(ភ្នំពេញ)៖ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្ដីជូនដំណឹង ស្ដីពី រដូវបើកនេសាទ ឆ្នាំ២០១៩-២០២០។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩។
សេចក្ដីជូនដំណឹង បានឲ្យដឹងថា រដូវបើកនេសាទសម្រាប់ ឆ្នាំ២០១៩-២០២០ ត្រូវបានកំណត់ដូចខាងក្រោម ៖
* ចាប់ពីថ្ងៃទី០១ ខែតុលា ដល់ថ្ងៃទី៣១ ខែឧសភា ចំពោះដែននេសាទទឹកសាប ដែលស្ថិតនៅខាងជើង ស្របទន្លេចតុមុខ ដែលមានខេត្តទាំងអស់ជុំវិញបឹងទន្លេសាប និងបណ្តាខេត្ត កំពង់ចាម ត្បូងឃ្មុំ ក្រចេះ រតនគីរី មណ្ឌលគិរី ព្រះវិហារ ប៉ៃលិន ឧត្តរមានជ័យ និងមួយផ្នែកក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ខេត្តកណ្តាល ដែលនៅប៉ែកខាងជើងទន្លេចតុម្មុខ។ ដោយឡែក ខេត្តស្ទឹងត្រែង ចាប់ពីថ្ងៃទី០១ ខែតុលា រហូតដល់ថ្ងៃទី០១ ខែឧសភា។
* ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ដល់ថ្ងៃទី៣០ ខែមិថុនា ចំពោះដែននេសាទទឹកសាប ដែលស្ថិតនៅខាងត្បូងខ្សែ ស្របទន្លេចតុម្មុខ រួមមាន៖ ខេត្តព្រៃវែង តាកែវ កំពង់ស្ពឺ ស្វាយរៀង និងមួយផ្នែកក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ
ខេត្តកណ្តាល ដែលនៅប៉ែកខាងត្បូងទន្លេចតុម្មុខ។
នៅក្នុងរយៈពេលបើកនេសាទនេះ ប្រជាពលរដ្ឋអាចធ្វើអាជីវកម្មនេសាទ ដោយឧបករណ៍នេសាទជាលក្ខណៈគ្រួសារ ដែលអនុញ្ញាតនៅក្នុងដែននេសាទទឹកសាប។ ក្រៅពីនេះ ការធ្វើនេសាទត្រូវ៖
* មានលិខិតអនុញ្ញាតឲ្យធ្វើអាជីវកម្មនេសាទ
* មានកាតព្វកិច្ចបង់ពន្ធ និងថ្លៃឈ្នួលនេសាទជូនរដ្ឋ
* គោរពតាមបទបញ្ជាដែលមានចែង ក្នុងលិខិតអនុញ្ញាតឲ្យធ្វើនេសាទ។
ចំពោះអ្នកនេសាទ ដែលមានបំណងធ្វើនេសាទដោយប្រើប្រាស់ឧបករណ៍ «ម៉ាញ់» នៅដងទន្លេមេគង្គ និងដងទន្លេសាប ក្នុងទីតាំងដែលរាជរដ្ឋាភិបាលបានអនុញ្ញាត ត្រូវអញ្ជើញមកទំនាក់ទំនងចុះឈ្មោះសុំលិខិត អនុញ្ញាតឲ្យធ្វើនេសាទ នៅតាមខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទពាក់ព័ន្ធ ដើម្បីបានប្រកបមុខរបរនេសាទ និងទទួលការណែនាំ ពីសមត្ថកិច្ចជំនាញជលផលអំពីបច្ចេកទេស និងបទបញ្ជានានា ដែលពាក់ព័ន្ធដល់ការធ្វើនេសាទ ដើម្បីធានានូវនិរន្តរភាពនៃធនធានជលផល៕
ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង របស់រដ្ឋបាលជលផល នៃក្រសួងកសិកម្ម៖