(ភ្នំពេញ)៖ រថយន្ដបាឡែនពណ៌សរមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2AS-6715 បើកបរក្នុងល្បឿនលឿន ដល់ត្រង់ចំណុចផ្លូវកោង វេចង្កូចក្រឡាប់ធ្លាប់ផ្លូវជាច្រើនត្រឡប់ បណ្ដាលឲ្យនារី៥នាក់ នៅក្នុងរថយន្ដស្លាប់ភ្លាមៗនៅនឹងកន្លែង។
ហេតុការណ៍នេះ បានកើតឡើងនាវេលាម៉ោង៤៖២០ទៀបភ្លឺ នាព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩នេះ នៅចំណុចផ្លូវកោងព្រៃតាហ៊ូ និងសេរីវង្ស N6 (ផ្លូវអាស៊ានវាងក្រុង) ភូមិព្រៃតាហ៊ូ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
បើតាមរបាយការណ៍របស់សមត្ថកិច្ច បានបញ្ជាក់ថា៖
១៖ អ្នកបើកបររថយន្តឈ្មោះ ឌុក វល្ល័ក្ខ ភេទស្រី ជាមន្រ្ដីនគរបាលនៅនាយកដ្ឋានក្រសួងមហាផ្ទៃ (ស្លាប់)។
២៖ អ្នករួមដំណើរឈ្មោះ អួន ចាន់ធារី ភេទស្រី អាយុ៣៤ឆ្នាំ រស់នៅភូមិទី៤ ឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ (ស្លាប់)។
៣៖ អ្នករួមដំណើរឈ្មោះ ឡាច ស្រីម៉ុម ភេទស្រី អាយុ២៦ឆ្នាំ រស់នៅភូមិជំរៅ ឃុំពារាម ស្រុកបាទី ខេត្តតាកែវ (ស្លាប់)។
៤៖ អ្នករួមដំណើរឈ្មោះ ដុក ចាន់វលក្ខ័ណ៌ ភេទស្រី អាយុ២៦ឆ្នាំ រស់បឹងកេងកងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញ (ស្លាប់)។
៥៖ អ្នករួមដំណើរមិនស្គាល់អត្តសញ្ញាណ (ស្លាប់)។
ក្នុងកិច្ចអន្ដរាគមន៍នេះ ក៏ឃើញវត្ដមានលោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ បានទៅចូលរួមអន្ដរាគមន៍ផ្ទាល់ ចាត់ចែងក្រុមគ្រួសារឲ្យដឹកសព យកទៅធ្វើបុណ្យតាមប្រពៃណី។ បច្ចុប្បន្ន សពបានដំកល់ទុក នៅមន្ទីរពេទ្យខេត្ត ដើម្បីស្រាវជ្រាវរកសាច់ញាតិបន្ដទៀត៕