(ភ្នំពេញ)៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី នាព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩នេះ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា ស្តីពី ការប្រើប្រាស់សេវាកម្ម របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី សម្រាប់កៀរគរមូលនិធិ និងទទួលវិភាគទានសប្បុរសធម៌ ជូនមូលនិធិគន្ធបុប្ផាកម្ពុជា។
ពិធីនេះ បានរៀបចំធ្វើឡើងក្រោមអធិបតីភាព លោកស្រី ងួន សុខា រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហរិញវត្ថុ និងជានាយកប្រតិបត្តិមូលនិធិមន្ទីរពេទ្យគន្ធបុប្ឋាកម្ពុជា និងបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី។
បណ្ឌិត អ៊ិន ចាន់នី បានថ្លែងថា សុខុមាលភាព របស់ប្រជាជន ជាពិសេសកុមារជាគ្រឹះសំខាន់ ក្នុងការកសាងកម្លាំងពលកម្មមាំមួន ប្រកបដោយចីរភាពដែលជាចក្ខុវិស័យមួយរបស់រដ្ឋាភិបាល។ ធនាគារ អេស៊ីលីដា ភីអិលស៊ី បន្តគាំទ្រជានិច្ច និងសហប្រតិបត្តិការជាមួយមូលនិធិគន្ធបុប្ឆាកម្ពុជា ដើម្បីសម្រេចគោលដៅនេះ។
បណ្ឌិត អ៊ិន ចាន់នី បន្ដថា «ថ្ងៃនេះ ខ្ញុំបាទមានកិត្តយស ចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ដើម្បីបង្កលទ្ធភាព នៃការប្រមូលវិភាគទានសប្បុរសធម៌ពីសាធារណៈជន តាមរយៈសេវាកម្មធនាគារ ជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជា សំដៅរួម ចំណែកផ្តល់សេវាព្យាបាលដល់កុមារកម្ពុជាទាំងអស់ ដែលជាអនាគតដ៏ភ្លឺស្វាងរបស់ប្រទេសកម្ពុជា»។
លោកបណ្ឌិតបញ្ជាក់ថា អនុស្សរណៈយោគយល់គ្នានេះ មានគោលបំណង ដើម្បីសម្រួលដល់សប្បុរសជន ដែលមានបំណងធ្វើការបរិចា្ចគវិភាគទានសប្បុរសធម៌ ដល់មូលនិធិគន្ធបុប្ផាកម្ពុជា នៅតាមបញ្ជរធនាគារ អេស៊ីលីដា ភីអិលស៊ី ម៉ាស៊ីនអេធីអឹម និងសេវាធនាគារ ឌីជីថល (E-Banking and ACLEDA Unity ToanChet) របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី នៅក្នុងប្រទេសកម្ពុជា។
បណ្ឌិត អ៊ិន ចាន់នី បានបន្ថែមទៀតថា នេះជាសមិទ្ធផលដ៏ធំធេងរបស់ ធនាគារអេស៊ីលីដា ភីអិលស៊ី ដែលទទួលបានទំនុកចិត្តខ្ពស់ ពីរាជរដ្ឋាភិបាលកម្ពុជាសាធារណជន និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់។
ធនាគារ អេស៊ីលីដា ភីអិលស៊ី បម្រើសេវាជូនអតិថិជន២៤ម៉ោង លើ២៤ម៉ោង និង៧ថ្ងៃក្នុង១សប្ដាហ៍ ជាមួយនឹងការប្រើប្រាស់ សេវាធនាគារពាណិជ្ជ ធនាគារ អេស៊ីលីដា ភីអិលស៊ី មានបម្រើសេវាអេស៊ីលីដា យូនីធីទាន់ចិត្ត (ACLEDA Unity ToanChet) ជាសេវាធនាគារតាមរយៈទូរស័ព្ទចល័ត ដើម្បីផ្ទេរប្រាក់ ទូទាត់ និងទិញទំនិញ គ្រប់ទីកន្លែងតាមរយៈ ស្លាកសញ្ញា អេស៊ីលីដា ឃ្យូអរកូដ ប្រកបដោយភាពងាយស្រួល រហ័ស ទាន់ចិត្ត និងមានសុវត្ថិភាពខ្ពស់។ គិតមកត្រឹមថ្ងៃនេះ មានអ្នកចុះឈ្មោះប្រើប្រាស់ សេវាអេស៊ីលីដាយូនីធីទាន់ចិត្ត (ACLEDA Unity ToanChet) មានចំនួនច្រើនជាង១លាននាក់ និងដៃគូមានចំនួនច្រើនជាង៨,៥០០។
គូសបញ្ជាក់ថា ធនាគារ អេស៊ីលីដា ភីអិលស៊ី មានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន០៤ គឺវិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ធនាគារ អេស៊ីលីដា ឡាវ លីមីធីត និងស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា ព្រមទាំង មានការិយាល័យតំណាង នៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។
ធនាគារ អេស៊ីលីដា ភីអិលស៊ី មានទ្រព្យសកម្មសរុបចំនួន ជាង៦.២១ពាន់លានដុល្លារអាមេរិក សមតុល្យឥណទានសរុបចំនួន ៣.៧៦ពាន់លានដុល្លារអាមេរិក និងប្រាក់បញ្ញើសន្សំសរុបចំនួន ៤.៣១ពាន់លានដុល្លារអាមេរិក និងមានអតិថិជនប្រមាណជាង ២.៥ លាននាក់ គិតត្រឹមដំណាច់ខែសីហា ឆ្នាំ២០១៩៕