(ភ្នំពេញ)៖ ពិធីបុណ្យភ្ជុំបិណ្ឌដែលទើបតែចប់ទៅនេះ គឺជាវិញ្ញាសារដ៏សំខាន់ និងជាក់ស្តែងបំផុតមួយទៀត សម្រាប់វាស់ស្ទង់ទឹកចិត្តសប្បាយរីករាយ ប្រកបដោយអំណរសាទរយ៉ាងក្រៃលែង របស់ប្រជាពលរដ្ឋខ្មែរ ចំពោះសមិទ្ធផលដែលពួកគេទទួលបាន។
នៅតាមទីរមណីយដ្ឋានទាំងឡាយ ទាំងតូចទាំងធំ ទាំងចាស់ ទាំងថ្មី សុទ្ធតែមានមនុស្សទៅកម្សាន្តសប្បាយយ៉ាងច្រើនកុះករ។ អ្នកខ្លះអង្គុយហូបអាហារជាលក្ខណៈគ្រួសារ តាមតូបប្របមាត់ទឹក អ្នកខ្លះអង្គុយដំកង់ក្រោមម្លប់ឈើ អ្នកខ្លះហែលទឹកលេង អ្នកខ្លះដើរមើលប្រាង្គប្រាសាទ អ្នកខ្លះជក់ចិត្តជាមួយព្រៃព្រឹក្សា ខណៈដែលអ្នកខ្លះទៀតដែលមិនសូវចូលចិត្ត ទីដែលមានមនុស្សច្រើនក៏ជួបជុំបងប្អូន មិត្តភ័ក្តិនៅ នឹងផ្ទះតែម្តង។ ក៏មានមនុស្សជាច្រើនដែរដែលជក់ចិត្តដិតអារម្មណ៍ ជាមួយទិដ្ឋភាពស្រុកស្រែចំការដ៏ស្រស់ស្អាតនារដូវវស្សា។
អ្វីជាការកត់សម្គាល់ គឺឆ្នាំនេះពិធីបុណ្យភ្ជុំបិណ្ឌមានសភាពអ៊ូអរខ្លាំងជាងឆ្នាំមុនៗ។ ជាក់ស្តែង នៅតាមទីរមណីយដ្ឋានទាំងឡាយ ការកកស្ទះចរាចរណ៍កើតមានគ្រប់ទិសទី។ គេត្រូវប្រើពេលច្រើនម៉ោង ទម្រាំចូលដល់គោលដៅ។ នៅតាមច្រកចេញចូលរាជធានី មានការកកស្ទះយ៉ាងខ្លាំងបន្តកន្ទុយរាប់សិបគីឡូម៉ែត្រទាំងនៅមុនថ្ងៃភ្ជុំ និងក្រោយបញ្ចប់បុណ្យភ្ជុំដែល មនុស្សម្នានាំគ្នាចេញពីក្រុងនិង សម្រុកត្រឡប់ចូលក្រុងវិញ។
នៅតាមទីជនបទឯណោះវិញ ការជួបជុំមានសភាពកាន់តែអធិកអធម ដោយគេលឺសូរតែសំឡេងស្រែកច្រៀងហោកញ្ចៀវយ៉ាងកងរំពងពីផ្ទះមួយទៅផ្ទះមួយ និងពីភូមិមួយទៅភូមិមួយទៀត រហូត ដល់អ្នកខ្លះលាន់មាត់ថា «ភូមិខ្ញុំឥឡូវសម្បូរតារាចម្រៀងណាស់» ពីព្រោះតែម្នាក់ៗ សុទ្ធតែចេះច្រៀងខារ៉ាអូខេសឹងគ្រប់ៗគ្នា។ ជាមួយបច្ចេកវិទ្យាថ្មី និងទំនើបហើយឧបករណ៍ កាន់តែទាន់សម័យនិងតម្លៃសមរម្យគួបផ្សំ ជាមួយកម្រិតជីវភាពរបស់ពលរដ្ឋកាន់តែធូរធារជាងមុន ឧបករណ៍ច្រៀងខារ៉ាអូខេមួយឈុត អាចដាក់តាមខ្លួនបានយ៉ាងស្រួល និងអាចច្រៀងបាននៅគ្រប់ទិសទី ដោយប្រើត្រឹមស្មាតហ្វូននិងធុងបាសតូចមួយប៉ុណ្ណោះ។
