(ភ្នំពេញ)៖ លោក សម្យ កំសាន្ត នាយករងវិទ្យាល័យព្រះស៊ីសុវត្ថិ ទទួលបន្ទុកសាលារៀនជំនាន់ថ្មី បានលើកឡើងថា ការសិក្សាតាមប្រព័ន្ធឌីជីថល មិនតម្រូវឲ្យសិស្សានុសិស្ស មិនចេះអក្សរឡើយ ការចេះ ឬមិនចេះ អាស្រ័យលើការប្រតិបត្តិប៉ុណ្ណោះ មានន័យថា ប្រសិនបើសិស្សប្រតិបត្តិ ក្នុងការសរសេរនៅផ្ទះច្រើន នោះគុណភាពនៃការសរសេរនឹងទៅតាមនោះដែរ។
លោក សម្យ កំសាន្ដ បានអះអាងថា «មានការព្រួយបារម្ភច្រើនពីមហាជនមួយចំនួន ពាក់ព័ន្ធនឹងការសិក្សាតាមប្រព័ន្ធឌីជីថលដែលគិតថា នឹងធ្វើឲ្យសិស្សមិនអាចសរសេរបាន ឬសសេរមិនត្រូវជាដើម។ ពាក់ព័ន្ធនឹងមតិនេះ ខ្ញុំក៏មិនមានអីបដិសេធនោះទេ ព្រោះជាធម្មតាតិច ឬច្រើនតែងតែមាន ប៉ុន្ដែអ្នកទាំងអស់គ្នា ត្រូវគិតឡើងវិញថា តើគុណសម្បត្តិ និងគុណវិបត្តិមួយណាមានច្រើនជាង»។
លោកបានបន្ដថា ការសិក្សាបែបឌីជីថលមិនមែនតម្រូវឲ្យសិស្សទាំងអស់បោះប៊ិច, បោះដី.ស ចោលនោះឡើយ។ សម្រាប់ការងារសរសេរ ឬការងារអ្វីផ្សេងទៀតនោះគឺ នៅតែធ្វើដដែលប៉ុណ្ណោះ ព្រោះរឿងទាំងនេះ ធ្វើឡើងក្រោមការបញ្ជាពីខួរក្បាល។
លោក សម្យ កំសាន្ត បានបន្ថែមថា «ចំពោះមតិយល់ថា ការសិក្សាបែបឌីជីថល នឹងតម្រូវឲ្យសិស្សមិនចេះសរសេរអក្សរ មិនមែនជាទស្សនៈត្រឹមត្រូវនោះទេ គ្រាន់តែជាទស្សនៈមួយជ្រុងប៉ុណ្ណោះ គ្រប់យ៉ាងអាស្រ័យលើការប្រតិបត្តិរបស់សិស្សទាំងនោះ»។
ទាក់ទិនជាមួយវិស័យអប់រំនេះដែរ លោក សម្យ កំសាន្ត ក៏បានជម្រាបជូនអំពីផែនមួយចំនួន ដើម្បីអភិវឌ្ឍន៍វិស័យអប់រំ នៅក្នុងសាលារៀនជំនាន់ថ្មី ដោយលោកបានបញ្ជាក់ថា សាលារៀនជំនាន់ថ្មីមិនមែនចេះតែរៀបចំផែនការអ្វីមួយតាមនឹកឃើញភ្លាមធ្វើភ្លាមនោះទេ គឺសាលាមានផែនការ៣ឆ្នាំ ឬ៥ឆ្នាំទៅខាងមុខ។
លោកបញ្ជាក់ថា ការសិក្សានៅសាលារៀនជំនាន់ថ្មី សិស្សដែលបញ្ចប់នៅក្នុងថ្នាក់វិទ្យាល័យ ពួកគេនឹងមានសមត្ថភាពគ្រប់គ្រាន់ ដែលនឹងអាចបន្ដការសិក្សាតាមផ្នែកផ្សេងៗបាន គឺគេមានសមត្ថភាពស្រាវជ្រាវ ឬកិច្ចការផ្សេងៗ ដោយមិនមានផលលំបាកនោះឡើយ។
លោកក៏បានបន្ថែមថា សម្រាប់ផែនការដទៃទៀត គឺសាលានឹងរៀបចំកម្មវិធីសិក្សា និងមេរៀនរបស់លោកគ្រូ-អ្នកគ្រូ ចែករំលែកទៅសិស្សតាមបែបឌីជីថល ដែលអាចដាក់ចូលក្នុងបណ្ណល័យឌីជីថលដែរ ដើម្បីឲ្យកូនសិស្សអាចសិក្សាស្រាវជ្រាវ។ បន្ថែមពីនេះសាលានឹងរៀបចំឲ្យមានធនាគារសំណួរ ដើម្បីឲ្យកូនសិស្សពេលរៀនសូត្រហើយអាចមានឱកាសធ្វើតេស្ដសាកល្បង ចំណេះដឹងរបស់ពួកគេ ដើម្បីឲ្យសិស្សដឹងថា ពួកគេរៀនចេះត្រង់ណា មិនចេះត្រង់ណា និងបំពេញបន្ថែមនូវចំណុចខ្វះខាត។
លោកឲ្យដឹងថា ក្នុងមួយឆ្នាំៗសាលារៀនជំនាន់ថ្មីព្រះស៊ីសុវត្ថិ មិនអាចរកសិស្សសិក្សាបានច្រើនឡើយ ដោយសារតែសាលាត្រូវការសិស្ស ដែលមានឆន្ទៈក្នុងការសិក្សាប៉ុណ្ណោះ។ ជាក់ស្ដែងសម្រាប់ឆ្នាំនេះ មានសិស្សចង់មកសិក្សាមានចំនួន១២៦៤នាក់ ប៉ុន្ដែសាលាអាចទទួលបានសិស្ស ចូលសិក្សាត្រឹមតែ២៥០នាក់ប៉ុណ្ណោះ។
សម្រាប់ថ្លៃសិក្សាវិញ ក្នុងសិស្សម្នាក់វិនិយោគចំនួនជាង៣០០ដុល្លារក្នុង១ឆ្នាំ៕