(ភ្នំពេញ)៖ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសផ្តល់អាហារូបករណ៍ចំនួន៥កន្លែងនៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) ដល់សិស្សឆ្នើមដែលប្រឡងជាប់បាក់ឌុបបាននិទ្ទេស A និង B ប៉ុន្តែខ្វះលទ្ធភាពផ្នែកហិរញ្ញវត្ថុសម្រាប់បន្តការសិក្សា ។
សេចក្តីប្រកាសព័ត៌មានរបស់ AUPP បានឱ្យដឹងថាអាហារូបករណ៍៥កន្លែងសម្រាប់រយៈពេល៤ឆ្នាំពេញនឹងផ្តល់ជូនលើជំនាញទំនាក់ទំនងអន្តរជាតិសម្រាប់ឆ្នាំសិក្សាថ្មី២០១៩-២០២០ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី១៦ ខែតុលា ខាងមុខនេះ។
លោកសាស្ត្រាចារ្យបណ្ឌិត Kenneth Dunn សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ AUPP បានឲ្យដឹងថា ការផ្តល់ឱកាសអាហាររូបករណ៍នេះ ជាការបើកច្រកឲ្យសិស្សឆ្នើមនិទ្ទេស A ឬ B ដែលខ្សត់ខ្សោយខាងផ្នែកហរិញ្ញវត្ថុ អាចទទួលបានការអប់រំមួយដ៏ល្អបំផុត សម្រាប់អនាគតរបស់ពួកគាត់ ក្រុមគ្រួសារ និងសង្គមជាតិ។
AUPP ជាគ្រឹះស្ថានឧត្តមសិក្សាលំដាប់កំពូលមួយក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលផ្តល់នូវការអប់រំប្រកបដោយគុណភាពខ្ពស់បំផុត។ AUPP មានកម្មវិធីសិក្សាយកសញ្ញាបត្រពីរ ក្នុងនោះសញ្ញាបត្រមួយចេញដោយ AUPP និងមួយទៀតចេញដោយសាកលវិទ្យាល័យអារីហ្សូណា (University of Arizona) ដែលមានការទទួលស្គាល់ជាសាកល។
ដើម្បីសម្រួលដល់ការទទួលព័ត៌មានជាក់លាក់ស្តីពីការផ្តល់អាហារូបករណ៍ខាងលើ សូមសិស្សដែលប្រឡងជាប់បាក់ឌុបនិន្ទេស A និងB ទាំងអស់ សាកសួរព័ត៌មាននៅការិយាល័យអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលមានទីតាំងនៅផ្ទះលេខ ៤ ផ្លូវ ៥២២ សង្កាត់បឹងកក់ ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ និងតាមរយៈទូរស័ព្ទលេខ ០១២ ៧៦៥ ៦៨៦
ឬនៅ AUPP ដែលមានទីតាំងស្ថិតនៅអគារលេខ២៧៨H ភូមិក្រោលគោ ផ្លូវ២០១R សង្កាត់គីឡូម៉ែត្រ លេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលមានទូរស័ព្ទទំនាក់ទំនង៖ ០២៣ ៩៩០ ០២៣ ឫ ០១២ ២៦៦ ៦៣១ ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី ០៤ ខែ តុលា ឆ្នាំ ២០១៩ ។