(កាណាដា)៖ មហាសនិ្នបាតលើកទី៤០ របស់អង្គការអាកាសចរស៊ីវិលអន្តរជាតិ (ICAO) ជាស្ថាប័នមួយរបស់អង្គការសហប្រជាជាតិ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ បានដំណើរការកិច្ចប្រជុំចូលដល់ថ្ងៃទី៨ ដោយមានការបូកសរុបលទ្ធផលសំខាន់ៗ ចេញពីដំណើរកិច្ចប្រជុំគណៈកម្មាធិការ ប្រតិបត្តិ បច្ចេកទេស សេដ្ឋកិច្ច ច្បាប់ និងរដ្ឋបាល និងបន្តរៀបចំបោះឆ្នោតជ្រើសរើសរដ្ឋសមាជិកក្រុមប្រឹក្សាថ្មីក្នុងផ្នែកទី៣ នៃអង្គការអន្តរជាតិមួយនេះ សម្រាប់អាណត្តិ ឆ្នាំ២០២០ ដល់ ២០២២។
លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដោយបានទទួលសិទ្ធិប្រទាន ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបន្តចូលរួមបោះឆ្នោតជ្រើសរើសរដ្ឋសមាជិកក្រុមប្រឹក្សាថ្មីក្នុងផ្នែកទី៣ ដែលជាផ្នែកតំណាងទីតាំងភូមិសាស្រ្តពិភពលោក។
សូមបញ្ជាក់ជូនថា ជាលទ្ធបឋមនៃអង្គមហាសន្និបាត អង្គការអាកាសចរស៊ីវិលអន្តរជាតិ និងរដ្ឋសមាជិកទាំង១៦៨ប្រទេស បានទទួលស្គាល់អំពីភាពជោគជ័យ នៃការខិតខំប្រឹងប្រែងរួមទាំងអស់គ្នា ដែលនាំមកនូវភាពប្រសើរឡើងសុវត្ថិភាព សន្តិសុខ និងនីរន្តរភាព នៃប្រព័ន្ធអាកាសចរស៊ីវិលអន្តរជាតិ។
អង្គសន្និបាត ក៏វាយតម្លៃយ៉ាងខ្ពស់ លើប្រសិទ្ធភាពនៃការដាក់ឲ្យអនុវត្តគំនិតផ្តួចផ្តើម «មិនទុកឱ្យប្រទេសណាមួយនៅក្រោយគេ» តាមរយៈសកម្មភាពផ្សព្វផ្សាយជាសកល អំពីរបៀបរបបអនុវត្តការងារឲ្យ មានប្រសិទ្ធភាព ដោយគោរពតាមកម្រិតស្តង់ដា គោលការណែនាំ គោលនយោបាយ និងកម្មវិធីនានា ដែលដាក់ចេញដោយ អង្គការអាកាសចរស៊ីវិលអន្តរជាតិមួយនេះ។
នៅក្នុងមហាសន្និបាតលើកទី៤០នេះ លោកបណ្ឌិតរដ្ឋមន្ត្រី ក៏បានថ្លែងជម្រាបជូន អង្គមហាសន្និបាត អំពីភាពរីកចម្រើនវិស័យអាកាសចរស៊ីវិល នៅប្រទេសកម្ពុជា និងបណ្តាកត្តាប្រឈមមួយចំនួន ក្នុងនាមជាប្រទេសតូច តែមានសក្តានុពលខ្ពស់ នៃប្រព័ន្ធដឹកជញ្ជូនតាមផ្លូវអាកាសក្នុងតំបន់។
ក្រៅពីនេះ លោកបណ្ឌិត រដ្ឋមន្ត្រី ក៏បានបន្តជួបប្រជុំទ្វេភាគី ជាមួយថ្នាក់ដឹកនាំទទួលបន្ទុកវិស័យ អាកាសចរស៊ីវិល របស់បណ្តាប្រទេសក្នុងតំបន់អាស៊ាន និងមជ្ឈិមបូព៌ា និងតំណាងអង្គការអាកាសចរស៊ីវិលអន្តរជាតិ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការបច្ចេកទេស និងជំរុញការដឹកជញ្ជូនតាមផ្លូវអាកាសមកកាន់ម្ពុជាផងដែរ៕