(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបង្ហាញលទ្ធផលជំនួបរវាងលោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ជាមួយគណៈប្រតិភូក្រុមប្រឹក្សាអ្នកដឹកនាំនយោបាយវ័យក្មេងមកពីសហរដ្ឋអាមេរិក (ACYPL) ស្តីពី «ពីកម្ពុជាមួយដែលចេញពីសង្គមខ្ទេចខ្ទាំ មកការរៀបចំការបោះឆ្នោតដោយខ្លួនឯង»។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ គ.ជ.ប ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩នេះ។
បើតាមសេចក្តីជូនដំណឹងរបស់ គ.ជ.ប បានឱ្យដឹងថា មុននឹងជម្រាបជូន ACYPL ពីការបោះឆ្នោតនៅកម្ពុជា ប្រធាន គ.ជ.ប បានរំលឹករឿងមួយជាដំបូង ដែលគ្មានមនុស្សជាតិណាបានស្គាល់ ក្រៅពីកម្ពុជា ដល់អ្នកដឹកនាំនយោបាយវ័យក្មេងដែលមានអាយុក្រោម ៤០ឆ្នាំ។
ប្រធាន គ.ជ.ប បានថ្លែងថា បន្ទាប់ពីជ័យជំនះ ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ មេដឹកនាំខ្មែរក្រហម ប៉ុល ពត បានធ្វើសន្និបាតពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ១៩៧៥ ដើម្បីដាក់ចេញនូវគោលនយោបាយដឹកនាំចំនួន ៨ចំណុចជាបន្តបន្ទាប់ដូចខាងក្រោម៖
*ទី១៖ ជម្លៀសប្រជាជនចេញពីទីក្រុងទាំងអស់ លុបបំបាត់ផ្សារ លុបបំបាត់រូបិយប័ណ្ណរបស់របបលន់ នល់ (មិនមានការចាយលុយ)
*ទី២៖ ផ្សឹកព្រះសង្ឃដែលកាន់ព្រះពុទ្ធសាសនាទាំងអស់ ហើយឱ្យទៅធ្វើស្រែ
*ទី៣៖ ប្រហារជីវិតមេដឹកនាំរបប លន់ នល់ ទាំងអស់
*ទី៤៖ បង្កើតសហករណ៍កម្រិតខ្ពស់នានាទូទាំងប្រទេសដោយធ្វើការហូបបាយរួម
*ទី៥៖ បណ្តេញជនជាតិវៀតណាមឱ្យអស់ពីស្រុកខ្មែរ
*ទី៦៖ បញ្ជូនទ័ពទៅតាមព្រំប្រទល់នានា ពិសេសព្រំដែន វៀតណាម ដើម្បីបង្កអរិយភាពជា មួយប្រទេសជិតខាង
*ទី៧៖ លុបបំបាត់សាលារៀន និងមន្ទីរពេទ្យទូទាំងប្រទេស
*ទី៨៖ ដកឬសមែកធាងគិញរបស់បរទេសទាំងអស់ (ឱ្យតែសង្ស័យថាជាពួក CIA ឬ KGB ត្រូវសម្លាប់ចោលទាំងអស់)។
គោលនយោបាយទាំង ៨ចំណុចនេះ របបខ្មែរក្រហមបានធ្វើឱ្យប្រទេសកម្ពុជាធ្លាក់ដល់ចំណុចសូន្យមនុស្សរាប់លាននាក់ត្រូវបានសម្លាប់ បងមិនស្គាល់ប្អូន កូនមិនស្គាល់ឪពុក រហូតដល់សម្លាប់សាច់ញាតិក្នុងគ្រសារខ្លួនឯង ហើយប្រជាជនខ្មែរមួយចំនួនលែងចង់រស់ជាមនុស្សតទៅទៀត ដោយបញ្ចប់ជីវិតមរះការធ្វើអត្តឃាត។
តើអស់លោកជាអ្នកដឹកនាំនយោបាយបាយវ័យក្មេងធ្លាប់បានឮបានឃើញសង្គមបែបនេះទេ ដែលប្រជាជនខ្មែរ ត្រូវបានហាមឃាត់ «មានមាត់មិនឱ្យនិយាយ មានត្រចៀកមិនឱ្យស្តាប់ មានភ្នែកមិនឱ្យមើល»។ ក្រោយថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ វិទ្យាល័យនៅសល់ចំនួន១ ហើយអ្នកច្បាប់ដែលនៅរស់រានមានជីវិត នៅសល់តែ ៦នាក់ បូករួមនឹងរូបខ្ញុំផង ដែលខ្ញុំជាតំណាងរាស្រ្តតាំងពីអាយុ ២៧ឆ្នាំ និងជាប្រធាន
គណៈកម្មាធិការនីតិកម្មនៃរដ្ឋសភា។ អញ្ចឹងហើយបានជាមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ហើយ អ៊ុន តាក់ បានរៀបចំការបោះឆ្នោតលើកទី១ នៅកម្ពុជានៅឆ្នាំ១៩៩៣ ប៉ុន្តែនៅទីបំផុតអ្វីៗត្រូវបានបញ្ចប់ដោយខ្មែរខ្លួនឯង៕
ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មាន របស់ គ.ជ.ប៖