(កណ្ដាល)៖ រដ្ឋបាលខេត្តកណ្តាល នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩នេះ បានរៀបចំមហាសន្និបាតអាណត្តិទី៣ របស់សមាគមក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់ ដើម្បីពង្រឹងការផ្ដល់សេវាសាធារណៈតាមមូលដ្ឋាន។
ថ្លែងនៅក្នុងពិធីបើកមហាសន្និបាតនេះ លោក សយ កុសល ប្រធានសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន បានជំរុញដល់សមាគមមូលដ្ឋាន និងក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ត្រូវយកចិត្តទុកដាក់ពង្រឹងស្ថាប័នឱ្យកាន់តែរឹងមាំ ឱ្យក្លាយជាអ្នកផ្តល់សេវាប្រកបដោយប្រជាធិបតេយ្យ នៅក្នុងមូលដ្ឋានពិតប្រាកដ ត្រូវពង្រឹងចីរភាពហិរញ្ញវត្ថុ ពង្រឹងការកសាងសមត្ថភាពក្រុមប្រឹក្សា ធ្វើយ៉ាងណាឱ្យការបម្រើសេវាសាធារណៈ និងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការប្រកបដោយគុណភាព និងប្រសិទ្ធភាព។
លោកបានបន្តទៀតថា គោលបំណងសំខាន់ក្នុងការរៀបចំមហាសន្និបាត គឺដើម្បីកែសម្រួល និងអនុម័តលក្ខន្តិកៈ ព្រមទាំងបោះឆ្នោតជ្រើសរើស ប្រធាន-អនុប្រធានសមាគម សម្រាប់អាណត្តិទី៣ មកបន្តដឹកនាំលើកកម្ពស់ ការអភិវឌ្ឍមត្ថភាព និងការពារផលប្រយោជន៍ស្របច្បាប់របស់ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ដែលជាសមាជិកសមាគម ក្នុងខេត្តកណ្ដាលទាំងមូល ដែលមាន១១ក្រុង ស្រុក និង១២៧ឃុំសង្កាត់។
លោកបណ្ឌិត ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាល បានបញ្ជាក់ថា មហាសន្និបាតអាណត្តិទី៣ របស់សមាគមក្រុមប្រឹក្សា ក្រុង ស្រុក ឃុំសង្កាត់ ខេត្តកណ្ដាល គឺជាឱកាសដែលសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ខេត្តកណ្ដាល បង្ហាញនូវសមិទ្ធិផល ដែលខ្លួនសម្រេចបានក្នុងការលើកកម្ពស់ សមត្ថភាព និងការការពារផលប្រយោជន៍ស្របច្បាប់របស់ប្រធាន និងសមាជិកក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់ ខេត្ត បន្ទាប់ពីត្រូវបានបង្កើតឡើងអស់រយៈពេលជាង ៥ឆ្នាំ តាមរយៈមហាសន្និបាតលើកទី២។
លោកអភិបាលខេត្ត ក៏បានណែនាំដល់ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ត្រូវយកចិត្តទុកដាក់ស្តាប់ និងចូលរួមពិភាក្សាអនុម័តលក្ខន្តិកៈ ដើម្បីបង្កើនការយល់ដឹងឱ្យកាន់តែស៉ីជម្រៅ អំពីតួនាទី ភារកិច្ច និងដំណើរការរបស់សមាគម ក្នុងការការពារផលប្រយោជន៍របស់ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត នៅក្នុងខេត្តកណ្តាល៕