(សៀមរាប)៖ ក្នុងរយៈពេល០៩ខែ ឆ្នាំ២០១៩ កម្ពុជារកចំណូលបានជាង៧៤លានដុល្លារអាមេរិក បានពីការលក់បណ្ណជូនភ្ញៀវចូលទស្សនារមណីយដ្ឋានអង្គរវត្ត ចំនួន១,៦៦២,៥១៣នាក់។ នេះតាមរបាយការណ៍ផ្លូវការរបស់គ្រឹះស្ថានអង្គរ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩។
បើតាមរបាយការណ៍ ចំណូលដែលទទួលបានជាង៧៤លានដុល្លារនេះ រាជរដ្ឋាភិបាលបានដកចំនួន ៣,៣២៥,០២៦ដុល្លារ ឧបត្ថម្ភចូលមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីទ្រទ្រង់ដំណើរការពិនិត្យ និងព្យាបាលកុមារកម្ពុជា។
ដោយឡែកក្នុងខែកញ្ញា ឆ្នាំ២០១៩ កម្ពុជារកចំណូលបានជាង៤លានដុល្លារអាមេរិក ទទួលបានពីការលក់បណ្ណ ជូនភ្ញៀវចូលទស្សនារមណីយដ្ឋានអង្គរវត្ត ចំនួន១១០,៦៧៧នាក់។
សូមជម្រាបថា បណ្ណចូលទស្សនាតំបន់អង្គរ ត្រូវបានបែងចែកជា៣ប្រភេទ៖
* ប្រភេទប័ណ្ណចូលទស្សនា១ថ្ងៃ មានតម្លៃ ៣៧ដុល្លារ។
* ប្រភេទប័ណ្ណចូលទស្សនា៣ថ្ងៃ មានតម្លៃ ៦២ដុល្លារ និងមានសុពលភាព១០ថ្ងៃ។
* ប្រភេទបណ្ណចូលទស្សនា៧ថ្ងៃ មានតម្លៃ ៧២ដុល្លារ និងមានសុពលភាព០១ខែ៕