(កំពង់ចាម)៖ ថវិកាសរុបជាង ១០០លានរៀល, ម៉ូតូ ៥គ្រឿង និងអាហារូបករណ៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំនួន២៧កន្លែង ត្រូវបានប្រគល់ជូនសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ១,១៧២នាក់ មកពីស្រុកព្រៃឈរ និងស្រុកបាធាយ ខេត្តកំពង់ចាម។
ពិធីប្រគល់ថវិកា ម៉ូតូ និងអាហារូបករណ៍ ដើម្បីជាការលើកទឹកចិត្តដល់សិស្សជាប់បាក់ឌុបនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩នេះ នៅមណ្ឌលអភិរក្សសួនគ្រញូងនគរបាជ័យ ក្រុងកំពង់ចាម ខេត្តកំពង់ចាម។
ពិធីនេះធ្វើឡើងក្រោមអធិបតីភាពឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍ វិស័យកសិកម្ម និងជនបទ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ចាម ហើយក៏មានការអញ្ជើញចូលរួមពីតំណាងរាស្ត្រមណ្ឌលកំពង់ចាម, លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកព្រៃឈរ និងស្រុកបាធាយ អាណាព្យាបាល មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រមទាំងលោកគ្រូ អ្នកគ្រូមកពីវិទ្យាល័យនានា ក្នុងស្រុកព្រៃឈរ និងស្រុកបាធាយចំនួន ៤០៥នាក់។
ក្នុងឱកាសនោះ លោក ប៉ាន សូរស័ក្តិ បានលើកឡើងថា ការទទួលបានឱកាសសិក្សារៀនសូត្រ មិនអាចកាត់ផ្តាច់បានពីម្លប់សុខសន្តិភាព ស្ថិរភាពនយោបាយ សង្គម សេដ្ឋកិច្ច និងការអភិវឌ្ឍប្រទេសជាតិបានឡើយ។ លោករដ្ឋមន្ត្រីបន្តថា សុខសន្តិភាពជាដើមចមចម្បងធ្វើឱ្យវិស័យអប់រំ នៅទូទាំងប្រទេសមានការរីកចម្រើនគួរជាទីមោទនៈ ជាអាទិ៍សាលារៀនគ្រប់កម្រិត សាកលវិទ្យាល័យ និងវិទ្យាស្ថានអប់រំបណ្តុះបណ្តាល បានកើតឡើងពាសពេញលើផ្ទៃប្រទេស ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។
លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ក៏បានសម្តែងការអបអរសាទរចំពោះសិស្សានុសិស្សទាំងអស់ ដែលទទួលបានជោគជ័យពីការប្រលងមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ និងបានលើកទឹកចិត្តពួកគេឱ្យបន្តប្រឹងប្រែងសិក្សានៅថ្នាក់មហាវិទ្យាល័យថែមទៀត ដើម្បីក្លាយខ្លួនជាសសរទ្រូងរបស់ប្រទេសជាតិ។ លោករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់លោកគ្រូ-អ្នកគ្រូ មកពីវិទ្យាល័យនានាក្នុងស្រុកព្រៃឈរ និងបាធាយ ដែលកន្លងមកបានប្រឹងប្រែងយកចិត្តទុកដាក់បណ្តុះបណ្តាលសិស្សានុសិស្ស រហូតទទួលបានលទ្ធផលគួរជាទីមោទនៈ។
លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានផ្តល់អនុសាសន៍ជាគន្លឹះល្អៗមួយចំនួន ជាជំនួយស្មារតីដល់សិស្សានុសិស្ស យកទៅគិតគូរពិចារណា ប្រតិបត្តិឲ្យបានត្រឹមត្រូវ និងទទួលបានលទ្ធផលល្អថែមទៀតក្នុងការសិក្សា។
លោកឧបនាយករដ្ឋមន្ត្រី បានផ្តាំដល់សិស្សជាប់បាក់ឌុបទាំងនោះថា ត្រូវខិតខំសិក្សារៀនសូត្រ និងក្រេបជញ្ជក់យកបទពិសោធន៍ ចំណេះដឹង ចំណេះធ្វើ ទាំងបច្ចេកទេស និងការគ្រប់គ្រង ដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួន ឱ្យសមស្របតាមបរិបទនៃកំណើនសេដ្ឋកិច្ច និងការរីកចម្រើនផ្នែកបច្ចេកវិទ្យាទំនើបៗ ទាន់សម័យ នាពេលបច្ចុប្បន្ន។ ម្យ៉ាងទៀតត្រូវធ្វើខ្លួនជាកូនល្អ សិស្សល្អ មិត្តល្អ ពលរដ្ឋល្អ ត្រូវគោរពច្បាប់ ប្រកាន់ខ្ជាប់នូវក្រមសីលធម៌ សុជីវធម៌ គុណធម៌ និងវិន័យជាពលរដ្ឋល្អឲ្យបានខ្ជាប់ខ្ជួន។
លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ក៏បានផ្តាំឱ្យសិស្សទាំងនោះ ត្រូវចេះចែករំលែក និងចូលរួមសកម្មភាពការងារសង្គម ការងារមនុស្សធម៌ សប្បុរសធម៌ និងសកម្មភាព ផ្សេងៗទៀត ដែលជាប្រយោជន៍ដល់គ្រួសារ មិត្តភក្តិ និងសង្គមជាតិ។ លើសពីនេះទៅទៀត ត្រូវបន្តខិតខំសិក្សាមុខជំនាញ នៅតាមសាកលវិទ្យាល័យនានា និង ត្រូវចៀសវាងឲ្យឆ្ងាយពី អំពើឧបាយមុខ ល្បែងស៊ីសង គ្រឿងញៀន គ្រឿងស្រវឹង និងអំពើអសកម្មខុសច្បាប់ទាំងឡាយណា ដែលប្រាសចាកសីលធម៌ និងនាំឲ្យគ្រោះថ្នាក់ដល់ខ្លួន និងក្រុមគ្រួសារ និងត្រូវគោរពច្បាប់ចរាចរ។
សូមបញ្ជាក់ថា រង្វាន់ដែលត្រូវប្រគល់ជូននាព្រឹកថ្ងៃនេះ សម្រាប់សិស្សជាប់និទ្ទេស A ចំនួន ៥នាក់ មកពីស្រុកព្រៃឈរ ក្នុងមួយនាក់ទទួលបានម៉ូតូ ម៉ាក ហុងដា Wave ស៊េរីឆ្នាំ២០១៩ ជាមួយថវិកា ៥ម៉ឺនរៀល។ សិស្សនិទ្ទេស B ចំនួន ៣៣នាក់ ទទួលបានថវិកាមួយនាក់ ៤០ម៉ឺនរៀល។
សិស្សទទួលបាននិរទ្ទេស C D និង E ចំនួន ១,១៣៤នាក់ ទទួលបានថវិកាមួយនាក់ ៥ម៉ឺនរៀល។ លោកគ្រូ អ្នកគ្រូ ៤៧នាក់ ដែលបានខិតខំជួយបណ្តុះបណ្តាលបំប៉នសិស្សមុនពេលប្រលង ទទួលបានថវិកាឧបត្ថម្ភសរុប ១៦,១៩២,០០០ រៀល។ លោកគ្រូ អ្នកគ្រូ មកពីតាមវិទ្យាល័យនានាក្នុងស្រុកព្រៃឈរ និងបាធាយ ២០៤នាក់ ទទួលបានថវិកាមួយនាក់ ៥ម៉ឺនរៀល។
ជាមួយគ្នានេះអាណាព្យាបាលសិស្សទទួលបាននិទ្ទេស A ចំនួន ៥នាក់ ទទួលបានថវិកាមួយនាក់ ៥ម៉ឺនរៀលផងដែរ។ ដោយឡែកមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធដែលមានវត្តមាននៅក្នុងពិធីនោះ ១៤៩នាក់ ក្នុងមួយនាក់ទទួលបានថវិកា ២ម៉ឺនរៀល៕