(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ពីថ្ងៃទី០៤ ដល់ថ្ងៃទី ០៥ ខែតុលា ឆ្នាំ២០១៩ ខាងមុខនេះ។ នេះបើតាមការប្រកាសរបស់ក្រសួងការបរទេស។
ទស្សនកិច្ចនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ លោក ង្វៀន សួនហ្វ៊ុក (Nguyen Xuan Phuc) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
អញ្ជើញអមដំណើរ សម្តេចតេជោនាយករដ្ឋមន្រ្តី រួមមាន សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការពារជាតិ, ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, លោក វ៉ា គឹមហុង ទេសរដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរជាតិទទួល បន្ទុកកិច្ចការព្រំដែន , លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម, លោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល និង លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ព្រមទាំងឥស្សរជនជាន់ខ្ពស់នៃរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំធុរកិច្ចនៃសភាពាណិជ្ជកម្មកម្ពុជាផងដែរ។
តាមការប្រកាសរបស់ក្រសួងការបរទេស, ក្នុងអំឡុងពេលទស្សនកិច្ច សម្តេចតេជោ ហ៊ុន សែន នឹងចូលជួបសម្តែងការគួរសមដាច់ ដោយឡែកពីគ្នាជាមួយ លោក ង្វៀន ហ្វ៊ូ ជុង (Nguyen Phu Trong) អគ្គលេខាធិការបក្ស និងជាប្រធានរដ្ឋវៀតណាម និងលោកស្រី ង្វៀន ធី គីម ងិន (Nguyen Thi Kim Ngan) ប្រធានរដ្ឋសភាវៀតណាម។
សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងជួបពិភាក្សាទ្វេភាគីជាមួយសមភាគីវៀតណាម លោក ង្វៀន សួនហ៊្វុក ដែលនៅក្នុងឱកាសនោះ នាយករដ្ឋមន្រ្តីទាំងពីរ នឹងពិភាក្សាលើបញ្ហានានាពាក់ព័ន្ធនឹង កិច្ចសហប្រតិបត្តិការទ្វេភាគី តំបន់ និងអន្តរជាតិ ដែលមានផលប្រយោជន៍ទៅវិញទៅមក និងការ បារម្ភរួមគ្នា។ ក្រោយកិច្ចប្រជុំ នាយករដ្ឋមន្រ្តីទាំងពីរ នឹងអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើ ឯកសារមួយចំនួន ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី។
នាយករដ្ឋមន្រ្តីទាំងពីរ នឹងចូលរួមថ្លែងសុន្ទរកថា បើកសន្និសីទស្តីពីការជំរុញវិនិយោគ និង ពាណិជ្ជកម្មកម្ពុជា-វៀតណាម នៅរសៀលថ្ងៃទី ៤ តុលា។ នៅថ្ងៃទីពីរនៃទស្សនកិច្ច នាយករដ្ឋមន្រ្តី ទាំងពីរ នឹងចូលរួមជាអធិបតីក្នុងសន្និសីទបូកសរុបការងារខ័ណ្ឌសីមា និងបោះបង្គោលព្រំដែន ដែលរំពឹងថា នឹងបញ្ចប់ដោយការចុះហត្ថលេខាលើឯកសារច្បាប់ចំនួនពីរ ដើម្បីទទួលស្គាល់លទ្ធផលការងារខ័ណ្ឌសីមា ព្រំដែន ៨៤% ដែលសម្រេចបាន។
ក្នុងអំឡុងពេលស្នាក់នៅទីក្រុងហាណូយ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងអញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាក្ខន្ធ នៅវិមានអនុស្សាវរីយ៍បុព្វបុរសនិងយុទ្ធជនពាលី និងនៅវិមានតម្កល់សពលោកហូជីមិញ៕
ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ក្រសួងការបរទេស៖