(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពត បានណែនាំឱ្យអនុគណៈកម្មការរៀបចំបុណ្យសមុទ្រ យកចិត្តទុកដាក់ នូវគម្រោងផែនការ សកម្មភាពការងារឱ្យបានឆាប់ ខណៈបុណ្យសមុទ្រ ជិតឈានចូលមកដល់ នៅពេលឆាប់ៗខាងមុខនេះ។
ការណែនាំរបស់អភិបាលខេត្តកំពត បានធ្វើឡើងនៅសាលប្រជុំសាលាខេត្តកំពត នាថ្ងៃទី១ ខែតុលា ឆ្នាំ២០១៩នេះ នៅក្នុងកិច្ចប្រជុំគណៈកម្មការរៀបចំពិធីបុណ្យសមុទ្រ លើកទី៨ ជុំទី២ ដែលខេត្តកំពត ត្រូវធ្វើម្ចាស់ផ្ទះសម្រាប់នៅឆ្នាំ២០១៩នេះ ដោយមានការចូលរួមពីសំណាក់ជួរថ្នាក់ដឹកនាំរដ្ឋបាលខេត្ត តាមមន្ទីរ ស្ថាប័ន អង្គភាពពាក់ព័ន្ធជាច្រើនរូប។
លោក ជាវ តាយ បានក្រើនរំលឹក និងណែនាំដល់អនុគណៈកម្មការនីមួយៗ ត្រូវតែរួសរាន់ប្រញាប់លើកគម្រោងផែនការ ជារបាយការណ៍ឱ្យបានជាក់លាក់ ដើម្បីដាក់ជូនគណៈអភិបាលពិនិត្យសម្រេច និងដាក់ពិនិត្យនៅក្នុងកិច្ចប្រជុំគណៈកម្មការថ្នាក់ខេត្តលើកទី៣នៅក្នុងខែតុលា ក៏ដូចជាសម្រាប់រាយការណ៍ ជូនក្នុងកិច្ចប្រជុំគណៈកម្មការអន្តរក្រសួងពិនិត្យ និងសម្រេច នៅពេលខាងមុខនេះផងដែរ។
ដោយឡែក ពាក់ព័ន្ធសោភ័ណភាព អនាម័យ បរិស្ថាន ក្នុងក្រុងកំពតវិញ លោកអភិបាលខេត្ត បានលើកឡើងថា មកដល់ពេលនេះ ឆ្លងតាមការពិនិត្យ នូវសកម្មភាពនៃការអនុវត្ត សង្កេតឃើញនៅមិនទាន់មានលក្ខណៈល្អប្រសើរនៅឡើយទេ គឺការអនុវត្តនៅមានភាពយឺតយ៉ាវ។ ដូច្នេះ សូមឱ្យគ្រប់ មន្ទីរ អង្គភាព ត្រូវតែចូលរួមអនុវត្តឱ្យបានព្រមៗគ្នា សស្រាក់សស្រាំពីពេលនេះតទៅ។ ពិសេសរដ្ឋបាលក្រុងកំពត ត្រូវតែយកចិត្តទុកដាក់ទាំងសកម្មភាពជាក់ស្ដែង និងការបំផុសដល់ស្មារតីប្រជាពលរដ្ឋ ឱ្យមានការចូលរួមទាំងអស់គ្នា បើពុំដូច្នេះទេ មិនអាចអនុវត្តបានទាន់ពេលវេលានៃព្រឹត្តការណ៍ បុណ្យសមុទ្រឈានចូលមកដល់ចុងឆ្នាំ២០១៩ ខាងមុខនេះទេ។
លោក ជាវ តាយ ក៏បានទទូចសំណូមពរថែមទៀតដល់គ្រប់ អនុគណៈកម្មការទាំងអស់ ចាប់ពីពេលនេះតទៅត្រូវតែខិតខំជំរុញយកចិត្ត ទុកដាក់ជាការចាំបាច់ ដែលរដ្ឋបាលខេត្តបានប្រគល់ជូន នូវតួនាទីភារកិច្ចនីមួយៗរបស់ខ្លួន ទើបការងារបានសម្រេច ដោយមិនមានការព្រួយបារម្ភ នៅពេលខ្លីជិតឈានចូលមកដល់ឆាប់ៗ ខាងមុខនេះ។
ចំពោះពាក់ព័ន្ធការការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ ក្នុងពិធីបុណ្យសមុទ្រនេះដែរ រឹតតែជាការងារចាំបាច់ត្រូវធ្វើយ៉ាងណា កងកម្លាំងត្រូវដាក់គោលដៅសំខាន់ៗឱ្យបានល្អ ដោយព្រឹត្តិការណ៍ ដ៏មានសារ:សំខាន់នៅខេត្តកំពត បានធ្វើជាម្ចាស់ផ្ទះឆ្នាំនេះ គឺធ្វើយ៉ាងណាឱ្យការប្រព្រឹត្តទៅនៃពិធីបុណ្យសមុទ្រមួយនេះ រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ ប្រកបដោយភាពរលូន និងទទួលបានលទ្ធផលជោគជ័យ សំដៅឱ្យមានភាពកាន់តែល្អ និងការគាំទ្រចាប់អារម្មណ៍ទាក់ទាញកាន់តែប្រសើរឡើង ជាងបណ្តាខេត្តផ្សេងទៀត ឬឆ្នាំកន្លងទៅ ពីសំណាក់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលចូលរួមកម្សាន្ត ស្របតាមគម្រោងផែនការរបស់ថ្នាក់ជាតិ។
សូមបញ្ជាក់ថា ពិធីបុណ្យសមុទ្រលើកទី៨ជុំទី២ ដែលខេត្តកំពត ត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំពិធីឆ្នាំ២០១៩នេះ ត្រូវបានរាជរដ្ឋាភិបាលសម្រេចអនុញ្ញាតឱ្យធ្វើឡើង នៅថ្ងៃទី២០-២១-២២ ខែធ្នូ ឆ្នាំ២០១៩៕