(ភ្នំពេញ)៖ ការលើករបស់ទណ្ឌិត សម រង្ស៉ី ដោយមើលស្រាលលើកម្រិតសញ្ញាបត្រពីសាលាបណ្ឌិតសភាយោធាអាមេរិក West Point របស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក នាំឱ្យនិស្សិតខ្មែរដែលបានបញ្ចប់ការសិក្សាពីសាលាដ៏ល្បីល្បាញលើពិភពលោកមួយនេះ បានចេញមកប្រតិកម្មជាបន្តបន្ទាប់។
អ្នកស្រី មៀច សិទ្ធិការ្យ អតីតនិស្សិតសាលា West Point កូនខ្មែរទី២ បន្ទាប់ពីលោក ហ៊ុន ម៉ាណែត ដែលបានបញ្ចប់ការសិក្សាពីសាលានេះបានអះអាងថា សាលា West Point មិនចេញសញ្ញាបត្រក្លែងក្លាយ ឬស្តង់ដារពីរដូចការលើកឡើងរបស់ទណ្ឌិត សម រង្ស៉ី នោះឡើយ។ អ្នកស្រីបន្តថា នៅក្នុងសាលានេះទាំងនិសិ្សតយោធាអាមេរិក និងអន្តរជាតិ រៀនមិនបាន ឬមិនទាន់គេ ត្រូវបណ្តេញចេញភ្លាមដោយគ្មានការយោគយល់ ឬអធ្យាស្រ័យឡើយ។
អ្នកស្រី សិទ្ធិការ្យ បានបន្តថា ទាំងលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏ដូចជាអ្នកស្រី និងប្អូនរបស់អ្នកស្រីមួយរូបទៀត ដែលបានសិក្សានៅសាលានេះដែរនោះ បានខិតខំតស៊ូជម្នះជាមួយការលំបាកយ៉ាងខ្លាំងរយៈពេល៤ឆ្នាំ ដើម្បីបំពេញតម្រូវការសញ្ញាបត្រដ៏មានតម្លៃមួយនេះ។
ជាមួយការបញ្ជាក់ពីភាពត្រឹមត្រូវ និងច្បាស់លាស់ក្នុងការចេញសញ្ញាបត្ររបស់សាលា West Point ហើយនោះ អ្នកស្រី សិទ្ធិការ្យ ក៏បានសម្តែងការអាក់អន់ចិត្ត និងខឹងសម្បាចំពោះទណ្ឌិត សម រង្ស៉ី ផងដែរ។ អ្នកស្រីចាត់ទុកការលើកឡើងរបស់ទណ្ឌិតរូបនេះ ជាការមើលងាយខ្មែរ និងគិតថាខ្មែរធ្វើអ្វីមិនបាន។
«សម្តីរបស់គាត់នេះមើលងាយខ្មែរណាស់ ដែលគាត់នេះគិតថាខ្មែរធ្វើមិនបាន និងត្រូវមានស្តង់ដាផ្សេងពីសាសន៍ដទៃទៀត»។ អ្នកស្រី សិទ្ធិការ្យ បានគូសបញ្ជាក់។
នៅក្នុងសំណេរដែលបង្ហោះនៅលើទំព័រ Facebook នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩នេះ អ្នកស្រី សិទ្ធិការ្យ បានអំពាវនាវឱ្យទណ្ឌិត សម រង្ស៉ី ឈប់ធ្វើនយោបាយមើលងាយខ្មែរផងដែរ។ អ្នកស្រីបានអំពាវនាវបែបនេះ «ខ្ញុំអំពាវនាវឱ្យលោក សម រង្ស៉ី ឈប់ធ្វើនយោបាយមើលងាយខ្មែរខ្លួនឯង និងទទួលស្គាល់ភាពជោគជ័យរបស់ប្រជាជាតិខ្មែរខ្លះផង»។
ក្រៅពីអ្នកស្រី សិទ្ធិការ្យ មាននិស្សិតខ្មែរមួយរូបទៀត ដែលបញ្ចប់ការសិក្សានៅសាលាបណ្ឌិតសភាយោធាកងទ័ពជើងទឹក សហរដ្ឋអាមេរិក លោក អ៊ុង សិរីមង្គល ក៏បានសម្តែងការសោកស្តាយផងដែរ ចំពោះការលើកឡើងរបស់ទណ្ឌិត សម រង្ស៉ី។
លោក សិរីមង្គល បានលើកឡើងតាមទំព័រ Facebook ថា ទាំងរូបលោក និងឪពុកលោករីករាយរហូតស្រស់ទឹកភ្នែក ពេលបានបញ្ចប់ការសិក្សានៅសាលាបណ្ឌិតសភា យោធាកងទ័ពជើងទឹកអាមេរិក។ អ្វីដែលធ្វើឱ្យលោកមានមោទនភាពបំផុតនោះ គឺនៅពេលជនជាតិអាមេរិកបង្ហាញការគោរពចំពោះសមត្ថភាពរបស់លោកជាកូនខ្មែរ ដោយមិនផ្ដល់ករណីពិសេស (Special Treatment) ក្នុងពេលប្រលងណាមួយឡើយដើម្បីបញ្ចប់ការសិក្សានេះ ព្រោះគេយល់ថា សមត្ថភាពរបស់និស្សិតខ្មែរស្មើនឹងសមត្ថភាពរបស់និស្សិតអាមេរិក។