តើអ្នកណាខ្លះធ្លាប់បានឃើញស្ថានភាព បែប នេះនៅកម្ពុជាកាលពីមុន? ប្រាកដជាគ្មានឡើយ។
អ្វីជាការកត់សម្គាល់ម្យ៉ាងទៀត បើទោះបីជាការកកស្ទះចរាចរណ៍មានរយៈពេលយូរ ហើយកន្លែងខ្លះមានផ្លូវលិចទឹក ដោយសារជំនន់ទឹកភ្លៀង កន្លែងខ្លះផ្លូវខូចដោយគ្រោះធម្មជាតិ ឬ ផ្លូវកំពុងសាងសង់ ប៉ុន្តែ អ្នកធ្វើដំណើរម្នាក់ៗ នៅតែបង្ហាញស្នាមញញឹមនិងការអត់ធ្មត់ដោយមិន បណ្តោយឲ្យបញ្ហាតិចតួចទាំង នោះមករារាំងការសប្បាយរបស់ខ្លួនឡើយ។ រីឯការបើកបរទៀត សោតក៏កាន់តែមានសណ្តាប់ធ្នាប់ជាងមុនដែរពោលគឺ អ្នកបើក បរកាន់តែច្រើនសុខចិត្តតម្រង់ជួរតាមគន្លងផ្លូវរបស់ខ្លួនដោយមិន សូវជាមានអ្នកបំពានលើគន្លងផ្លូវម្ខាងទៀត ច្រើនដូចកាលពីមុនដែរ។
ទិដ្ឋភាពទាំងនេះពិតជាសបញ្ជាក់ ឲ្យឃើញថាប្រទេសកម្ពុជាកាន់តែក្លាយជាទីកន្លែងដ៏សុខសាន្ត សម្រាប់ពលរដ្ឋរបស់ខ្លួនពីមួយឆ្នាំទៅមួយឆ្នាំ។ មិនត្រឹមតែមានជីវភាពកើនឡើង មានយានយន្ត ល្អ និងច្រើនជាងមុន ឬក៏មានហេដ្ឋារចនាសម្ព័ន្ធកាន់តែប្រសើរជាងមុននោះឡើយ ប៉ុន្តែ ការ បណ្តុះស្មារតីគោរពច្បាប់និងចេះអត់ឱនឲ្យគ្នាក៏កាន់តែរីកចម្រើនជាងមុនគួរឲ្យកត់សម្គាល់ដែរ។ សំឡេងព្រះធម៌ចេញពីទីវត្តអារាម, សំឡេងចម្រៀងបុណ្យភ្ជុំបិណ្ឌចេញពីវិទ្យុ ទូរទស្សន៍ ពីទូរស័ព្ទដៃ ឬពីរថយន្ត បានលាន់លឺរងំគួរជាទីមនោរម្យ។
នេះមិនទាន់រាប់ពលរដ្ឋខ្មែរជាច្រើនទៀត ដែលចេញទៅកម្សាន្តនៅក្រៅប្រទេសផងនោះទេ។ ក៏មានដែរអ្នកដែលធ្លាប់ចេញទៅកម្សាន្ត ក្រៅប្រទេសញឹកញាប់ខ្លះបានអះអាងថា ពួកគេបែរមកជក់ចិត្តនឹងទិដ្ឋភាពប្លែកៗនៅស្រុកស្រែ តំបន់ភ្នំ ឬក៏ទីរមណីយដ្ឋានក្នុងស្រុកវិញ ពីព្រោះការចាកចេញទៅស្រុកក្រៅ ក៏ហាក់គ្មានអ្វីប្លែកជាងស្រុកខ្មែរប៉ុន្មានឡើយ។ ក្តីសប្បាយរីករាយដែលបង្កប់ ដោយជំនឿចិត្តយ៉ាងរឹងមាំលើ សន្តិភាពនិងការអភិវឌ្ឍន៍ប្រទេសក៏ដូចជាការរីកចម្រើន នៃជីវភាពគ្រួសារបានបង្ហាញ យ៉ាងច្បាស់នៅលើផ្ទៃមុខរបស់ពលរដ្ឋខ្មែរគ្រប់ៗគ្នាក្នុងឪកាស បុណ្យភ្ជុំបិណ្ឌឆ្នាំ២០១៩នេះ។
