(ភ្នំពេញ)៖ នាយករដ្ឋមន្ដ្រីនៃកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩នេះ បានអំពាវនាវដល់ស្ថានទូតអាមេរិក ឲ្យបញ្ជាក់អំពីកម្រិតសញ្ញាបត្ររបស់កូនប្រុសច្បងសម្ដេច គឺលោកឧត្តមសេនីយ៍ ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ដែលទទួលបានពីសាលាបណ្ឌិតសភាយោធាអាមេរិក West Point ជាសាលាដ៏ល្បីល្បាញមួយរបស់សហរដ្ឋអាមេរិក។
ក្នុងឱកាសអញ្ជើញចែកវិញ្ញាបនបត្រ និងសញ្ញាបត្រជូនសិស្សថ្នាក់វិជ្ជាជីវៈគរុកោសល្យ និងនិស្សិតបញ្ចប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់សរុប ១,១៨៣នាក់ របស់សាកលវិទ្យាល័យ «ប៊ែលធី អន្តរជាតិ» សម្ដេចតេជោ ហ៊ុន សែន ក៏បានឆ្លើយតបទៅលោក អ៊ុ សំអាន ដែលបានងឿងឆ្ងល់រឿងខ្លួន មិនអាចប្រលងជាប់នៅ West Point ដូចលោក ហ៊ុន ម៉ាណែត។
សម្ដេចតេជោ ហ៊ុន សែន ក៏បានជំរុញឲ្យអ្នកដែលមានចម្ងល់លើបញ្ហានេះ ពិសេសក្រុមដែលមាននិន្នាការប្រឆាំង ដឹកនាំដោយទណ្ឌិត សម រង្ស៉ី ផ្ទាល់តែម្ដង ដែលបានមាក់ងាយមកលើកម្រិតសិក្សារបស់ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ត្រូវទៅសួរស្ថានទូតអាមេរិក ឬសាលា West Point ដើម្បីស្រាយនូវចម្ងល់ទាំងអស់នេះ។
សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានមានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំសូមអំពាវនាវទៅស្ថានទូតអាមេរិក មានតែអាមេរិកទេដែលអាចបញ្ជាក់បានថា សញ្ញាបត្រ West Point។ អាលូវអស់ពីលេង ទៅលេងសញ្ញាបត្រ West Point ហើយមានម្នាក់ចេញមកអះអាងទៀតថា គេប្រឡងអត់ជាប់ ឆ្នាំណុងបែរជា ហ៊ុន ម៉ាណែត ប្រឡងជាប់ ចឹងទៅសួរ West Point ទៅ ទៅសួររដ្ឋាភិបាលអាមេរិកទៅ បើរដ្ឋាភិបាលអាមេរិកទទួលយក ហ៊ុន ម៉ាណែត ដោយមិនចាំបាច់ប្រឡង គឺរដ្ឋាភិបាលអាមេរិក ក៏ជារដ្ឋាភិបាលពុករលួយមួយ»។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដោយយោងទៅតាមការបញ្ជាក់របស់ថ្នាក់ដឹកនាំសាលា West Point នៅពេលដែលសម្ដេចធ្លាប់ទៅកាន់ទីនោះថា ក្នុងមួយឆ្នាំ មានកៅអីតែ១០ប៉ុណ្ណោះ សម្រាប់និស្សិតសបរទេស ហើយក្នុងនោះនៅឆ្នាំដែល លោក ហ៊ុន ម៉ាណែត ប្រឡងចូលសាលានេះមាននិស្សិតបរទេស តែ៨នាក់ប៉ុណ្ណោះ។
