(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩ ប្រជាពលរដ្ឋចំនួន ១៦១គ្រួសារ បានចេញមកថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល មន្រ្តីជំនាញ និងអាជ្ញាធរខណ្ឌសែនសុខ ដែលបានដោះស្រាយដីធ្លីរបស់ពួកគាត់បញ្ចប់ទៅដោយជោគជ័យ ក្រោយកើតទំនាស់ជាង១៥ឆ្នាំមកនេះ ពោលនៅសល់តែ ២គ្រួសារទៀតប៉ុណ្ណោះ ដែលមិនព្រមរើចេញពីទីតាំងដី បើទោះបីត្រូវបានដោះស្រាយ ទទួលបានថវិកាគ្រប់ដែរនោះ។

តំណាងប្រជាពលរដ្ឋទាំង១៦១គ្រួសារ បានចេញមុខបកស្រាយជូនថា មានជនខិលខូចមួយចំនួនតែងតែដើរបោកប្រាស់អ្នកដ៏ទៃថា ដីជាង ២ហិកតាស្ថិតនៅភូមិរោងចក្រ សង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ ជាដីមានទំនាស់នៅឡើយ។ ប្រជាពលរដ្ឋទាំងនោះបានថ្លែងទៀតថា «ដីខាងលើនេះ គឺពលរដ្ឋរស់នៅចំនួន ១៦៣គ្រួសារ តាំងពីយូរហើយ។ ហើយដីជាង ២ហិកតា បានលក់ទៅឲ្យលោក បាញ់ អ៊ុយតា ដោយទទួលបានថវិកាគ្រប់ចំនួនដែរ ដោយឡែក២គ្រួសារ ដែលកំពុងរស់នៅក្នុងដី ក៏ទទួលបានថវិកាគ្រប់ដែរ តែមិនបានចាកចេញពីទីតាំងនេះទេ»

តំណាងពលរដ្ឋតំណាង១៦១គ្រួសារ បានអះអាងទៀតថា ដីដែលដែលពួកគាត់ឈ្នះ តាមអំណាចសាលដីកាលេខ ០១ ក្រសអ ចុះថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨ របស់សាលាឧទ្ធរណ៍ ក៏បានលក់ទៅឲ្យលោក បាញ់ អ៊ុយតា និងលោក គឹម ស៊ូប៊ុត ជាតំណាងចប់សព្វគ្រប់ហើយ។

ការធ្វើសន្និសីទកាសែតនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ ដោយតំណាងប្រជាពលរដ្ឋ នាំគ្នាកាន់ឯកសារមកឈរបង្ហាញដល់អ្នកយកព័ត៌មាននៅលើទីតាំងដី ដែលស្ថិតនៅក្នុងភូមិ រោងចក្រទី១ សង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ។

លោកស្រី ហួយ តារាវី តំណាងប្រជាពលរដ្ឋ ១៦១គ្រួសារ ក្នុងចំណោម១៦៣គ្រួសារ បានឲ្យដឹងថា សំណុំរឿងដីនេះមានរយៈពេលជាង ១៥ឆ្នាំមកហើយ ដែលពួកគាត់បានប្តឹងឈ្នះពីលោកស្រី កែវ នាម លោក គឹម កៅ និងលោកស្រីជា សារ៉ុម ហើយត្រូវបានតុលាការដឹកនាំដោយលោក កុល បុន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងជាមន្រ្តីទទួលបន្ទុកកិច្ចការ អាជ្ញាសាលា និងមានការចូលរួមពីអាជ្ញាធរ និងសមត្ថកិច្ចខណ្ឌសែនសុខ ចុះអនុវត្តន៍សាលដីកាប្រគល់ដីនោះឲ្យពួកគាត់។

បន្ទាប់ពីទទួលបានដី តំណាងប្រជាពលរដ្ឋ ក៏បានធ្វើបណ្ណកម្មសិទ្ធិព្រមទាំងបែងដីម្នាក់ៗ ទទួលបានទំហំ ៤ម៉ែត្រគុណ ១៨ម៉េត្រ។ ដោយសារតែពួកគាត់ពុំមានលទ្ធភាពសាងសង់អភិវឌ្ឍន៍ដីនោះ ប្រជាពលរដ្ឋ ចំនួន១៦១គ្រួសារ ក៏បានឯកភាពគ្នាលក់ទៅឲ្យលោក បាញ់ អ៊ុយតា និងលោកគឹម ស៊ូប៊ុតជាតំណាង។

នៅសល់តែ ២គ្រួសារ គីលោកស្រី ជា សារ៉ុម និងលោកស្រី ទូច គន្ធី ដែលមានចំណែកនៅខាងកើតមិនបានលក់ ហើយបានបន្តរស់នៅលើរោងរបស់ពួកគាត់នៅផ្នែកខាងលិច លើដីនោះ ព្រមរារាំងក្រុមហ៊ុនមិនឲ្យធ្វើរបង។

តំណាងប្រជាពលរដ្ឋ បានឲ្យដឹងទៀតថា ការធ្វើសន្និសីទកាសែតនៅពេលនេះ ក៏ដើម្បីថ្លែងអំណអរគុណ និងជូនដំណឹងដល់ថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់ និងអាជ្ញាធរ ហើយសំណុំរឿង ទំនាស់ដីធ្លីរបស់ប្រជាពលរដ្ឋ ១៦៣គ្រួសារបានបញ្ចប់ហើយ។

ចំណែកបុគ្គល២នាក់ ដែលមានចំណែកដីហើយមិនលក់ ហើយបន្តរស់នៅលើដីរបស់ក្រុមហ៊ុនវាជារឿងបុគ្គលដែលប្រព្រឹត្តបទល្មើស ហើយពេលនេះក្រុមហ៊ុនប្តឹងទៅតុលាការ ចាត់ការតាមច្បាប់។

គួរបញ្ជាក់ថា ដីទំនាស់នោះមានទំហំ ១០៧៥០ម៉ែត្រការ៉េ ដែលបានប្តឹងផ្តល់គ្នាប្រមាណ ១៥ឆ្នាំមកហើយ ហើយប្រជាពលរដ្ឋ ១៦៣គ្រួសារជាអ្នកឈ្នះក្តី។ គេនៅចាំបានថា កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨ ជាថ្ងៃអនុវត្តសាលដីកា ប្រគល់ដីជួនប្រជាពលរដ្ឋនោះវិញ។

យ៉ាងណាក៏ដោយភ្នាក់ងារព័ត៌មាន Fresh News មិនទាន់សុំការបកស្រាយពីភាគីបុគ្គលទាំង២ នាក់នោះបានទេនៅរសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩នេះ៕