(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩នេះ បានបន្ដអំពាវនាវដល់ម្ចាស់ផ្ទះ និងបន្ទប់ជួលទាំងអស់ សូមកុំដំឡើងថ្លៃ ហើយប្រសិនជាឡើងថ្លៃ សូមកុំឲ្យលើសពី២ដុល្លារ ព្រោះថា ប្រាក់ខែរបស់កម្មករ-កម្មការិនី ឡើងបានត្រឹមតែ៨ដុល្លារប៉ុណ្ណោះ។
ការបន្ដអំពាវនាវយ៉ាងដូច្នេះ បានធ្វើឡើងក្នុងឱកាសដែល សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចែកវិញ្ញាបនបត្រ និងសញ្ញាបត្រជូនសិស្ស «ប៊ែលធី អន្តរជាតិ» ថ្នាក់វិជ្ជាជីវៈគរុកោសល្យ និងនិស្សិតបញ្ចប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ សរុប១,១៨៣នាក់ ក្នុងនោះនារី ៦៣៥នាក់ ដែលរៀបចំធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩នេះ។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «អ្វីដែលខ្ញុំចង់អំពាវនាវនៅទីនេះ សូមឲ្យម្ចាស់ផ្ទះឈ្នួលទាំងឡាយ មេត្ដាកុំដំឡើងថ្លៃជុ្រលហួស...កាលពីឆ្នាំ២០១៧ ខ្ញុំបានស្នើសុំម្ដងហើយ កុំដំឡើងថ្លៃផ្ទះ នៅឆ្នាំ២០១៨ ឥលូវជាថ្មីម្ដងទៀត បើសិនជាឡើង សូមកុំឲ្យលើស២ដុល្លារ ក្នុងមួយបន្ទប់»។
សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា ទន្ទឹមនឹងការដំឡើងថ្លៃប្រាក់ឈ្នួលរបស់កម្មករ និយោជិត គឺត្រូវរឹតត្បិតតម្លៃទំនិញលើទីផ្សារកុំឲ្យឡើងខ្ពស់ ពោលរក្សាតម្លៃម៉ាក្រូសេដ្ឋកិច្ចឲ្យបានល្អ។
សម្ដេចតេជោ បានថ្លែងថា ឥលូវនេះជិតដល់ទឹកស្រក បន្លែបង្ការ តំបន់ដែលធ្លាប់តែលិចលង់ ត្រូវបានដាំដុះឡើងវិញ ការផ្គប់ផ្គង់លើទីផ្សារ ក៏មានភាពប្រសើរ ជាមួយនឹងជំងឺប៉េស្ដ្រជ្រូកអាហ្វ្រិកត្រូវបានបញ្ចប់ ប្រជាពលរដ្ឋ ក៏ទទួលទានសាច់ជ្រូកឡើងវិញ។
សម្ដេចតេជោ ហ៊ុន សែន បន្ដថា បន្ដិចទៀតរដូវបិទនេសាទក៏ត្រូវបិទបញ្ចប់ ដូច្នេះធ្វើឲ្យចំនួនម្ហូបអាហារនៅលើទីផ្សារ មានស្ថេរភាព នោះហើយជាចំណុចដែលយើងចង់បាន រក្សាស្ថេរភាពម៉ាក្រូសេដ្ឋកិច្ចឲ្យបានល្អបំផុត ដើម្បីឲ្យការតម្លើងប្រាក់បៀវត្ស សម្រាប់ក្នុងវិស័យឯកជន ក៏ដូចជាផ្នែករដ្ឋ រក្សានូវកម្លាំងទិញពិតប្រាកដ។
ជាមួយគ្នានោះ នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក៏ណែនាំទៅកាន់ លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ ត្រូវសហការជាមួយអាជ្ញាធរក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត ធ្វើការជាមួយម្ចាស់ផ្ទះ ម្ចាស់បន្ទប់ជួលកុំឲ្យដំឡើងថ្លៃ ជាពិសេសតម្លៃភ្លើង-តម្លៃទឹក សម្រាប់កម្មករ ក៏ត្រូវតែពិនិត្យឲ្យបានជាប់លាប់៕