(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមនៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០១៩ បានដឹកនាំក្រុមការងារ ចុះពិនិត្យស្ថានភាពផ្លូវ ស្ពាន និងច្រាំងទន្លេ ក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បន្ទាប់ពីទឹកបានស្រកជាបន្តបន្ទាប់ ដោយរកឃើញទីតាំងខូចខាតមួយចំនួន ដើម្បីធ្វើការជួសជុលជាបន្ទាន់ ក្នុងការសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
ក្នុងការចុះត្រួតពិនិត្យនោះដែរ ឃើញថា មានចំណុចផ្លូវមួយចំនួនត្រូវបានទឹកភ្លៀងហូរដាច់យ៉ាងដំណុំ។ ដោយឡែក ស្ពានទួលរកាស្ថិតក្នុងឃុំពាមកោះស្នា ត្រូវបានជួសជុលឡើងវិញ ហើយអាជ្ញាធរអនុញ្ញាតឲ្យរថយន្តបើកឆ្លងកាត់បានតែប្រភេទរថយន្តទេសចរណ៍ប៉ុណ្ណោះ។
ចំពោះច្រាំងទន្លេនៅក្នុងស្រុកស្ទឹងត្រង់នេះដែរ ឃើញថា ក្នុងពេលទឹកស្រកមិនមានការបាក់ស្រុតនោះទេ ដោយសារតែមានការបូមខ្សាច់ដាក់បាវទប់តាមមាត់ច្រាំង បានទាន់ពេលវេលា ក្នុងរដូវទឹកជំនន់នោះ៕