(ភ្នំពេញ)៖ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២ ខែតុលានេះ បានថ្លែងកោតសរសើរ ដល់ដល់អាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ដែលបានការពារសណ្តាប់ធ្នាប់ សុខសុវត្ថិភាពបានយ៉ាងល្អ ជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។

ការកោតសរសើរបែបនេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលសម្តេច បានអញ្ជើញវិញ្ញាបនបត្រ និងសញ្ញាបត្រជូនសិស្សថ្នាក់វិជ្ជាជីវៈគរុកោសល្យ និងនិស្សិតបញ្ចប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់សរុប ១,១៨៣នាក់ ក្នុងនោះនារី ៦៣៥នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំព្រះករុណា ខ្ញុំសូមថ្លែងនូវការកោតសរសើរ ចំពោះអាជ្ញាធររាជធានី-ខេត្តទាំងអស់ និងកម្លាំងប្រដាប់អាវុធ ដែលបានការពារសណ្តាប់ធ្នាប់ យ៉ាងល្អប្រសើរសម្រាប់ការចូលរួមរបស់ប្រជាជន ក្នុងពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ក្នុងរយៈពេលកន្លងទៅ»។

នៅក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តថា ក្នុងនាមរាជរដ្ឋាភិបាលពិតជាមានមោទនភាពយ៉ាងខ្លាំង ដែលអាជ្ញាធរទាំងអស់បានធ្វើកិច្ចការទាំងនេះ ឱ្យទទួលបានភាពជោគជ័យ ជាពិសេសសូមកោតសរសើរដល់សាលារាជធានីភ្នំពេញ ដែលដឹកនាំដោយលោក ឃួង ស្រេង ដែលបានបញ្ចេញរថយន្តក្រុងចំនួន១២០គ្រឿង សម្រាប់ដឹកជញ្ជូនប្រជាជនទាំងទៅស្រុកកំណើត និងត្រឡប់មកវិញជាង២,៣០០០នាក់ ដែលមិនតម្រូវឱ្យបង់ថ្លៃសេវា ផងដែរ។

បន្ថែមពីនេះ នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានរំលឹកផងដែរថា តាមរយៈការបញ្ចេញរថយន្តរដ្ឋឱ្យប្រជាពលរដ្ឋជិះ ទៅលេងស្រុកកំណើត នៅរដូវបុណ្យទាននេះ បានធ្វើឱ្យប៉ុន្មានឆ្នាំចុងក្រោយនេះ បានធ្វើឱ្យការរអ៊ូររទាំពីការឡើងថ្លៃសេវាដឹកជញ្ជូន តាមរយៈរថយន្តឈ្នួល ត្រូវបានបានបន្ថយផងដែរ។ ដូច្នេះ ហើយតាមរយៈយុទ្ធសាស្ត្រនេះ បានចូលចំណែកមួយចំនួនក្នុងការកាត់បន្ថយថ្លៃចំណាយរបស់កម្មករ កម្មការិនី ក៏ដូចជាប្រជាពលរដ្ឋលើថ្លៃចំណាយជិះរថយន្តឈ្នួលបានមួយចំណែក ទន្ទឹមនឹងក្នុង១ឆ្នាំ រដ្ឋភិបាលបានបញ្ចេញរថយន្តក្រុងសាធារណៈចំនួន២ដង គឺពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ និងពិធីបុណ្យភ្ជុំបិណ្ឌ ដែលទើបនឹងបញ្ចប់ទៅប៉ុន្មានថ្ងៃនេះ។

បន្ថែមពីនេះ ក្រៅពីរថយន្តក្រុងសាធារណៈរដ្ឋ ក៏មានរថភ្លើងទាំងពីរទិស (ភ្នំពេញ-ក្រុងព្រះសីហុ- (ក្រុងព្រះសីហនុ-ភ្នំពេញ) និង (ភ្នំពេញ-ពោធិ៍សាត់-បាត់ដំបង-ប៉ោយប៉ែត) ត្រូវបានបញ្ចេញជិះក្នុងឱកាសនោះដោយមិនតម្រូវឱ្យប្រជាពរដ្ឋ កម្មករ កម្មការិនីបងើថ្លៃសេវានោះទេ គឺធ្វើយ៉ាងដើម្បីសម្រួលនូវការលំបាកនានាដល់ប្រជាពលរដ្ឋនៅក្នុងឱកាសពិធីបិណ្យទាន និងថ្ងៃឈប់សម្រាក។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌធ្វើឱ្យរាជធានីភ្នំពេញ ស្ងប់ស្ងាត់ដោយសារប្រជាពលរដ្ឋចេញ ទៅតាមបណ្តាខេត្តនានាផងដែរ។ ដូច្នេះ មានចំណុច៤យ៉ាង ទី១៖ កត្តាសុខសន្តិភាព គឺពិតជាមានតម្លៃខ្លាំងណាស់ក្នុងការផ្តល់ឱកាស ឱ្យបងប្អូនប្រជាពលរដ្ឋ បានដើរកម្សាន្តគ្រប់ទីកន្លែង, ទី២៖ កម្ពុជាមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ ដូចជាផ្លូវធ្វើដំណើរ ស្ពានឆ្លងកាត់ទន្លេ ទាំងទីក្រុង និងជនបទ, ទីទី៣៖ គឺប្រជាពលរដ្ឋយើងមានមធ្យោបាយធ្វើដំណើរ គ្រប់ៗគ្នា ដែលយ៉ាងហោចណាស់ក៏មានត្រឹមម៉ូតូផងដែរ និងទី៤៖ គឺប្រាក់ចំណូលរបស់បងប្អូនប្រជាពលរដ្ឋកាន់តែមានកំណើន ជាពិសេសប្រាក់ខែមន្ត្រីរាជការយើងក៏ត្រូវបានតម្លើងជាបន្តបន្ទាប់៕