(ភ្នំពេញ)៖ រយៈពេលប៉ុន្មានថ្ងៃនេះ នៅលើបណ្តាញទំនាក់ទំនងសង្គម Facebook មានអ្នកលេងមួយចំនួនបានបង្ហោះនូវសាររិះគន់ ចំពោះអ្នកគ្រប់គ្រងសួនសត្វភ្នំតាម៉ៅ ស្ថិតក្រោមការដឹកនាំរបស់រដ្ឋាបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបណ្តែតបណ្តោយឲ្យសត្វមួយចំនួន ធ្លាក់ខ្លួនស្គមស្គាំង ដោយសារខ្វះចំណី។

ឆ្លើយតបនឹងការរិះគន់នេះ នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩នេះ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា សត្វដែលស្គមស្គាំងទាំងនោះ មិនមែនខ្វះចំណីដូចការរិះគន់ឡើយ។ លោកថា បើតាមរបាយការណ៍របស់រដ្ឋបាលព្រៃឈើ សត្វស្គមៗទាំងនោះ គឺមានជំងឺ ហើយរដ្ឋបាលព្រៃឈើ និងអង្គការជាដៃគូចំនួន៣ បានសហការថែទាំងជាប្រចាំ។

លោកពន្យល់ទៀតថា ឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ គឺជាកន្លែងស្តារនីតិសម្បទារបស់សត្វ ដូច្នេះនៅពេលមានសត្វព្រៃឈឺ ឬដែលអ្នកចិញ្ចឹមសត្វ ដែលចង់ចិញ្ចឹម ឬមានបញ្ហាសុខភាព ធ្លាក់ខ្លួនឈឺស្គមស្គាំង គឺគេយកទៅឲ្យមន្ត្រី និងអង្គការជាដៃគូ ជួយថែរក្សា និងព្យាបាល ដូច្នេះហើយទើបឃើញមានសត្វខ្លះនៅទីនោះ ស្គមដូចខ្វះចំណី។

លោក វេង សាខុន បានបញ្ជាក់យ៉ាងដូច្នេះថា «តាមពិតទៅសត្វទាំងអស់នេះ មានជំងឺ បើតាមសេចក្តីរាយការណ៍ពីរដ្ឋបាលព្រៃឈើ កាលពីថ្ងៃម្សិលមិញ។ ជាធម្មតា នៅសួនសត្វភ្នំតាម៉ៅ គឺមានពេទ្យមើលថែទាំជាប្រចាំ ដោយសហការជាមួយអង្គការជាដៃគូជាមួយរដ្ឋបាលព្រៃឈើ។ អង្គការដៃគូមាន៣ ដែលកំពុងធ្វើកិច្ចការនេះ ជាមួយសួនសត្វភ្នំតាម៉ៅ គឺ អង្គការ Wildlife Alliance, FFI និងអង្គការ Free the Bear»

លោករដ្ឋមន្ត្រីបន្ថែមថា «មជ្ឈមណ្ឌលសួនសត្វភ្នំតាម៉ៅ គឺជាមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃ អីចឹងសត្វណាឈឺ សត្វណាមានជំងឺ យកទៅកន្លែងហ្នឹង ហើយសត្វដែលគេចិញ្ចឹម ហើយគេលែងចង់ចិញ្ចឹម គេយកទៅឲ្យទីតាំងនោះជួយថែបំប៉ន និងជួយព្យាបាល...ទីតាំងសួនសត្វភ្នំតាម៉ៅ គឺជាមជ្ឈមណ្ឌលជួយថែរក្សា ស្ដារនីតិសម្បទាសត្វព្រៃ នៅទីនោះសំខាន់បំផុត ដូច្នេះហើយឃើញមានសត្វខ្លះឈឺ ស្គមស្គាំង ដែលអង្គការទាំង៣ សហការជាមួយនឹងរដ្ឋបាលព្រៃឈើធ្វើកិច្ចការនេះ»

សូមជម្រាបថា ឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ មានទីតាំងនៅភូមិត្រពាំងសាប ឃុំត្រពំាងសាប ស្រុកបាទី ខេត្តតាកែវ៕