(ក្រចេះ)៖ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ បានសម្រេចផ្ដល់ពូជស្រូវបម្រុង ចំ នួន៩០តោន ដើម្បីចែកជូនប្រជាពលរដ្ឋនៅខេត្តក្រចេះ ក្រោយដំណាំស្រូវប្រមាណ៣,៦០០ហិកតា នៅក្រុងស្រុកចំនួន៥ក្នុងខេត្តនេះ រងផលប៉ះពាល់ដោយសារទឹកជំនន់នាពេលកន្លងទៅ។
នេះបើតាមការឲ្យដឹងពី ទេសរដ្ឋមន្ដ្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ នៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩នេះ ក្រោយបញ្ចប់កិច្ចប្រជុំពិនិត្យ និងពិភាក្សាលើរបាយការណ៍ស្តីពី បញ្ហាប្រឈម និងផលប៉ះពាល់ដោយទឹកជំនន់ទន្លេមេគង្គនាពេល កន្លងមកដើម្បីឆ្លើយតប និងជួយគាំទ្រដល់កសិករ ក្នុងការផ្តល់ស្រូវពូជសម្រាប់៥ក្រុងស្រុក ក្នុងភូមិសាស្ត្រខេត្តក្រចេះ។
កិច្ចប្រជុំនេះ មានគោលបំណងស្វែងយល់ពីបញ្ហាប្រឈម ដែលបាននិងកំពុងជួបប្រទះ ដើម្បីសិក្សាជាក់លាក់ទៅ លើបច្ចុប្បន្នភាពទិន្នន័យ នៃផលប៉ះពាល់ និងស្តាប់របាយការណ៍ ជាក់លាក់ពីតម្រូវការស្តាឡើងវិញ នៃការដាំដុះ និងការបន្តកិច្ចខិតខំប្រឹងប្រែងរួមសហការគ្នា ដើម្បីស្វែងរកដំណោះស្រាយ ក្នុងន័យស្ថាបនាដោយតម្រង់ចក្ខុវិស័យ គិតគូរក្នុងការពន្លឿនការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ប្រកបដោយប្រសិទ្ធភាព សំដៅឈានទៅដល់ការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
ក្នុងឱកាសនោះ ទេសរដ្ឋមន្ត្រី គន់ គីម បានបញ្ជាក់ថា ចំពោះមុខថ្នាក់ដឹកនាំគ្រប់ថ្នាក់ ត្រូវតាមដានចុះជាប់ជាប្រចាំទៅដល់មូលដ្ឋាន ដែលទទួលរងនៅ ផលប៉ះពាល់ជាក់លាក់ ដើម្បីជួយសង្រ្គោះ និងស្តារឡើងវិញដំណាំរងនូវការខូខាតតាមរយៈការផ្តល់គ្រាប់ពូជ។
ឆ្លៀតក្នុងឱកាសនោះ ទេសរដ្ឋមន្រ្តី គន់ គីម ក៏បានចុះពិនិត្យទីតាំងជាក់ស្តែងដោយផ្ទាល់ ដើម្បីស្វែងយល់ពីបញ្ហាប្រឈម និងតម្រូវការជាក់ស្តែងរបស់ ប្រជាពលរដ្ឋ ក្រោយទឹកជំនន់ និងបានផ្តាំផ្ញើឲ្យប្រជាពលរដ្ឋរងគ្រោះទាំងអស់ឲ្យថែរក្សាសុខភាពឲ្យបានល្អ និងសម្អាតភូមិលំនៅដ្ឋានរបស់ខ្លួន នៅពេលត្រឡប់មកកាន់លំនៅដ្ឋានវិញ បន្ទាប់ពីទឹកជំនន់ស្រកចុះ។
ក្រោយចុះទៅដល់ទីតាំងជាក់ស្តែងឃើញថា ស្រូវដែលរងផលប៉ះពាល់ប្រមាណ៤ពាន់ហិកតានេះ ស្តារឡើងវិញបានប្រមាណ៣៦០០ហិកតាតែប៉ុណ្ណោះ ព្រោះថាកន្លែងខ្លះ ពុំមានប្រភពទឹកគ្រប់គ្រាន់ និងកន្លែងខ្លះទៀត មានប្រភពទឹកអាចស្រោចស្រប់បាន។ ដោយឡែកតំបន់ខ្លះប្រជាកសិករគាត់មានស្រូវពូជស្រាប់ ដែលនៅសេសសល់ និងកំពុងស្តារឡើងវិញជាបណ្តើរ ក្នុងចំណោមផ្ទៃដីដែលអាចស្តារឡើងវិញ ក្នុង៣៦០០ហិកតានេះ មកទល់ពេលនេះ ពួកគាត់បានស្តារឡើង ជិត៦០០ហិកតា។
លោកបន្ថែមថា ស្ថានភាពនេះ បានប៉ះពាល់ដល់ស្រុកចំនួន៥ក្នុង ខេត្តក្រចេះ គឺស្រុកសំបូរ ស្រុកចិត្របុរី ព្រែកប្រសព្វ ក្រុងក្រចេះ និងស្រុកឆ្លូង ដែលបណ្តាលឲ្យមានការខូចខាតដំណាំស្រូវ សរុបចំនួន៣,៦៩៩ហិកតា ក្នុងនោះអាជ្ញាធរខេត្ត មានគម្រោងស្នើសុំ នៃផ្ទៃដីជាក់ស្តែងដែលអាចស្តាឡើងវិញ បានមានចំនួន១៨៤,៩៧៥គីឡូក្រាម ស្មើនឹង៣,៩៤៦គ្រួសារ លើប្រជាពលរដ្ឋចំនួន៥ស្រុកក្រុង នៃខេត្តក្រចេះ។ ដោយឡែកនៅក្នុងខេត្តសៀមរាប អាជ្ញាធរខេត្ត ក៏បានស្នើសុំពូជស្រូវសម្រាប់២ស្រុក គឺស្រុកសូត្រនិគម និងជីក្រែង ដែលមានចំនួន៩៦.៨៦តោន។
ក្រោយពីពិនិត្យឃើញប្រជាពលរដ្ឋទទួលរងគ្រោះ ដោយសារទឹកជំនន់ហើយស្រូវ ត្រូវបានបំផ្លាញរាជរដ្ឋភិបាល បានសម្រេចផ្តល់ជូន ស្រូវពូជបម្រុង ចំនួន៩០តោន សម្រាប់ខេត្តនេះ ហើយនឹងសិក្សាបន្តទៀត ព្រោះកន្លែងខ្លះដីលិចទឹកមួយចំនួន ពុំទាន់ដាំដុះបាននៅឡើយ។ ដូច្នេះអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវបន្តចុះសិក្សាជាក់ស្តែងនៅមូលដ្ឋាន ហើយត្រូវរាយការណ៍ជូនរាជរដ្ឋាភិបាលកម្ពុជា តាមរយៈគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន ដើម្បីសម្រេចផ្តល់ស្រូវពូជសម្រាប់ប្រជាពលរដ្ឋធ្វើការស្តាឡើងវិញឲ្យទាន់ពេលវេលា ដែលស្រូវពូជទាំងនេះ គឺជាប្រព័ន្ធស្បៀងបម្រុងកម្ពុជា៕