លោក សិរីមង្គល បានលើកឡើងទៀតថា ជាការសោកស្ដាយដែលទណ្ឌិត សម រង្ស៉ី បានមាក់ងាយកិច្ចខំប្រឹងប្រែង និងភាពជោគជ័យរបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលបានបញ្ចប់ការសិក្សាពីសាលាបណ្ឌិតសភាយោធាសហរដ្ឋអាមេរិក។ លោកបន្តថា ការមាក់ងាយនេះក៏ជាការមាក់ងាយទៅលើរូបលោក រួមទាំងនិស្សិតខ្មែរ ដែលបាននិងកំពុងសិក្សានៅសាលាបណ្ឌិតសភាយោធាសហរដ្ឋអាមេរិកផងដែរ។
សូមបញ្ជាក់ថា សាលាបណ្ឌិតសភាយោធាអាមេរិក West Point ជាសាលាដ៏ល្បីល្បាញមួយរបស់សហរដ្ឋអាមេរិក ដែលជាទីប្រាថ្នារបស់អ្នកសិក្សា ទាំងជាតិសាសន៍អាមេរិក និងជាតិសាសន៍ដទៃទៀតផងដែរ។ មកដល់បច្ចុប្បន្នមាននិស្សិតខ្មែរតិចតួចណាស់ដែល បានបញ្ចប់ការសិក្សាពីសាលាមួយនេះ ហើយមាននិស្សិតមួយចំនួនទៀតកំពុងសិក្សានៅសាលានេះផងដែរ។ លោកបណ្ឌិត ហ៊ុន ម៉ាណែត គឺកូនទី១ដែលបានបញ្ចប់ការសិក្សា នៅសាលាបណ្ឌិតសភាយោធាអាមេរិក West Point នេះ។
មិនថាតែក្រុមគ្រួសារ ឬសាច់ញាតិនិស្សិតដែលបញ្ចប់ការសិក្សានៅសាលានេះទេ ដែលមានមោទនភាព សូម្បីប្រជាពលរដ្ឋខ្មែរដទៃទៀត ក៏រីករាយ និងមានមោទនភាពណាស់នៅពេលបានឮដំណឹងថា មានកូនខ្មែរបានសិក្សា ឬបញ្ចប់ការសិក្សាពីសាលាមួយនេះ។ និស្សិតខ្មែរដែលបញ្ចប់ការសិក្សា ក៏ដូចជាកំពុងសិក្សា បានបង្ហាញឱ្យឃើញពីសមត្ថភាពដ៏អស្ចារ្យរបស់កូនខ្មែរ ហើយក៏ជាការទទួលបាននូវធនធានមនុស្សដ៏ប្រសើរសម្រាប់ជួយដល់សង្គមជាតិ។
ពាក់ព័ន្ធនឹងការចោទប្រកាន់ប្រមាថមាក់ងាយរបស់ទណ្ឌិត សម រង្ស៉ី ទៅលើកម្រិតសញ្ញាបត្ររបស់លោក ហ៊ុន ម៉ាណែត ពីសាលាបណ្ឌិតសភាយោធាអាមេរិក West Point នេះ លោក ហ៊ុន ម៉ាណែត បានឱ្យទណ្ឌិត សម រង្ស៉ី រកអំណះអំណាងមកបញ្ជាក់ផងដែរ។ លោក ហ៊ុន ម៉ាណែត ហ៊ានលាលែងចេញពីតំណែងទាំងអស់ របស់លោកនាពេលបច្ចុប្បន្ន មកធ្វើជាជនស៊ីវិលធម្មតា បើមានអំណះអំណាងបញ្ជាក់ដូចការលើកឡើងរបស់ទណ្ឌិត សម រង្ស៉ី មែននោះ។
តែទីបំផុតទៅទណ្ឌិត សម រង្ស៉ី មិនអាចរកអំណះអំណាងមកបញ្ជាក់លើអ្វីដែលខ្លួនបានលើកឡើងនោះឡើយ។ ពាក់ព័ន្ធនឹងការប្រមាថមាក់ងាយលើសមត្ថភាព របស់និស្សិតខ្មែរនេះមិនមែនជារឿងថ្មីឡើយ សម្រាប់ទណ្ឌិត សម រង្ស៉ី ដែលត្រូវបានគេចាត់ទុកជាបុគ្គលបរទេសនិយមរូបនេះ កន្លងទៅរូបលោកធ្លាប់ប្រមាថមាក់ងាយ លើសមត្ថភាពសិស្សនិស្សិតខ្មែរ ដែលបញ្ចប់ការសិក្សានៅក្នុងប្រទេសផងដែរ។
ការមាក់ងាយរបស់លោកពេលនោះ ក៏នាំឱ្យមានការប្រតិកម្មជាច្រើនពីអ្នកសិក្សា និងបណ្តាសាកលវិទ្យាល័យនានានៅកម្ពុជា៕