(ភ្នំពេញ)៖ សម្ដេចព្រះសក្យមុនី កិតិ្ដបណ្ឌិតទស្សនវិជ្ជា រ័ត្ន សារឿន សមាជិកថេរៈសភាសង្ឃ នៃពុទ្ធសាសនាកម្ពុជា ព្រះអគារធិការរង នៃអគ្គារធិការដ្ឋាន ពុទ្ធិកសិក្សាជាតិព្រះមហាសុខុមោ ព្រះអនុគណខណ្ឌសែនសុខ និងជាព្រះចៅអធិការវត្ដសំរោងអណ្ដែត នៅរសៀលថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩នេះ បានអនុញ្ញាតឲ្យរដ្ឋបាលខណ្ឌសែនសុខ អញ្ជើញចូលជួបសំណេះសំណាល និងថ្លែងអំណរគុណ ដល់គណៈបញ្ជាការឯកភាពខណ្ឌ ដែលបានថែរក្សាសន្តិសុខសណ្តាប់ធ្នាប់របៀបរាបរយ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ រយៈពេល១៥ថ្ងៃ។
សម្ដេចព្រះសក្យមុនី កិតិ្ដបណ្ឌិតទស្សនវិជ្ជា រ័ត្ន សារឿន បានមានសង្ឃដីកាថា ក្រោមម្លប់ដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ប្រទេសជាតិ មានសុខសន្តិភាព និងការអភិវឌ្ឍ ធ្វើឲ្យពុទ្ធបរិស័ទមានជីវភាពធូរធារ មានសេចក្តីជ្រៈថ្លា និងមានសទ្ធារក្នុងការបំពេញបុណ្យកុសលយ៉ាងច្រើនកុះករ គ្រប់វត្តអារាមទូរទាំងខណ្ឌ។ ក្នុងឱកាសនោះដែរ សម្តេចបានចែកជូននូវបច្ច័យ និងគ្រឿងបរិភោគ ដល់ក្រុមប្រឹក្សា មន្ត្រីរាជការ លោកចៅសង្កាត់ទាំង០៦ និងកងកម្លាំងផងដែរ។
ថ្លែងនៅក្នុងឱកាសនោះ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ បានលើកឡើងថា រដ្ឋបាលខណ្ឌសែនសុខ មានសង្កាត់ចំនួន០៦ មាន៤៧ភូមិ និងមានវត្តអារាមចំនួន០៧ រដ្ឋបាលខណ្ឌបានដាក់កម្លាំង និងធ្វើផែនការការពារ នៅតាមបណ្តាវត្ត និងតាមមូលដ្ឋាន ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ពុទ្ធបរិស័ទចូលរួមធ្វើបុណ្យទាំងក្នុងមូលដ្ឋាន និងធ្វើដំណើរឆ្លងកាត់។
សូមជម្រាបជូនថា នេះមិនមែនជាលើកទី១ទេ ដែលសម្ដេចព្រះសក្យមុនី កិតិ្ដបណ្ឌិតទស្សនវិជ្ជា រ័ត្ន សារឿន បានបរិច្ចាគទេយ្យទានជូនដល់បងប្អូន ប្រជាពុទ្ធបរិស័ទ តាមរយៈសាលាខណ្ឌសែនសុខ ដែលនេះជាការផ្សាភ្ជាប់សុខទុក្ខរបស់វិស័យពុទ្ធចក្រ និងវិស័យអាណាចក្រឲ្យក្លាយជាភាពសាមគ្គី ជាធ្លុងតែមួយ ស្របតាមបាវចនារបស់កម្ពុជា៕