយុទ្ធសាស្រ្ត ទី២ គឺបានអនុវត្តពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៨។
ចំពោះផែនការយុទ្ធសាស្រ្តទី៣ គឺសម្រាប់អនុវត្ត ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣ ដើម្បីរៀបចំផែនការយុទ្ធសាស្រ្ត ឆ្នាំ២០១៩-២០២៣ របស់សាកលវិទ្យាល័យ ឱ្យមានគុណភាពល្អ សាកលវិទ្យាល័យ បានដំណើរការរៀបចំ ដោយមានការពិភាក្សាពិគ្រោះយោបល់ជា ៤ដំណាក់កាល។
* ដំណាក់កាលទី១៖ ការតម្រង់ទិស ក្នុងការរៀបចំផែនការយុទ្ធសាស្រ្ត
* ដំណាក់កាលទី២៖ ពិភាក្សាពិគ្រោះយោបល់ នៅកម្រិតមហាវិទ្យាល័យ សាលា និងសាកលវិទ្យាធិការដ្ឋាន
* ដំណាក់កាលទី៣៖ ពិភាក្សាពិគ្រោះយោបល់បន្ថែមជាមួយដៃគូ និងភាគីពាក់ព័ន្ធផ្សេងៗ របស់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។
* ដំណាក់កាលទី៤៖ ដាក់សេចក្តីព្រៀងផែនការយុទ្ធសាស្រ្ត ជូនក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យ ដើម្បីពិនិត្យ និងសម្រេច មុនចងក្រងជាសៀវភៅផែនការយុទ្ធសាស្រ្ត ឆ្នាំ២០១៩-២០២៣។
លោកសាស្រ្តាចារ្យ បានបញ្ជាក់ទៀតថា សិក្ខាសាលានេះ ជាដំណាក់កាលទី៣ហើយ នៃការរៀបចំផែនការយុទ្ធសាស្រ្ត ឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ នៃក្រសួងសុខាភិបាល ថ្នាក់ដឹកនាំរបស់សាកលវិទ្យាល័យ ចាប់ពីអនុប្រធានការិយាល័យ និងលោក លោកស្រី ទទួលបន្ទុកផ្នែកនៅសាកលវិទ្យាធិការដ្ឋាន តំណាងមន្ទីរពេទ្យមជ្ឈមណ្ឌលជាតិ វិទ្យាស្ថាននានាដៃគូជាតិ និងអន្តរជាតិ សរុបចំនួនប្រហែល៩០នាក់។
លើសពីនោះ ដើម្បីប្រមូលធាតុចូលបន្ថែមទៀត ដើម្បីកែសម្រួលគោលបំណងយុទ្ធសាស្រ្ត គោលបំណង យុទ្ធសាស្រ្ត សកម្មភាពចំបង នៃផែនការយុទ្ធសាស្រ្តឆ្នាំ២០១៩-២០២៣ របស់សាកលវិទ្យាល័យវិទ្យាសាស្រ្ត សុខាភិបាល និងដើម្បីធានាបានថា ផែនការយុទ្ធសាស្រ្តឆ្នាំ២០១៩-២០២៣ របស់សាកលវិទ្យាល័យវិទ្យាសាស្រ្ត សុខាភិបាល មានលក្ខណៈគ្រប់ជ្រុងជ្រោយ និងប្រកបដោយគុណភាព ឆ្លើយតបបាននឹងតម្រូវការអភិវឌ្ឍ របស់សាកលវិទ្យាល័យ សម្រាប់រយៈពេល៥ឆ្នាំខាងមុខ៕