(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានៅថ្ងៃពុធ ៤កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ស្អែកនេះ នឹងអញ្ជើញវិញ្ញាបនបត្រ និងសញ្ញាបត្រជូនសិស្សថ្នាក់វិជ្ជាជីវៈគរុកោសល្យ និងនិស្សិតបញ្ចប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់សរុប ១,១៨៣នាក់ ក្នុងនោះនារី ៦៣៥នាក់។ ពិធីនេះចែកវិញ្ញាបនបត្រ និងសញ្ញាបត្រនេះ នឹងធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
លោកបណ្ឌិត លី ឆេង សាកលវិទ្យាធិការសាកលវិទ្យាល័យ «ប៊ែលធី អន្តរជាតិ» បានឱ្យដឹងថា និស្សិតជ័យលាភីនេះមានឱកាសទទួលបានការងារធ្វើប្រមាណ ៩៦.៥៣ភាគរយ។ គិតមកដល់ឆ្នាំសិក្សា ២០១៨-២០១៩ សិស្សថ្នាក់វិជ្ជាជីវៈគរុកោសល្យ និង និស្សិត បានបញ្ចប់ការសិក្សាសរុបចំនួន ១,៩១៨នាក់ ក្នុងនោះនារី ៩៤៩នាក់។
សូមបញ្ជាក់ថា សាកលវិទ្យាល័យ «ប៊ែលធីអន្តរជាតិ» ជាសាកលវិទ្យាល័យមានឈ្មោះល្បីមួយនៅក្នុងចំណោមសាកលវិទ្យាល័យល្បីៗនៅកម្ពុជា ដែលបាននិងកំពុងបណ្តុះបណ្តាលលើកម្មវិធីសិក្សាជាភាសាជាតិ និងកម្មវិធីសិក្សាអន្តរជាតិ។ ក្នុងនោះកម្មវិធីសិក្សាជាភាសាជាតិ បង្រៀនជាពីរភាសា គឺភាសាខ្មែរ និងភាសាអង់គ្លេស និងកម្មវិធីសិក្សាអន្តរជាតិ បង្រៀនជាភាសាអង់គ្លេស១០០% និងមានបង្រៀន ៥កម្មវិធីសិក្សាធំៗ ដូចជា៖ (១)- ថ្នាក់បំប៉នភាសាអង់គ្លេស-ចិន-ជប៉ុន (២)- ថ្នាក់វិជ្ជាជីវៈគរុកោសល្យ (៣)- ថ្នាក់បរិញ្ញាបត្រ (៤)-ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង(៥)- ថ្នាក់បណ្ឌិត។
លោកបណ្ឌិត លី ឆេង បានឱ្យដឹងថា សាកលវិទ្យាល័យ បានយកចិត្តទុកដាក់លើកកម្ពស់វិស័យអប់រំដោយផ្តោតទៅលើសីលធម៌ និងគុណធម៌ និងអប់រំនិស្សិតឱ្យស្គាល់ច្បាស់ពីអត្តសញ្ញាណជាតិរបស់ខ្លួន ឱ្យចេះស្រឡាញ់ប្រទេសជាតិមាតុភូមិ គោរពច្បាប់រដ្ឋ មិនរើសអើងជាតិសាសន៍ អនុវត្តតាមបទបញ្ជាផ្ទៃក្នុងរបស់ប៊ែលធី និងអប់រំឱ្យមានទាំងចំណេះដឹង និងចំណេះធ្វើ ដែលមានលក្ខណៈវិទ្យាសាស្ត្រខ្ពស់ ស្របតាមការរីកចម្រើន ផ្នែកបច្ចេកវិទ្យា និងបដិវត្តឧស្សាហកម្មជំនាន់ ៤.០ របស់សកលលោកនាពេលបច្ចុប្បន្ន។
លោកសាកលវិទ្យាធិការបន្តថា ដោយឈរលើមូលដ្ឋានគុណភាពជាចម្បង សាកលវិទ្យាល័យ បានខិតខំកែលម្អ និងអភិវឌ្ឍកម្មវិធីសិក្សា ឱ្យស្របតាមស្តង់ដារជាតិ របស់ក្រសួងអប់រំ យុវជន និងកីឡា និងអន្តរជាតិ ព្រមទាំងធ្វើឲ្យស៊ីគ្នារវាងកម្មវិធីមុខវិជ្ជា និងពេលវេលាសិក្សា ជាមួយសាកលវិទ្យាល័យដៃគូនានានៅឯក្រៅប្រទេស ដើម្បីបង្កភាពងាយស្រួល ជូនដល់និស្សិតដែលចង់បន្តការសិក្សានៅបរទេស ដោយសាកលវិទ្យាល័យ បានធ្វើកិច្ចសហប្រតិបត្តិការ និងចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ជាមួយគ្រឹះស្ថានអប់រំ ចំនួន៤៤ មកពី ១១ប្រទេស ជុំវិញពិភពលោក បានសហការរៀបចំកម្មវិធី តាំងពិព័រណ៍អប់រំ និងសន្និសីទអន្តរជាតិធំៗ ជាច្រើនផងដែរ។
