(ភ្នំពេញ)៖ លោក ផាន់ វិទ្យា ជាកូនខ្មែរម្នាក់ ដែលបានបញ្ចប់ការសិក្សាពីសាលាបណ្ឌិតសភាយោធាកងទ័ពជើងទឹកសហរដ្ឋអាមេរិក បានចេញសារថ្កោលទោសទណ្ឌិត សម រង្ស៉ី ចំពោះការចោទប្រកាន់ដោយថា សញ្ញាប័ត្របណ្ឌិតសភាយោធាពីសាលា West Point របស់ លោក ហ៊ុន ម៉ាណែត ដែលជាសិស្សច្បងរបស់លោក ជាសញ្ញាបត្រក្លែងក្លាយ ឬជាប្រភេទការទូត។

លោក ផាន់ វិទ្យា បានបញ្ជាក់នៅលើ Facebook របស់លោក ដោយចាត់ទុកថា ការមាក់ងាយនេះ គឺជាការបំបាក់ទឹកចិត្តរបស់យុវជនដែលជាអ្នកដឹកនាំ និងបញ្ញវ័ន្តជំនាន់ក្រោយ ដែលកំពុងលើកតម្កើងជាតិខ្មែរ ក្នុងវិស័យអប់រំអន្តរជាតិ។

លោកសរសេរដូច្នេះថា៖ «ដូចដែលលោកអ្នកបានឃើញនៅក្នុងរូបថតរបស់ខ្ញុំ ទោះបីខ្ញុំជាមន្រ្តីយោធាកម្ពុជាក៏ដោយ ខ្ញុំមិនត្រូវបានអនុញ្ញាតឱ្យស្លៀកឯកសណ្ឋាន ឬពាក់សញ្ញាសម្គាល់របស់ប្រទេសរបស់ខ្ញុំដែលអាចធ្វើឱ្យគេងាយស្រួលសម្គាល់ថាខ្ញុំជានិស្សិតក្រៅប្រទេសឡើយ។ សាលានាយទាហានសកម្មអាមេរិកធ្វើយ៉ាងនេះ គឺក្នុងគោលបំណងជៀសវាងមានការអាធ្យាស្រ័យណាមួយដែលមិនស្មើរភាពចំពោះនិស្សិតទាំងអស់ពីសំណាក់គ្រូបង្វឹក ខណៈពេលដែលសិក្ខាកាមទាំងអស់កំពុងចូលរួម ក្នុងការបណ្តុះបណ្តាល និងហ្វឹកហ្វឺនរួមគ្នា ក្នុងថ្នាក់រៀនតែមួយ កីឡាក្នុងទីលានតែមួយ រស់នៅក្នុងបន្ទប់តែមួយ និងបានបញ្ចប់ការសិក្សានៅក្នុងពិធីបើក និងបិទវគ្គតែមួយ។ សូម្បីតែសញ្ញាបត្ររបស់ខ្ញុំបាទក៏គ្មានការចារបញ្ជាក់ប្លែកពីសញ្ញាបត្រ័របស់សិក្ខាកាមជនជាតិអាមេរិកឡើយ!!!»

លោកអះអាងថា៖ «ក្នុងនាមពួកខ្ញុំជាអ្នកដឹកនាំ និងជាបញ្ញវ័ន្តជំនាន់ក្រោយ ខ្ញុំមិនអាចទទួលយកសម្តីប្រមាថបំភ្ល័យការពិត របស់លោក សម រង្ស៉ី ដែលតែងតែបន្ទាបបន្ថោកយុវជនកំពុងលើកតម្កើងប្រទេសកម្ពុជាយើង ហើយបានទទួលបានការគោរពនិងទទួលស្គាល់ពីសហគមន៍អន្តរជាតិ។ “កិត្តិយស ភាពក្លាហាន និងភាពប្តេជ្ញាចិត្ត” ដែលជាពាក្យស្លោកប្រចាំសាលាបណ្ឌិតសភាយោធាជើងទឹកអាមេរិក គឺជាអ្វីដែលលោក សម រង្ស៉ី គ្មានថ្ងៃយល់»។

សូមបញ្ជាក់ថា នាថ្មីៗនេះ លោក សម រង្ស៉ី បាននិយាយរិះគន់ដល់ សញ្ញាបត្រពីសាលា West Point របស់ លោក ហ៊ុន ម៉ាណែត ជាសញ្ញាបត្រក្លែងក្លាយ ឬជាសញ្ញាបត្រការទូត។

ក្រោយមានការរិះគន់នេះ លោក ហ៊ុន ម៉ាណែត បានបបួល លោក សម រង្ស៉ី ភ្នាល់គ្នា ដោយដាក់លក្ខខណ្ឌ២ចំណុចគឺ៖ បើសិនជា សាលា West Point ពិតជាមានការបែងចែកស្តង់ដារខុសគ្នារវាង និស្សិតយោធាបរទេស និងអាមេរិកមែនដូច លោក សម រង្ស៉ី និយាយមែននោះ លោកនឹងលាលែងតួនាទីទាំងអស់ ប៉ុន្តែបើលោក សម រង្ស៉ី មិនអាចបង្ហាញថា សាលា West Point មានសញ្ញាបត្រ២ប្រភេទដែលមានតម្លៃខុសគ្នាទេ សូមឲ្យលោក សម រង្ស៉ី លាឈប់ពីនយោបាយជារៀងរហូត។

ប៉ុន្តែទោះជាយ៉ាង នេះក្តី ទណ្ឌិត សម រង្ស៉ី មេក្រុមឧទ្ទាមក្រៅច្បាប់ ពុំហ៊ានភ្នាល់ តាមការបបួលរបស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត នោះឡើយ៕