(ព្រះសីហនុ)៖ សាកសពជនជាតិចិនម្នាក់ ត្រូវបានគេប្រទះឃើញកាត់ជាពីរកំណាត់ បង្កឲ្យមានការភ្ញាក់ផ្អើល នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅភូមិអូរត្រេះ ស្ថិតក្នុងក្រុមទី៦ ភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ ដោយមានថង់ព័ណ៌ខ្មៅរុំជិត នៅក្នុងថង់នោះមានភួយចំនួន០៣ជាន់ រុំសាកសពមួយកំណាត់ខ្លួនផ្នែកខាងលើ។
ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩នេះថា ឆ្លងតាមការពិនិត្យកោសល្យវិច្ឆ័យ របស់ការិយាល័យនគរបាលបចេ្ចកទេសវិទ្យាសាស្ដ្រ នៃស្នងការដ្ឋាននគរបាលខេត្ដព្រះសីហនុ និងអង្គភាពពាក់ព័ន្ធ ជាលទ្ធផលសាកសព០១កំណាត់ខ្លួននេះ ភេទប្រុស អាយុប្រហែល៣០ឆ្នាំ ពាក់អាវយឺតដៃខ្លី ព៌ណខ្មៅ មិនស្គាល់អត្ដសញ្ញាណ។
ស្លាកស្នាមលើសាកសព សាកសព០១កំណាត់ត្រឹមចង្កេះឡើងលើ, សា្នមរបួស ចំនួន១៧កន្លែង លើខ្លួនសាកសពដោយសារវត្ថុរឹងមុតស្រួច និងស្នាមកាត់ផ្ដាច់ខ្លួន ជាពីរកំណាត់ដោយវត្ថុមុត ជនរងគ្រោះនេះត្រូវគេធ្វើឃាតនៅកន្លែងផ្សេង ដោយបានកាត់ផ្ដាច់ខ្លួនចេញជាពីរកំណាត់ ហើយបានរុំវិចខ្ចប់មួយកំណាត់ខ្លួនខាងលើ យកមកប្លុងចោល នៅក្នុងដីឡូតិ៍ទីតាំងខាងលើ។
លោកឧត្តមសេនីយ៍ស្នងការ បានគូសបញ្ជាក់ថា ករណីនេះជា ករណីឃាតកម្មគិតទុកជាមុន (អាចបណ្ដាលមកពីរការគំនុំ)។ បច្ចុប្បន្នសាកសព បានរក្សាទុកនៅមន្ទីរពេទ្យបង្អែកខេត្ដព្រះសីហនុ និងកំពុងស្វែងរកអត្ដសញ្ញាណ ព្រមទាំងសាច់ញាតិនៃសព ខណៈកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ដព្រះសីហនុ កំពុងស្រាវជ្រាវយ៉ាងយកចិត្ដទុកដាក់ និងសស្រាក់សស្រាំជាទីបំផុត ដើម្បីស្រាវជ្រាវស៊ើបអង្កេតរកជនល្មើស និងអ្នកពាក់ព័ន្ធយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