តើមានពលរដ្ឋខ្មែររូបណា ដែលប្រាថ្នាចង់ឃើញពិធីបុណ្យភ្ជុំបិណ្ឌ បុណ្យចូលឆ្នាំ បុណ្យឯករាជជាតិ ឬបុណ្យអុំទូកប្រែ ក្លាយជាវឹកវរ ហិង្សា ចលាចល បង្ហូរឈាមទៅតាមផែនការរដ្ឋប្រហារ របស់ក្រុមអ្នកនយោបាយជ្រុលនិយមមួយក្តាប់តូចនោះ? ចម្លើយប្រាកដជាគ្មានឡើយ។
ខុសពីប្រជាពលរដ្ឋខ្មែរទូទាំង នគរដែលកំពុងត្រេកអរសាទរ និងគាំទ្រសន្តិភាព និងភាពសុខ សាន្តដែលពួកគេទទួលបានផលគ្រប់ៗគ្នា មានក្រុមនយោបាយវង្វេងជាតិមួយក្រុមដឹកនាំដោយ លោក សម រង្ស៊ីបែរជាមិនស្គាល់បុណ្យបាប ហើយបានប្រើប្រាស់ឱកាសបុណ្យប្រពៃណី សាសនា ដ៏សប្បាយរីករាយជ្រះថ្លានេះដើម្បីញុះញង់ បំបែកបំបាក់ជាតិតាមផែនការ រដ្ឋប្រហារដ៏ខ្មៅងងឹតរបស់ខ្លួន ដោយឥតអៀនខ្មាសនិងមិនខ្លាចចុះនរកឡើយ។
ទោះជាយ៉ាងណា ផែនការរដ្ឋប្រហារទាំងទទឹងទិសនេះ គឺពិតជាមិនទទួលបាននូវការចាប់អារម្មណ៍ពីពលរដ្ឋខ្មែរនោះដែរ ព្រោះលើការជាក់ស្តែងទិដ្ឋភាព នៃពិធីបុណ្យភ្ជុំបិណ្ឌដូចបានរៀបរាប់ខាងដើមនេះ ពិតជាបានបញ្ជាក់ឲ្យឃើញថា ពលរដ្ឋខ្មែរទូទាំងនគរនៅតែបន្តអោយតំលៃខ្ពស់បំផុត និងនៅតែឈរខាងសន្តិភាព ដើម្បីរក្សាការពារនូវភាពសុខសាន្ត និងការអភិវឌ្ឍន៍សង្គមគ្រួសាររបស់គេ មិនឲ្យបាត់បង់ទៅវីញឡើយ។ នេះជាភស្តុតាង និងសញ្ញាប្រាកដប្រជាដែលចង្អុលបង្ហាញ នូវបរាជ័យយ៉ាងជូរចត់មួយទៀតរបស់ក្រុមអ្នក នយោបាយដែលកំពុងអនុវត្តផែនការ រដ្ឋប្រហារផ្តួលរំលំរបបរាជានិយម និងរដ្ឋាភិបាលក្រុងភ្នំពេញ។
ខ្ញុំយល់ថា លោកសម រង្ស៊ី និងគូកនគាត់គួរតែភ្លឺភ្នែកហើយចំពោះការបរាជ័យ ជាបន្តបន្ទាប់ដែលខ្លួនប៉ុនប៉ង ធ្វើក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
បរាជ័យធំបំផុតទី១៖ គឺភាពស្ងៀមស្ងាត់របស់ពលរដ្ឋខ្មែរនៅ ពេលដែលតុលាការកំពូលសម្រេចរំលាយគណបក្ស ប្រឆាំងកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។ ការស្ងប់ស្ងៀមនេះ ពិតជាបានបញ្ជាក់ថា ពួកគេយល់ច្បាស់អំពីគ្រោះថ្នាក់នៃ នយោបាយបម្រើបរទេស យកបរទេសធ្វើចៅហ្វាយ ហើយបែរមកចង់បំផ្លាញសេចក្តីសុខ របស់ជាតិខ្លួនឯងដោយយកពល រដ្ឋខ្លួនធ្វើជាឈ្នាន់ទៅវិញ។ ហេតុនេះហើយបានជាពលរដ្ឋទូទាំងប្រទេស រាប់បញ្ចូលទាំងសកម្មជននិងអ្នកជឿលើ បក្សប្រឆាំងងាកមកគាំទ្រសាលដីការរបស់តុលាការកំពូលហើយ គ្មានអ្នកណាអើពើនឹងការរំលាយចោលបក្សនយោបាយ ដែលគេយល់ថាជាអាយ៉ងបរទេសនេះឡើយ។