ឆ្លើយតបទៅនឹងអ្នករិះគន់ និងមាក់ងាយ លើកម្រិតសិក្សារបស់លោក ហ៊ុន ម៉ាណែតនោះ សម្ដេចប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ក៏បានអះអាងថា កូនប្រុសរបស់សម្ដេចគ្មានពេលទៅឆ្លើយឆ្លង ឬតបតជាមួយអ្នកទាំងអស់នោះឡើយ ព្រោះលោកមានការងារជាច្រើនណាស់ ដែលត្រូវធ្វើប្រចាំថ្ងៃដើម្បីបម្រើជាតិ និងប្រជាជនកម្ពុជា។
យ៉ាងណាក៏ដោយ សម្ដេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា សម្រាប់ការអប់រំមិនថា នៅក្នុងប្រទេសកម្ពុជា ឬនៅប្រទេសណានោះទេ សុទ្ធតែមានការតម្រូវផ្សេងៗគ្នា ហើយក៏សុទ្ធតែមានគុណភាពដូចគ្នាដែរ។
គួរជម្រាបថា ពាក់ព័ន្ធនឹងការចោទប្រកាន់ប្រមាថមាក់ងាយរបស់ទណ្ឌិត សម រង្ស៉ី ទៅលើកម្រិតសញ្ញាបត្ររបស់លោក ហ៊ុន ម៉ាណែត ពីសាលាបណ្ឌិតសភាយោធា អាមេរិក West Point នេះ លោក ហ៊ុន ម៉ាណែត បានឲ្យទណ្ឌិត សម រង្ស៉ី រកអំណះអំណាងមកបញ្ជាក់ផងដែរ។ លោក ហ៊ុន ម៉ាណែត ហ៊ានលាលែងចេញពីតំណែងទាំងអស់ របស់លោកនាពេលបច្ចុប្បន្ន មកធ្វើជាជនស៊ីវិលធម្មតា បើមានអំណះអំណាងបញ្ជាក់ដូចការលើកឡើងរបស់ទណ្ឌិត សម រង្ស៉ី មែននោះ។
តែទីបំផុតទៅទណ្ឌិត សម រង្ស៉ី មិនអាចរកអំណះអំណាងមកបញ្ជាក់លើអ្វីដែលខ្លួន បានលើកឡើងនោះឡើយ។ ពាក់ព័ន្ធនឹងការប្រមាថមាក់ងាយលើសមត្ថភាព របស់និស្សិតខ្មែរនេះ មិនមែនជារឿងថ្មីឡើយ សម្រាប់ទណ្ឌិត សម រង្ស៉ី ដែលត្រូវបានគេចាត់ទុកជាបុគ្គលបរទេសនិយមរូបនេះ កន្លងទៅរូបលោកធ្លាប់ប្រមាថ មាក់ងាយ លើសមត្ថភាពសិស្សនិស្សិតខ្មែរ ដែលបញ្ចប់ការសិក្សានៅក្នុងប្រទេសផងដែរ។
ការមាក់ងាយរបស់លោកពេលនោះ ក៏នាំឲ្យមានការប្រតិកម្មជាច្រើនពីអ្នកសិក្សា និងបណ្តាសាកលវិទ្យាល័យនានានៅកម្ពុជា។
សាលាបណ្ឌិតសភាយោធាអាមេរិក West Point ជាសាលាដ៏ល្បីល្បាញមួយរបស់សហរដ្ឋអាមេរិក ដែលជាទីប្រាថ្នារបស់អ្នកសិក្សា ទាំងជាតិសាសន៍អាមេរិក និងជាតិសាសន៍ដទៃទៀតផងដែរ។ មកដល់បច្ចុប្បន្នមាននិស្សិតខ្មែរតិចតួចណាស់ដែល បានបញ្ចប់ការសិក្សាពីសាលាមួយនេះ ហើយមាននិស្សិតមួយចំនួនទៀត កំពុងសិក្សានៅសាលានេះផងដែរ។ លោកបណ្ឌិត ហ៊ុន ម៉ាណែត គឺកូនទី១ដែលបានបញ្ចប់ការសិក្សា នៅសាលាបណ្ឌិតសភាយោធាអាមេរិក West Point នេះ៕