(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩នេះ បានទទួលជួបលោក Takuya KAMATA នាយកប្រតិបត្តិផ្នែកទឹកសកលប្រចាំតំបន់អាស៊ីខាងត្បូង នៃធនាគារពិភពលោក នៅទីស្ដីការក្រសួងកសិកម្ម។
ជំនួបសម្តែងការគួរសមខាងលើនេះ ដើម្បីរាយការណ៍អំពីវឌ្ឍនភាព នៃការអនុវត្តគម្រោងស្តីពី ការគ្រប់គ្រងធនធានទឹក ជលផល និងវារីសាស្រ្ត នៅភូមិភាគឦសាន មានខេត្តក្រចេះ និងស្ទឹងត្រែង ដែលបាននិងកំពុងអនុវត្ត ដោយរដ្ឋបាលជលផល ក្នុងគោលបំណងលើកកម្ពស់ជីវភាព សន្តិសុខស្បៀង និងរក្សាប្រព័ន្ធអេកូឡូស៊ី និងពិភាក្សាអំពីលទ្ធភាពបន្ត និងពង្រីកវិសាលភាពនៃគម្រោងនេះ។
លោករដ្ឋមន្រ្តី វេង សាខុន បានថ្លែងអំណរគុណជូនចំពោះធនាគារពិភពលោក ដែលបានបន្តជួយគាំទ្រ ដល់ការអភិវឌ្ឍវិស័យកសិកម្មកម្ពុជា ឲ្យមានការរីកចម្រើនជាបន្តបន្ទាប់ ជាក់ស្តែងក្នុងអនុវិស័យជលផល តាមរយៈការអនុវត្តគម្រោង ស្តីពីការគ្រប់គ្រងធនធានទឹក ជលផល និងវារីសាស្រ្តចម្រុះទន្លេមេគង្គដំណាក់កាលទី៣ សមាសភាព១ (M-IWRM-3) គឺបានជួយគាំទ្រក្នុងការទប់ស្កាត់ បទល្មើសជលផល ការគ្រប់គ្រង ការពារ អភិរក្សធនធានជលផល និងសហគមន៍នេសាទសម្រាប់ពេលបច្ចុប្បន្ន និងអនាគតយ៉ាងមានប្រសិទ្ធភាព។
លោករដ្ឋមន្ត្រី សង្ឃឹម និងជឿជាក់ថា ធនាគារពិភពលោក នឹងបន្តផ្តល់ការគាំទ្រ ដល់ការអភិវឌ្ឍវារីវប្បកម្ម ក្នុងគោលបំណង ដើម្បីបង្កើនផលិតភាពផលិតកម្ម និរន្តរភាពនៃផលចាប់ ធានាបាននូវបរិមាណគុណភាព តម្លៃបន្ថែម និងពង្រឹងការបណ្តុះបណ្តាល គ្រប់គ្រង កែច្នៃ វេចខ្ចប់ ឃ្លាំងស្តុក ការរក្សាទុកដាក់ឲ្យបានត្រឹមត្រូវ តាមបច្ចេកទេសស្តង់ដារ ធានាគុណភាព សុវត្ថិភាព និងអនាម័យ ដើម្បីបង្កើនភាពប្រកួតប្រជែង ទាំងទីផ្សារក្នុងស្រុក និងក្រៅស្រុក តាមអភិក្រម «រដ្ឋ ឯកជន ដៃគូអភិវឌ្ឍន៍ និងសហគមន៍»។
លោក Kamata បានថ្លែងអំណរគុណ ជូនចំពោះការផ្តល់កិច្ចសហការបានល្អ ពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសរដ្ឋបាលជលផល ដែលធ្វើឲ្យការអនុវត្តគម្រោង ទទួលបានលទ្ធផលតាមការរំពឹងទុក។
លោក Kamata ក៏បានឯកភាពទាំងស្រុង នូវចំណុចសំខាន់ៗ ដែលលោករដ្ឋមន្រ្តី បានលើកឡើងទាក់ទងនឹងការកែលម្អរចនាសម្ព័ន្ធទីផ្សារ ការជួយបណ្តុះបណ្តាលបច្ចេកទេសកែច្នៃ វេចខ្ចប់ ស្តុកទុក និងដឹកជញ្ជូន និងការកសាងហេដ្ឋារចនា សម្ព័ន្ធសំខាន់ៗគាំទ្រ ដល់ដំណើរការកែច្នៃផលវារីវប្បកម្ម ដើម្បីឈានទៅធ្វើការលើកកម្ពស់គុណភាព ការប្រកួតប្រជែង និងនាំចេញសមស្របតាមស្តង់ដាទីផ្សារតម្រូវ គឺបានបញ្ចូលជាផែនការសកម្មភាពស្នូលនៃគម្រោងគាំទ្រថ្មី ហើយសង្ឃឹមថានឹងអាចទទួលបានការគាំទ្រ និងអនុម័តនាពេលឆាប់ៗខាងមុខនេះ។
សូមបញ្ជាក់ផងដែរថា គម្រោងស្តីពីការគ្រប់ គ្រងធនធានទឹក ជលផល និងវារីសាស្រ្តចម្រុះទន្លេមេគង្គដំណាក់កាលទី៣ សមាសភាព១ (M-IWRM-3) បានគាំទ្រដល់សហគមន៍នេសាទចំនួន៤០ ក្នុងខេត្តក្រចេះ និងស្ទឹងត្រែង ក្នុងការពង្រឹងសមត្ថភាពលើការគ្រប់គ្រង និងដឹកនាំរបស់គណៈកម្មការសហគមន៍នេសាទ បានធ្វើបច្ចុប្បន្នភាពនៃការគ្រប់គ្រងកន្លែងនេសាទ របស់សហគមន៍ បង្កើតវគ្គបណ្តុបណ្តាល ផ្សព្វផ្សាយគោលការណ៍ ណែនាំស្តីពីការបោះបង្គោលព្រំប្រទល់ សហគមន៍នេសាទ ចែកទូកទុកសម្រាប់ល្បាតយាមព្រៃ និងដែននេសាទសហគមន៍ ដើម្បីការពារបទល្មើស ការកាប់រានដីព្រៃលិចទឹក -ល-៕