Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ ហ៊ុន សែន សុំការយោគយល់ពីកម្មករ និយោជិត ក្នុងវិស័យកាត់ដេរដែលប្រាក់ឈ្នួលសម្រាប់ឆ្នាំ២០២០ ឡើងត្រឹម៨ដុល្លារ ពី១៨២ដុល្លារ ដល់១៩០ដុល្លារ (Video inside)

02-10-2019 13:09

(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩នេះ​ បានថ្លែងសុំការយោគយល់ ពីកម្មករ និយោជិតក្នុងវិស័យវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើង ដែលប្រាក់ឈ្នួលអប្បបរមា សម្រាប់ឆ្នាំ២០២០ កើនឡើងត្រឹម៨ដុល្លារ កើនពី១៨២ដុល្លារ ដល់ ១៩០ដុល្លារ។

ប៉ុន្តែទោះជាយ៉ាងណា សម្តេចតេជោ ហ៊ុន សែន លើកឡើងថា កម្រិតប្រាក់ឈ្នួលរបស់កម្ពុជាឡើងដល់១៩០ដុល្លារនេះ គឺខ្ពស់ជាងបណ្តាប្រទេសជាច្រើន។ ដូច្នេះបើដំឡើងខ្ពស់ជាងនេះទៀត អាចនាំឱ្យថៅកែរោងចក្ររើរោងចក្រទៅកាន់ប្រទេសដទៃ ដែលមានប្រាក់ឈ្នួលទាបជាងកម្ពុជា។

ការថ្លែងដូច្នេះរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសអញ្ជើញចែកវិញ្ញាបនបត្រ និងសញ្ញាបត្រជូននិស្សិត ប៊ែលធីអន្តរជាតិ ជាង១ពាន់នាក់ នៅមជ្ឈមណ្ឌល និងពិព័រណ៍កោះពេជ្រ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «សូមអរគុណ និងកោតសរសើរចំពោះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាពិសេសយន្តការត្រីភាគី ដែលបានចរចាអំពីប្រាក់បៀវត្សអប្បបរមា សម្រាប់ឆ្នាំ២០២០ ដែលឡើងពី១៨២ដុល្លារ ដល់ ១៩០ដុល្លារ។ សូមអំពាវនាវចំពោះកម្មករ កម្មការិនី សុំការយោគយល់ ចំពោះការដំឡើងប្រាក់ឈ្នួលនេះ ឡើងបានតែ៨ដុល្លារ ដោយសារប្រទេសជិតខាងរបស់យើង ប្រទេសដែលប្រកួតប្រជែងយើងលើផ្នែកកាត់ដេរ ខ្លះប្រាក់ឈ្នួលនៅទាបជាងយើង អីចឹងខ្លាចរោងចក្ររត់ទៅអស់»

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវដល់ម្ចាស់ផ្ទះ និងបន្ទប់ជួលកុំឱ្យដំឡើងថ្លៃ ហើយបើឡើងថ្លៃកុំឱ្យលើសពី២ដុល្លារ។ សម្តេចតេជោ ហ៊ុន សែន ណែនាំទៅកាន់រដ្ឋមន្ត្រីក្រសួងការងារ លោក អ៉ិត សំហេង សហការជាមួយអាជ្ញាធរក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត ធ្វើការជាមួយម្ចាស់ផ្ទះ ម្ចាស់បន្ទប់ជួលកុំឱ្យដំឡើងថ្លៃ។

សម្តេចតេជោ បានលើកឡើងថា ទន្ទឹមនឹងការដំឡើងថ្លៃប្រាក់ឈ្នួលរបស់កម្មករ និយោជិត គឺត្រូវរឹតត្បិតតម្លៃទំនិញលើទីផ្សារកុំឱ្យឡើងខ្ពស់ ពោលរក្សាតម្លៃម៉ាក្រូសេដ្ឋកិច្ចឱ្យបានល្អ។ ចំណែកឯតម្លៃអគ្គិសនី និងតម្លៃទឹកក៏ត្រូវតែពិនិត្យមើលឲ្យបាន ជាប់លាប់សម្រាប់កម្មករ កម្មការិនីផងដែរ៕