(កំពង់ធំ)៖ ប្រជាពលរដ្ឋនៅក្នុងស្រុកស្ទោង ខេត្តកំពង់ធំ នៅតែបន្តប្រពៃណី ទំនៀមទម្លាប់ និងជំនឿសាសនា នៃការរៀបចំពិធីបុណ្យអ៊ុទូក «ផ្កាចារ» នៅថ្ងៃភ្ជុំបិណ្ឌ និងក្រោយថ្ងៃភ្ជុំបិណ្ឌ ដែលមានរយៈពេល ៣ថ្ងៃ គឺថ្ងៃទី២៩-៣០ ខែកញ្ញា និងថ្ងៃទី០១ ខែ តុលា ក្នុងគោលបំណងចូលរួមអភិរក្សតាមប្រពៃណី ជំនឿដែលមានតាំងពីបុរាណមក។
ព្រះចៅអធិការវត្តករណីដើម (ហៅវត្តក្តីដើម) ព្រះនាមភិក្ខុញាណបញ្ញា សុខ សំបូរ បានមានសង្ឃដីការថា ការរៀបចំពិធីអ៊ុទូកផ្កាចារ ក្នុងថ្ងៃភ្ជំបិណ្ឌ និងក្រោយថ្ងៃភ្ជំបិណ្ឌ នៅក្នុងស្រុកស្ទោងមុខវត្តករណីដើម (ហៅវត្តក្តីដើម) មានតាំងពីបុរាណមក ដែលតាមពាក្យតំណាលតៗ គ្នាប្រហែលជាង ៤០០ឆ្នាំមកហើយ។ ប៉ុន្តែត្រូវអាក់ខានព្រោះ មានសង្រ្គាម ក្រោយមកសម័យកាលមានសុខសន្តិភាព បានចាប់ផ្តើមធ្វើឡើងវិញ ជារៀងរាល់ឆ្នាំបន្តរហូតមក។
ជាមួយគ្នានេះលោក ណែត សារី អភិបាលស្រុកស្ទោង បានលើកឡើងថា ការប្រណាំងទូកផ្កាចារ នៅក្នុងស្រុកស្ទោងមានរាប់រយឆ្នាំមកហើយ ដែលជាមរករបស់ដូនតា ជាពិសេស គឺប្រពៃណីរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នេះ ដែលជារៀងរាល់ឆ្នាំ។ ការអ៊ុទូកនេះ មិនបានចាប់ជាលេខរៀង ឬប្រកួតយកចំណាត់ថ្នាក់ លេខមួយ ឬលេខពីរនោះទេ។ ប៉ុន្តែជាទំនៀមទម្លាប់មួយ នៃការបន់ស្រន់ សុំសេចក្តីសុខកំឲ្យមានជម្ងឺបៀតបៀន។ ក្នុងនោះដែរ កីឡាករទូក និងអ្នករាំក្បាលទូក តែងតែលាបមុខតែងខ្លួន ជាកំប្លុកកប្លែង ទៅតាមចំណងចំណូលចិត្ត ទៅតាមលក្ខណៈពិសេស នៃទូករបស់ខ្លួនដែលទូកខ្លះ មានគូស និងគំនូនៅលើផ្នែកក្បាលទូករៀងៗខ្លួន ឬសរសេរជាអក្សរភាសារចិន ឬភាសារផ្សេងទៀត ដែលបញ្ជាក់ពីការឆ្លងដែនដីមកភ្នាល់យកជ័យលាភីផង។
លោកបានបន្តទៀតថា ការប្រណាំងទូកផ្កាចារនេះ បានផ្ដល់អត្ថប្រយោជន៍ ៤យ៉ាងធំៗរួមមាន៖
*ទី១៖ ជាទីកន្លែងសំរាប់សប្បាយរីករាយរបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងស្រុកស្ទោង ដែលធ្លាប់សប្បាយតាំងពីយូរយារណាស់មកហើយ
*ទី២៖ ជាប្រភេទកីឡាផ្ដល់ភាពរីករាយសាមគ្គីភាពផ្ទៃក្នុង លើការស្រុះស្រួលគ្នា ដើម្បីយកជ័យជម្នះលើគូប្រកួត
*ទី៣៖ កាត់បន្ថយការដើរលេងកំសាន្តឆ្ងាយដែលអាចនាំឱ្យមានគ្រោះថ្នាក់ជាយថាហេតុ
*ទី៤៖ ជាកន្លែងទេសចរណ៍មួយ ដែលនាំចំណូលដល់ប្រជាពលរដ្ឋ ក្នុងស្រុកដែលទស្សនិកជនជិតឆ្ងាយមកញ៉ាំអាហារចាក់ប្រេងសាំង ទិញត្រីងៀតសាច់ក្រកជាដើម។
ក្រុមកីឡាករ បានលើកឡើងថា ភាពសប្បាយរីករបស់ប្រជាពលរដ្ឋទាំងអស់នៅក្នុងស្រុកស្ទោង ក្រោយថ្ងៃភ្ជុំបិណ្ឌធំ គឺកម្មវិធីបុណ្យអ៊ុទូក មានរយៈពេល ៣ថ្ងៃដែលកន្លែងនេះ គឺជាកន្លែងណាត់ជួបដ៏សប្បាយរីករាយ របស់ប្រជាពលរដ្ឋទូទាំងស្រុក ជាពិសេគឺជាការចូលរួមអភិរក្ស និងថែរក្សា ទំនៀមទម្លាប់តែម្តង។ ក្រៅពីភាពសប្បាយរីករាយ ការអ៊ុទូកនេះ បាននាំមកនូវសាមគ្គីភាព ការជួបជុំគ្នា ជាពិសេសវាគឺជំនឿ ក៏ដូចជាសកម្មភាពនៃការនាំសេដ្ឋកិច្ច ព្រមទាំងនាំក្តីសុខដល់ប្រជាពលរដ្ឋទូទាំងស្រុកស្ទោងផងដែរ។
ក្នុងនោះកីឡាករទូក ក៏បានអំពាវនាវដល់យុវជនរួមគ្នា គោរពច្បាប់ចរាចរណ៍ដោយពាក់មួកសុវត្ថិភាព ពេលបើកបរទោះទៅទីជិត ឬទីឆ្ងាយក៏ដោយ បើកបរដោយគោរពសិទ្ធអទិភាព មិនប្រើប្រាស់គ្រឿងស្រវឹង និងលើសល្បឿនកំណត់ បើកបរដោយយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក និងចៀសឆ្ងាយអំពីគ្រឿងញៀន៕