(ភ្នំពេញ)៖ អស់រយៈកាលជាងមួយពាន់ឆ្នាំមកហើយ ដែលកម្ពុជាធ្លាប់ស្គាល់នូវភាពរុងរឿងដល់ចំណុចកំពូល នៃប៉ារ៉ាបូលអរិយធម៌របស់ខ្លួន នាសម័យមហានគរ ដែលមានរាជធានីនៅយសោធរបុរៈ (ក្រុងអង្គរ) ក្នុងនោះមហិន្ទ្របព៌ត ឬយើងហៅថាភ្នំគូលែនដូចសព្វថ្ងៃនេះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកធ្វើឱ្យក្រុងយសោធរបុរៈទាំង៤ បន្តនូវភាពរីកចម្រើនចាប់ពីដើមសតវត្សរ៍ទី៩ ដល់សតវត្សរ៍ទី១៣។
មហិន្ទ្របព៌ត គឺជារាជធានីបុរាណរបស់ព្រះបាទជ័យវរ្ម័នទី២ (គ.ស. ៨០៣-៨៥០) ដែលមានទីតាំងស្ថិតនៅលើភ្នំគូលែនបច្ចុប្បន្ន ពោលគឺមុនរាជធានីបុរាណនៅតំបន់អង្គរទៅទៀត ខណៈស្លាកស្នាមប្រវត្តិសាស្ត្រជាច្រើននៅទីនោះ ក៏ត្រូវបានបង្ហាញជាបន្តបន្ទាប់ ហើយកាលពីកំលុងពេលកន្លងទៅ អ្នកបុរាណវិទ្យាបានបញ្ចាំងពន្លឺឡាស៊ែពីលើអាកាស ឃើញមានសំណង់បុរាណជាច្រើនក្នុងវិសាលភាពយ៉ាងធំ កប់ក្រោមសំណាករុក្ខជាតិស្ថិតនៅលើភ្នំគូលែននោះថែមទៀត?
ប្រវត្តិសាស្ត្របានប្រាប់យើងអំពីរឿងរ៉ាវជាច្រើនពាក់ព័ន្ធចក្រភពអង្គររបស់ខ្មែរ។ រាជធានីយសោធរបុរៈដំបូង ត្រូវបានកសាងឡើងដោយព្រះបាទយសោវរ្ម័នទី១ (គ.ស. ៨៨៩-៩០០) ដែលមានប្រាសាទ និងភ្នំបាខែងជាស្នូលនៃរាជធានី ក្រោយមកក្រុងយសោធរបុរៈទី២ (ប្រាសាទបាពួន/បាភួន) ក្រុងយសោធរបុរៈទី៣ (ប្រាសាទអង្គរវត្ត) និងយសោធរបុរៈទី៤ (ប្រាសាទបាយ័ន) ក៏ត្រូវបានកសាងឡើងជាបន្តបន្ទាប់ ហើយសុទ្ធតែមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយមហិន្ទ្របព៌ត។
ប៉ុន្តែសេចក្ដីលម្អិតជាច្រើនយ៉ាងណានោះ ក៏មិនទាន់បានបញ្ជ្រាបដល់រូបារម្មណ៍របស់សាធុជនទាំងពួងគ្រប់ជ្រុងជ្រោយនៅឡើយទេ ហេតុដូច្នេះហើយបានជាក្រុមបេសកកម្ម «Mercedes-Benz និងកំណប់អាថ៌កំបាំង» សម្រេចបន្តដំណើររុករកកំណប់អាថ៌កំបាំងលើកទី៥របស់ខ្លួន ឆ្ពោះទៅកាន់ទឹកដីសៀមរាប-អង្គរ រាជធានីបុរាណដ៏រុងរឿងនៃយើង ដើម្បីបង្ហាញពីព័ត៌មាននានាដែលតម្កល់ទុក នៅទីនោះជូនទស្សនិកជនបានទស្សនា ដោយភ្ជាប់ជាមួយវិស័យទេសចរណ៍ តាមរយៈប្រព័ន្ធផ្សព្វផ្សាយនានារបស់អង្គភាពព័ត៌មាន Fresh News និងសារព័ត៌មានអេឡិចត្រូនិក ThmeyThmey.com។ បេសកកម្មលើកទី៥នេះ នឹងចាប់ផ្ដើមពីថ្ងៃទី៧-៩ ខែតុលា ឆ្នាំ២០១៩ ខាងមុខនេះ។