បរាជ័យធំទី២៖ របស់ទណ្ឌិត សម រង្ស៊ី គឺការប្រកាសធ្វើយុទ្ធនាការ «ដេកផ្ទះឈ្នះស្អាត» នៅពេលបោះឆ្នោតកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។ មានពលរដ្ឋខ្មែរដែលមានសិទ្ធិបោះឆ្នោត ដល់ទៅជាង៨៣% បាននាំគ្នាចេញទៅបោះឆ្នោត និងបានផ្តល់ជ័យជំនៈភ្លូក ទឹកភ្លូកដី ដល់គណបក្សដែលដឹកនាំដោយនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាអ្នកឈរយ៉ាងរឹងមាំក្នុងការការពារសន្តិភាព និងភាពសុខសាន្តរបស់ពលរដ្ឋ។
បរាជ័យធំទី៣៖ របស់ទណ្ឌិត សម រង្ស៊ី គឺផែនការធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាល តាមរយៈការញុះញង់ឲ្យពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធងើបបះបោរប្រឆាំងរដ្ឋាភិបាល។ ប៉ុន្តែផែនការបោកប្រាស់ដោយប្រើប្រាស់ពលរដ្ឋ ឲ្យស្លាប់ជំនួសខ្លួនពិតជា បានជួបបរាជ័យជាថ្មី។ ម្តងនេះគឺជាបរាជ័យចុងក្រោយ ដែលនឹងឈានទៅរកភាពសាបសូន្យទាំងស្រុង នៃចលនានយោបាយឧទ្ទាមក្រៅច្បាប់នៅកម្ពុជា។ ទាំងពលរដ្ឋខ្មែរ ទាំងអង្គការសង្គម ស៊ីវិល ទាំងសហគមន៍អន្តរជាតិ និងពិសេសអង្គការសហប្រជាជាតិតាមរយៈសំឡេង របស់លោកស្រី រ៉ូណាស្មីត អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ដែលបានថ្លែងប្រាប់អង្គការសហប្រជាជាតិជាឧឡារឹកថា លោកស្រីមិនគាំទ្រនយោបាយញុះញង់ធ្វើរដ្ឋប្រហាររបស់ ទណ្ឌិត សម រង្ស៊ី ឡើយពីព្រោះជានយោបាយមិនសមស្រប និងមិនមែនជាដំណោះស្រាយឡើយ។
ដូច្នេះ កត្តាបរាជ័យទាំងអស់នេះ បូករួមនឹងការចូលរួមរបស់ប្រជាពលរដ្ធទូទាំងប្រទេស អបអរសាទរសប្បាយក្នុងពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ២០១៩នេះ គឺពិតជាបណ្តាសារចំពោះលោក សម រង្ស៊ី និងគូកនយ៉ាងពិតប្រាកដ៕
ដោយ៖ អ្នកតាមដាននយោបាយតុកាហ្វេ