(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩នេះ បានផ្តល់អនុសាសន៍ដល់លោក លី ឆេង អគ្គនាយកសាលាប៊ែលធីគ្រុប និងជាសាកលវិទ្យាធិការ សាកលវិទ្យាល័យ ប៊ែលធីអន្តរជាតិ ឲ្យពិចារណាបង្កើតការសិក្សាថ្នាក់ «ជំនាន់ថ្មី» ដូចដែលក្រសួងអប់រំ យុវជននិងកីឡា កំពុងចាប់ផ្ដើមរៀបចំ។

ការផ្ដល់អនុសាសន៍ របស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសដែលសម្ដេច អញ្ជើញចែកវិញ្ញាបនបត្រ និងសញ្ញាបត្រជូនសិស្ស «ប៊ែលធី អន្តរជាតិ» ថ្នាក់វិជ្ជាជីវៈគរុកោសល្យ និងនិស្សិតបញ្ចប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ សរុប១,១៨៣នាក់ ក្នុងនោះនារី ៦៣៥នាក់ ដែលរៀបចំធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩នេះ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «តើសាលាប៊ែលធី គួរចាប់ផ្ដើមរៀបចំ ផ្នែកណាមួយសាកល្បង ឲ្យទៅជាសាលារៀនបែបជំនាន់ថ្មី ដូចក្រសួងអប់រំ ដែលគេបានធ្វើ...នេះគ្រាន់តែជាការផ្ដល់អនុសាសន៍ទេ ព្រោះនេះ ជាវិទ្យាសាស្ដ្រអប់រំ ដើម្បីស្រាវជ្រាវជាបន្ដបន្ទាប់ ហើយក៏បានចូលមកប្រទេសកម្ពុជា មានវិទ្យាល័យមួយចំនួនហើយ តែនៅទីក្រុងភ្នំពេញមានតែមួយទេ គឺវិទ្យាល័យព្រះស៊ីសុវត្ថិ»

សម្ដេចតេជោ បានបន្ថែមទៀតថា «តើយើងអាចទៅរួច ឬក៏ទៅមិនរួច ក៏ប៉ុន្ដែខ្ញុំគិតថា ប៊ែលធីមិនមែនទៅមិនរួចទេ បើសិនបើយើងចង់ធ្វើនោះ»

នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក៏បានលើកឡើងផងដែរថា ទោះបីប្រទេសកម្ពុជា ត្រូវបានគេប្រមាថ ហើយអ្នកដែលប្រមាថកម្ពុជា គឺគ្មានអ្នកណាក្រៅពីជាតិសាសន៍ខ្លួនឯង ដែលដើរប្រមាថនោះទេ អំពីប្រព័ន្ធអប់រំកម្ពុជា យើងទទួលយកថា យើងស្ថិតនៅក្នុងកម្រិតអន់ខ្សោយ ដែលយើងកំពុងធ្វើការខិតខំ។

ជាមួយគ្នានោះ សម្ដេចតេជោ បានប្រាប់ឲ្យដឹងថា កាលពីប៉ុន្មានអាទិត្យមុននេះ សម្ដេចបានជួបជាមួយអនុប្រធានធនាគារពិភពលោក សម្ដេចបានប្រាប់អំពីសន្ទុះនៃការអភិវឌ្ឍន៍មូលធនមនុស្ស ដែលកម្ពុជាស្ថិតនៅលំដាប់ក្រោយ ប៉ុន្មានមិនក្រោយជាងគេប៉ុន្មាននោះទេ បើប្រៀបធៀបជាមួយប្រទេសអភិវឌ្ឍន៍។

សម្ដេច ក៏បានប្រាប់អំពីបញ្ហាទាក់ទង ជាមួយការខិតខំរបស់កម្ពុជា បើប្រៀបធៀបជាមួយប្រទេសនៅលើពិភពលោក ដែលមានជិត២០០ប្រទេស ហើយកម្ពុជានៅលើប្រទេសមីយ៉ាម៉ា ប៉ុន្ដែកម្ពុជាទាបជាងឡាវបន្ដិច តាមការដាក់ពិន្ទុ របស់ធនាគារពិភពលោក។

