(ត្បូងឃ្មុំ)៖ លោក អ៊ាង សុផលែ្លត ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកអូររាំងឪ បានណែនាំឲ្យក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ស្រុកអូររាំងឪ ស្តាប់ ទទួល និងដោះស្រាយបញ្ហាប្រជាពលរដ្ឋ ឲ្យបានល្អបំផុត។
មន្ត្រីគណបក្សប្រជាជនកម្ពុជា ណែនាំបែបនេះ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩នេះ ក្នុងឱកាសលោកអញ្ជើញជាអធិបតីភាព ប្រកាសក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ និងដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា។
ថ្លែងក្នុងឱកាសនោះ លោក អ៊ាង សុផល្លែត បានលើកឡើងចំណុចសំខាន់ៗ ដើម្បីក្រុមការងារអនុវត្តន៍ឲ្យមានប្រសិទ្ធភាព។ លោកណែនាំ ដល់ក្រុមការងារត្រូវចុះធ្វើវេទិការសាធារណៈ និងចុះដល់មូលដ្ឋានគៀកជាប់ពលរដ្ឋ ដើម្បីឆ្លុះបញ្ចាំង ឆ្លុះបង្ហាញពីភាពស្និទ្ធស្នាល ជិតស្និត ជឿជាក់ យកចិត្តទុកដាក់ ស្រលាញ់ យកបេះដូង រក្សាមើលថែប្រជាជន ក្នុងនាមអាណាព្យាបាលរបស់ប្រជាជន។
លោកក៏បានណែនាំដល់ក្រុមការងារធ្វើវេទិការសាធារណៈ បើកចំហរឲ្យទូលាយគ្រប់មជ្ឈដ្ឋានទាំងអស់។ បន្ថែមពីនេះ ត្រូវចុះដល់ខ្នងផ្ទះរបស់ប្រជាជន ដើម្បីស្តាប់ ទទួលយកសំណូមពរ និងប្រមូលយកបញ្ហាប្រជាជន ធ្វើការពិភាក្សាស្វែងរកដំណោះស្រាយ ធ្វើយ៉ាងណាផ្តល់ភាពកក់ក្តៅ ទំនុកចិត្ត ការទទួលខុសត្រូវ ក្នុងគោលដៅគាំទ្រអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងវិស័យអាទិភាពទាំង៤ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន ផ្លូវ ទឹក ភ្លើង និងធនធានមនុស្ស។
ជាមួយគ្នានោះ ត្រូវផ្សព្វផ្សាយរាល់សមិទ្ធផល ការខិតខំប្រឹងប្រែង និងទស្សនៈវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា បញ្ជ្រាបដល់ក្រអៅបេះដូងប្រជាជន ប្រមូលយកសមានចិត្ត ដើម្បីបន្តស្រលាញ់គាំទ្រ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា៕