បើតាមលោក លី ឆេង នៅពេលបច្ចុប្បន្ននេះ សាកលវិទ្យាល័យ «ប៊ែលធី អន្តរជាតិ» មាន ២ទីតាំង ក្នុងនោះទីតាំងទី១ ស្ថិតនៅទួលស្លែង កំពុងដំណើរការ និងទីតាំងទី២ រង្វង់មូលចោមចៅ កំពុងសាងសង់ ដោយមានបុគ្គលិក និងសាស្រ្តាចារ្យកំពុងបម្រើការចំនួន ១១៤នាក់ នារី ២៤នាក់ និងនិស្សិតកំពុងសិក្សាចំនួន ១,៥៨០នាក់ នារី ៧៥៣នាក់។
កម្មវីធីថ្ងៃស្អែកនេះ ក្រៅពីការចែកវិញ្ញាបនបត្រ និងសញ្ញាបត្រ ក៏មានពិធីប្រកាសផ្សព្វផ្សាយសៀវភៅ «ហ៊ុន សែន កម្ពុជា»ផងដែរ។ បើតាមលោក លី ឆេង សៀវភៅ «ហ៊ុន សែន កម្ពុជា» ត្រូវបានចាប់ផ្តើមស្រាវជ្រាវនិពន្ធ កាលពីខែសីហា ឆ្នាំ២០១៥ ហើយបានបញ្ចប់ជាស្ថាពរនៅខែឧសភា ឆ្នាំ២០១៩។
សៀវភៅនេះ រៀបរៀងឡើងក្នុងគោលបំណងចងក្រងឯកសារជាប្រវត្តិសាស្ត្រដ៏មានសារៈសំខាន់ និងគោលនយោបាយបង្រួបបង្រួមជាតិ និងអភិវឌ្ឍប្រទេសពីគំនរបាក់បែកដោយសារសង្គ្រាម និងការបំផ្លាញខ្ទេចខ្ទីក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ជាពិសេសប្រមូលចងក្រងនូវអនុសាសន៍ប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដើម្បីទុកជាឯកសារដ៏មានតម្លៃបំផុតជូនដល់សិស្ស-និស្សិត និងអ្នកសិក្សាគ្រប់មជ្ឈដ្ឋាន ធ្វើការសិក្សាស្រាវជ្រាវ អំពីប្រវត្តិពិស្តារ និងការតស៊ូរបស់ថ្នាក់ដឹកនាំ ដែលបានលះបង់គ្រប់បែបយ៉ាង និងហ៊ានពលីជីវិត ដើម្បីបុព្វហេតុជាតិ មាតុភូមិនិងប្រជាជន ហើយបន្តការពារ កសាង ស្វែងរកសុខសន្តិភាព និងអភិវឌ្ឍជូនប្រទេសជាតិ រហូតមកដល់បច្ចុប្បន្ន។
សៀវភៅនេះត្រូវបានស្រាវជ្រាវ និងនិពន្ធឡើង ដោយមានការសហការ និងទទួលខុសត្រូវរួមគ្នាដោយបុគ្គលមួយចំនួនដែលមានសមាសភាពដូចខាងក្រោម៖
១៖ លោក សេង ទៀង នាយករងខុទ្ធកាល័យ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
២៖ លោកសាស្ត្រាចារ្យ ទូច គីមស្រ៊ាង ប្រធានសមាគមទ្រទ្រង់អក្សរសាស្ត្រ និងវប្បធម៌ខ្មែរ ជាប្រធានក្រុមអ្នកស្រាវជ្រាវ និងនិពន្ធ។
៣៖ លោក អៀង ពិសី សាស្ត្រាចារ្យអក្សរសាស្ត្រខ្មែរ របស់សាកលវិទ្យាល័យ «ប៊ែលធី អន្តរជាតិ» ជាអ្នកស្រាវជ្រាវចងក្រង និងនិពន្ធ។
៤៖ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងសហការី ជាអ្នកត្រួតពិនិត្យពាក្យពេចន៍ ខ្លឹមសារ និងកាលប្រវត្តិរបស់សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ។
៥៖ លោក លី ឆេង ជាអ្នកកែសម្រួលទម្រង់សៀវភៅ មាតិកា និងរូបថតសំខាន់ៗមួយចំនួន ព្រមទាំងឧបត្ថម្ភថវិកាសម្រាប់ទ្រទ្រង់សកម្មភាពស្រាវជ្រាវ និងអ្នកនិពន្ធ តាំងពីចាប់ផ្តើមរហូតដល់សៀវភៅបានបញ្ចប់ និងបោះពុម្ភជាស្ថាពរ។
សៀភៅ «ហ៊ុន សែន កម្ពុជា» នេះបោះពុម្ភជាលើកទី១ ចំនួន ៣៣,៩៨៧ក្បាល៕