សម្ដេចតេជោ ហ៊ុន សែន ទទួលស្គាល់ថា ការអប់រំនៅកម្ពុជា នៅមានកម្រិត តែមិនក្រោយគេខ្លាំងណាស់ណានោះទេ ហើយកម្ពុជាក៏កំពុងប្រឹងប្រែងអភិវឌ្ឍន៍លើការអប់រំនេះ។ សម្តេចតេជោ បានថ្លែងថា ក្រោយឆ្នាំ១៩៧៩ កម្ពុជាធនធានមនុស្សកម្រិតឧត្តមសិក្សាប្រមាណ ១០០នាក់ប៉ុណ្ណោះ។

គូសបញ្ជាក់ថា សាលារៀនជំនាន់ថ្មី គឺជាកម្មវិធីសិក្សាថ្មីមួយ ដែលក្រសួងអប់រំ បានដាក់ឱ្យអនុវត្តន៍ក្នុងដំណាក់កាលសាកល្បងនៅឆ្នាំ២០១៥ ដោយការអនុវត្តន៍នេះ គឺធ្វើទាំងថ្នាក់បឋម និងថ្នាក់មធ្យមសិក្សាផងដែរ ក្នុងបំណងធ្វើឲ្យការអប់រំនៅកម្ពុជាកាន់តែល្អប្រសើរ ដូចទៅនឹងប្រទេសមួយចំនួននៅក្នុងតំបន់ និងលើពិភពលោក។ បច្ចុប្បន្នមានសាលាចំនួន១០ហើយ កំពុងដាក់ឱ្យអនុវត្តកម្មវិធីសិក្សាសាលារៀនជំនាន់ថ្មីនេះ។

ក្នុងនោះ សាលាបឋមសិក្សាមានចំនួន៤ និងសាលាមធ្យមសិក្សាមានចំនួន៦។ សាលាទាំងនោះរួមមាន៖ វិទ្យាល័យព្រះស៊ីសុវត្ថិ វិទ្យាល័យហ៊ុនសែនកំពង់ចាម វិទ្យាល័យព្រែកលៀប វិទ្យាល័យសម្តេចជាស៊ីមព្រែកអញ្ចាញ វិទ្យាល័យ ហ៊ុន សែន ពាមជីកង អនុវិទ្យាល័យ គោកព្រីង សាលាបឋមសិក្សា ហ៊ុន សែន កំពង់ចាម សាលាបឋមសិក្សា ព្រះរាជអគ្គមហេសី សាលាបឋមសិក្សាអង្គរបាន និងសាលាបឋមសិក្សាព្រហូត។

កម្មវិធីសិក្សានេះ ត្រូវបានយកចិត្តទុកដាក់ខ្ពស់ លើការបញ្ចូលប្រព័ន្ធបច្ចេកវិទ្យា ទៅក្នុងការអប់រំទាំងអ្នករៀន និងអ្នកបង្រៀន ព្រមទាំងបំពាក់ឧបករណ៍សិក្សាសម្បូរបែបផងដែរ។ ជាពិសេសម៉ោងសិក្សាមានច្រើន ជាងកម្មវិធីសិក្សាចាស់។

កាលពីចុងខែមិថុនា ឆ្នាំ២០១៩កន្លងទៅនេះ វិទ្យាល័យព្រះស៊ីសុវត្ថិ បានដាក់ឲ្យអនុវត្ដន៍កម្មវិធីសិក្សាសាលារៀនជំនាន់ថ្មី និងជាសាលារដ្ឋដំបូងគេបំផុត ដែលបានដាក់ឲ្យប្រើប្រាស់បច្ចេកវិទ្យាទំនើប ស្របតាមគោល នយោបាយសាលារៀនសតវត្សទី២១ គឺកម្មវិធី «Wiki School» ដែលជាប្រព័ន្ធគ្រប់គ្រងសាលារៀន ដែលមានមុខងារ គ្រប់គ្រងព័ត៌មានសិស្ស គ្រូ និងបុគ្គលិកអប់រំរបស់សាលារៀន៕