(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវទៅកាន់ថ្នាក់ដឹកនាំ និងសកម្មជនគណបក្សប្រជាជនទាំងអស់ ត្រូវរៀបចំ និងធានាឱ្យបានថាមានអំបុកហូបគ្រប់គ្នា នៅថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០១៩ ហើយការចូលរួមហូបអំបុកចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១២ វិច្ឆិកា ដើម្បីចូលរួមការពារជាតិ សាសនា និងព្រះមហាក្សត្រ។
ការអំពាវនាវបែបនេះ ត្រូវបានប្រកាសក្នុងឱកាសដែលសម្តេចតេជោ ហ៊ុន សែន អញ្ជើញវិញ្ញាបនបត្រ និងសញ្ញាបត្រជូនសិស្សថ្នាក់វិជ្ជាជីវៈគរុកោសល្យ និងនិស្សិតបញ្ចប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់សរុប ១,១៨៣នាក់ ក្នុងនោះនារី ៦៣៥នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាថ្ងៃពុធ ៤កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩នេះ។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះថា៖ «អញ្ចឹងខ្ញុំសូមប្រកាសអំពាវនាវ អ្នកគាំទ្ររាជរដ្ឋាភិបាល គាំទ្រគណបក្សប្រជាជនកម្ពុជា ហើយរចនាសម្ព័ន្ធរបស់គណប្រជាជនទាំងអស់ចាត់ចែង ធ្វើអំបុករៀបចំពីឥឡូវ ធ្វើយ៉ាងម៉េចឱ្យមានអំបុកស៊ីគ្រប់គ្នា»។
ជាមួយគ្នានឹងការអំពាវនាវដល់ថ្នាក់ដឹកនាំ និងអ្នកគាំទ្រខ្លួនឱ្យហូបអំបុកទាំងអស់គ្នានេះ សម្តេចយេជោ ហ៊ុន សែន ក៏មិនភ្លេចក្រើនរំលឹកអ្នករៀបចំ និងអ្នកហូបអំបុកទាំងអស់ ត្រូវធ្វើយ៉ាងណារៀបចំពិធីនេះ ឱ្យចំអត្ថន័យ គឺអំបុក «ការពារជាតិ សាសនា ព្រះមហាក្សត្រ» ហើយនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ ដែលជាថ្ងៃបុណ្យឯករាជ្យជាតិ ហើយបន្តរហូតមកដល់បុណ្យអុំទូក អកអំបុក និងសំពះព្រះខែនោះ គឺយើងយកថ្ងៃនោះជាថ្ងៃ ហូបអំបុកទាំងអស់គ្នាទូទាំងប្រទេស។
នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានមានប្រសាសន៍បន្តថា ដូច្នេះ សូមប្រជាពលរដ្ឋខ្មែរទាំងអស់ ត្រូវត្រៀមខ្លួនអបអរសាទរពិធីបុណ្យជាតិ ៩ វិច្ឆិកា ឆ្នាំ២០១៩នេះ ជាមួយនឹងពិធីបុណ្យអ៊ុទូក ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែវិច្ឆិកា ហើយសូមចូលរួមទទួលទានអំបុក ដើម្បីការពារជាតិ សាសនា និងព្រះមហាក្សត្រ។
ទន្ទឹមនឹងការប្រកាសបែបនោះ សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ៗថា រាល់ទង្វើណាមួយក៏ដោយ ដែលគាំទ្រដល់ការធ្វើរដ្ឋប្រហារផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់ គឺជាទង្វើខុសច្បាប់នឹងត្រូវផ្តន្ទាទោសតាមផ្លូវច្បាប់ និងមិនអាចអោតឱនឱ្យបានជាដាច់ខាត ចំពោះបុគ្គលទាំងឡាយណា ដែលបានចូលរួមជាមួយការអំពាវនាវរបស់ក្រុមប្រឆាំងក្រៅច្បាប់។ ថ្ងៃ០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ ក៏ចំនឹងថ្ងៃកំណត់ដែលទណ្ឌិត សម រង្ស៉ី ប្រកាសវិលចូលប្រទេសកម្ពុជាវិញផងដែរ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី០៩ ខែមិថុនា កន្លងទៅ សម្តេចតេជោ ហ៊ុន សែន ក៏បានដាក់ចេញនូវយុទ្ធនាការទទួលទាននំបញ្ចុកទូទាំងប្រទេសផងដែរ ដើម្បីចូលរួមលើកកម្ពស់ផលិតផលខ្មែរ ដោយក្នុងនោះមាន មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ បណ្តាគណបក្សនយោបាយ សិស្ស និស្សិត និងប្រជាពលរដ្ឋជាច្រើន បានចូលរួមទទួលទាននំបញ្ចុកនេះ៕