(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា មានកត្តា៤យ៉ាង ដែលនាំឱ្យប្រជាពលរដ្ឋ បានទៅធ្វើបុណ្យធ្វើទាន ក៏ដូចជាដើរលេងកម្សាន្ត ទៅតាមគ្រប់ទីកន្លែងនានាទូទាំងប្រទេស នៅក្នុងកំលុងបុណ្យភ្ជុំបិណ្ឌ។
ថ្លែងក្នុងឱកាសអញ្ជើញចែកវិញ្ញាបនបត្រ និងសញ្ញាបត្រជូននិស្សិត ប៊ែលធីអន្តរជាតិ ជាង១ពាន់នាក់ នៅព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា កត្តាទាំង៤នោះ រួមមាន៖ សុខសន្តិភាព, ហេដ្ឋារចនាសម្ព័ន្ធ, ប្រជាពលរដ្ឋមានមធ្យោបាយធ្វើដំណើរ និងកត្តាប្រាក់ចំណូលរបស់ប្រជាពលរដ្ឋសមរម្យ។
ប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជា បន្តថា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ធ្វើឱ្យរាជធានីភ្នំពេញស្ងប់ស្ងាត់ ដោយសារប្រជាពលរដ្ឋ ចេញទៅតាមបណ្តាខេត្ត។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំទៅវត្តវាំងចាស់ ខ្ញុំជិះកាត់ពីតាខ្មៅទៅដល់វត្តភ្នំ ខ្ញុំជួបឡានមិនដល់១០០គ្រឿងទេ គឺស្ងាត់ទីក្រុងភ្នំពេញ ដោយសារប្រជាពលរដ្ឋ របស់យើងចេញទៅលេងក្រៅ (ភ្នំពេញ)។ ខ្ញុំនៅតែកត់សម្គាល់ឃើញថា មានចំណុច៤ ដែលធ្វើឱ្យប្រជាជនរបស់យើង អាចធ្វើបុណ្យធ្វើទាន អាចទៅលេងស្រុកកំណើត និងទៅលេងកន្លែងដទៃៗ នៅក្នុងឱកាសចូលឆ្នាំ ឬភ្ជុំបិណ្ឌកន្លងទៅ»។
បើតាមសម្តេចតេជោនាយករដ្ឋមន្ត្រី កត្តាទី១ គឺសុខសន្តិភាព។ សម្តេចថ្លែងថា គ្មានទីកន្លែងណាមួយអសន្តិសុខ សម្រាប់ប្រទេសរបស់យើងនោះទេ ដូច្នេះគ្រប់វត្តអារាម គ្រប់ទីកន្លែង នៃតំបន់ទេសចរណ៍ រមណីយដ្ឋាន សុទ្ធតែអាចទៅលេងបានទាំងអស់។
សម្តេចបន្តថា «នេះហើយជាតម្លៃពិត នៃសុខសន្តិភាព។ កាលពីមុន ប្រទេសរបស់យើងជួបជាមួយនឹងសង្គ្រាម បែងចែកខណ្ឌគ្នាពីតំបន់មួយទៅតំបន់មួយ ដោយកម្លាំងប្រដាប់អាវុធប្រឈមមុខដាក់គ្នា ឬចម្ការមីន ក៏ប៉ុន្តែពេលនេះសន្តិភាព គ្រប់ដណ្តប់លើផ្ទៃប្រទេសទាំងអស់ ដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋ ធ្វើបុណ្យធ្វើទានបាន។ ប្រវត្តិសាស្រ្ត ត្រូវចងចាំថាប្រទេសរបស់យើងបែកបាក់ ទៅជាចម្រៀកៗ សមាហរណកម្មចុងក្រោយរបស់យើង តាមរយៈនយោបាយឈ្នះ-ឈ្នះ ១៩៩៨ ដែលយើងកំណត់ថា ជាថ្ងៃបញ្ចប់សង្គ្រាម»។
សម្តេចថ្លែងទៀតថា កត្តាសុខសន្តិភាពនេះ ត្រូវរួមគ្នាថែ បើថែមិនបានទេកុំនិយាយពីសិទ្ធិមនុស្ស កុំនិយាយពីប្រជាធិបតេយ្យ កុំនិយាយពីការអភិវឌ្ឍ។ គ្រាប់កាំភ្លើង មិនដែលស្គាល់ពីប្រជាធិបតេយ្យ មិនដែលស្គាល់សិទ្ធិមនុស្សទេ គឺកត្តាសន្តិភាពនេះហើយ ដែលផ្តល់ឱកាសឱ្យយើងបានដើរលេង។
កត្តាទី២ គឺកត្តាហេដ្ឋរចនាសម្ព័ន្ធតភ្ជាប់ជារូបវ័ន្ត។ សម្តេចតេជោ ហ៊ុន សែន ថ្លែងបន្តទៀតថា ទោះបីមានសន្តិភាពក៏ដោយ ក៏ប៉ុន្តែប្រជាពលរដ្ឋរបស់យើង ទៅលេងស្រុកពិបាក ដោយសារពុំមានស្ពាន ពុំមានផ្លូវគ្រប់គ្រាន់។ គិតត្រឹមឆ្នាំ២០០១ និង២០០២ ប្រជាជនយើងអត់បានធ្វើដំណើរទៅស្រុក ទាំងគ្រួសារ ទាំងគ្រួសារអញ្ចឹងទេ។
សម្រាប់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ជារឿងសំខាន់ណាស់ផងដែរ។ សម្តេចតេជោ បញ្ជាក់ថា បើមានសុខសន្តិភាព តែហេដ្ឋារចនាសម្ព័ន្ធមិនត្រូវបានតភ្ជាប់ទេនោះ ក៏មិនអាចអនុញ្ញាតឱ្យប្រជាពលរដ្ឋ ធ្វើដំណើរបានស្រួលនោះឡើយ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បំណងប្រាថ្នារបស់សម្តេច គឺការតភ្ជាប់ផ្លូវតាមព្រំដែនថៃ ដោយតភ្ជាប់ពីសំឡូត ខេត្តបាត់ដំបង មកកាន់ខេត្តកោះកុង ដែលគ្រោងបើកការដ្ឋាននាពេលឆាប់ៗខាងមុខនេះ។
កត្តាទី៣ គឺប្រជាពលរដ្ឋមានមធ្យោបាយធ្វើដំណើរ ហើយមធ្យោបាយធ្វើដំណើរច្រើនជាងមុន។ សម្តេចថ្លែងថា ឥឡូវប្រជាជនធ្វើដំណើរដោយមធ្យោបាយខ្លួនឯង និងធ្វើដំណើរដោយមធ្យោបាយរបស់ឯកជន កាន់តែមានច្រើនជាងមុន។
កត្តាទី៤ គឺប្រាក់ចំណូល ដែលប្រជាជនទទួលបាន។ សម្តេចគូសបញ្ជាក់ថា បើប្រជាជនគ្មានប្រាក់ចំណូលទេ ក៏មិនអាចនឹងធ្វើដំណើរបានដែរ។ ប្រជាពលរដ្ឋ កម្មករ កម្មការិនីរបស់យើង មានប្រាក់ចំណូល ប្រជាកសិករយើង មានប្រាក់ចំណូលដើម្បីធ្វើបុណ្យ ធ្វើទាន ដូច្នេះបានជានៅតាមទីអារាមនានា គឺបានធ្វើបុណ្យធ្វើទានគ្រប់ទីអារាម៕