គោលដៅសំខាន់ៗដែលក្រុមការងារ «Mercedes-Benz និងកំណប់អាថ៌កំបាំង» នឹងចុះទៅដល់នោះមានដូចជា រាជធានីមហិន្ទ្របព៌តលើភ្នំគូលែន ផ្លូវបុរាណចេញពីទីក្រុងអង្គរឆ្ពោះទៅតំបន់សំខាន់ៗ នៃអាណាចក្រអង្គរ ទីតាំងយកថ្មនៅភ្នំគូលែនមកកសាងប្រាសាទនានានៅសម័យអង្គរ ប្រាសាទមេបុណ្យខាងលិច ដែលសាងសង់នៅកណ្តាលបារាយណ៍ទឹកថ្លា ឬបារាយណ៍ខាងលិច និងឈ្វេងយល់ពីអាថ៌កំបាំងទឹកក្នុងកសិន្ធុជុំវិញប្រាសាទអង្គរវត្ត ដែលជួយទ្រទ្រង់និងទប់លំនឹងប្រាសាទ ព្រមទាំងការគ្រប់គ្រងទឹកកសិន្ធុអង្គរវត្ត នៅរដូវប្រាំងនិងរដូវស្សាជាដើម។
នេះជាបេសកកម្មថ្មីដែលនឹងធ្វើឡើងបន្ទាប់ពីជោគជ័យនៅក្នុងបេសកកម្មទាំង៤លើក ក្នុងនោះក្រុមការងារបានទៅដល់តំបន់អេកូទេសចរណ៍អូរសោម ស្ថិតនៅខេត្តពោធិ៍សាត់ ការឡើងភ្នំឱរ៉ាល់ដែលមានកម្ពស់ ១៨១៣ម៉ែត្រ ស្ថិតនៅខេត្តកំពង់ស្ពឺ និងតំបន់ទេសចរណ៍សក្តានុពលបែបធម្មជាតិ សមាគមអភិរក្សដំរីខ្មែរអៃរាវត្តា និងទេសចរណ៍ប្រពៃណី-វប្បធម៌ជនជាតិដើមភាគតិច ស្ថិតនៅខេត្តរតនគិរី និងសហគមន៍អេកូទេសចរណ៍ជីផាត ស្ថិតនៅខេត្តកោះកុង។
សូមបញ្ជាក់ថា កម្មវិធី «Mercedes-Benz និងកំណប់អាថ៌កំបាំង» ផ្តួចផ្តើមឡើងដោយក្រុមហ៊ុន Star Auto Cambodia សហការជាមួយអង្គភាពព័ត៌មាន Fresh News រួមជាមួយសារព័ត៌មានអេឡិចត្រូនិក ThmeyThmey.com ក្រោមការគាំទ្រដោយក្រសួងទេសចរណ៍ ដើម្បីចូលរួមលើកកម្ពស់វិស័យទេសចរណ៍នៅទូទាំងប្រទេសកម្ពុជា ស្វែងរកនិងគាស់កកាយតំបន់ទេសចរណ៍ ដែលគេពុំសូវស្គាល់ឬដែលគេមើលរំលង ពង្រីកសក្តានុពលតំបន់ទេសចរណ៍ដែលមានស្រាប់ឲ្យកាន់តែមានសកម្មភាពរស់រវើក និងផ្សព្វផ្សាយតំបន់ទេសចរណ៍ទាំងនោះឲ្យកាន់តែល្បីល្បាញមួយកម្រិតទៀត៕