(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩នេះ បានចេញសេចក្តីប្រកាសលទ្ធផលនៃដំណើរទស្សនកិច្ចរបស់ សម្តេចក្រឡាហោម ស ខេង និងគណៈប្រតិភូជាន់ខ្ពស់ អន្តរក្រសួងទៅកាន់ប្រទេសអាល្លឺម៉ង់ រយៈពេល៨ថ្ងៃ។
តបតាមការអញ្ជើញជាផ្លូវការរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ និងដោយទទួលបានការអនុញ្ញាតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អន្តរក្រសួង បំពេញទស្សនកិច្ចនៅសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ចាប់ពីថ្ងៃទី ២៤ ខែកញ្ញាដល់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ ដោយបានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំជាសមាជិកសភាសហព័ន្ធរបស់អាល្លឺម៉ង់ ព្រមទាំងបណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធមួយចំនួនរបស់រដ្ឋាភិបាល នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ទទួលបានលទ្ធផលដូចតទៅ៖
ភាគីទាំងពីរបានពិភាក្សាផ្លាស់ប្តូរយោបល់ លើការពង្រឹង និងលើកកម្ពស់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងភាពជាដៃគូរវាងកម្ពុជា-អាល្លឺម៉ង់ និងកម្ពុជា-សហភាពអឺរ៉ុប ដែលក្នុងនោះរួមមានបញ្ហាពាក់ព័ន្ធនឹងការស្វែងរកការគាំទ្រទៅលើកិច្ចការនយោបាយ ការផ្លាស់ប្តូរបទពិសោធន៍លើការងារលើកកម្ពស់សិទ្ធិមនុស្ស ការអភិវឌ្ឍលើវិស័យសំខាន់នានា ដូចជា អប់រំ សុខាភិបាល ការគ្រប់គ្រងព្រៃឈើ និងការគ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជាដើម។
ទន្ទឹមនេះ ពាក់ព័ន្ធនឹងការងារថែរក្សាធនធានធម្មជាតិ និងបរិស្ថាន ភាគីកម្ពុជាបានសំណូមពរដល់ភាគីអាល្លឺម៉ង់ ពិនិត្យលទ្ធភាពទិញកាបោនពីកម្ពុជា ដែលនេះគឺជាយន្តការ និងជាការរួមចំណែកមួយដ៏មានសារៈសំខាន់ ក្នុងការថែរក្សាឲ្យបានគង់វង្សនូវសម្បត្តិ និងធនធានធម្មជាតិរបស់ព្រះរាជាណាចក្រកម្ពុជា។
មួយវិញទៀត ភាគីកម្ពុជាក៏បានសំណូមពរភាគីអាល្លឺម៉ង់ ពិនិត្យលទ្ធភាព និងសិក្សាបង្កើតទំនាក់ទំនងកិច្ចសហប្រតិបត្តិការផ្លូវការរវាងភាគីទាំងពីរ លើការងារអាទិភាពជាក់ស្តែងមួយចំនួន ដូចជា ការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនគ្រប់ប្រភេទ ការផ្លាស់ប្តូរទស្សនកិច្ច ការបណ្តុះបណ្តាលធនធានមនុស្សលើវិស័យសន្តិសុខ និងការចែករំលែកបទពិសោធន៍កំណែទម្រង់វិមជ្ឈការ។
ក្រៅពីជំនួបពិភាក្សាខាងលើនេះ គណៈប្រតិភូជាន់ខ្ពស់អន្តរក្រសួង បានអញ្ជើញធ្វើទស្សនកិច្ចសិក្សាអំពីប្រព័ន្ធរដ្ឋបាលសាធារណៈរបស់សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ទាំងនៅថ្នាក់រដ្ឋសហព័ន្ធ ថ្នាក់ស្រុក និងថ្នាក់ឃុំ ដើម្បីស្វែងយល់អំពីការគ្រប់គ្រង ការរៀបចំការប្រព្រឹត្តទៅនៃឋានានុក្រមរដ្ឋបាលថ្នាក់ក្រោមជាតិរចនាសម្ព័ន្ធ សិទ្ធិ តួនាទី និងភារកិច្ច ដែលថ្នាក់រដ្ឋបាលនីមួយៗទទួលខុសត្រូវ និងការផ្តល់សេវាសាធារណៈចាំបាច់នានា ដូចជា សេវាអប់រំ សុខាភិបាល ការគ្រប់គ្រងកាកសំណល់ និងការគ្រប់គ្រងព្រៃឈើ ធនធានធម្មជាតិ។ល។
នៅក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការនេះដែរ គណៈប្រតិភូជាន់ខ្ពស់អន្តរក្រសួងក៏បានជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋខ្មែររស់នៅសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ក្នុងបរិយាកាសសប្បាយរីករាយ និងស្និទ្ធស្នាលក្រៃលែង ដោយក្នុងនោះ សម្តេចក្រឡាហោម ស ខេង ប្រធានគណៈប្រតិភូបានជម្រាបជូនអំពីសភាពការណ៍ទូទៅ និងដំណើរការអភិវឌ្ឍប្រទេសជាតិ ដែលមកដល់ពេលនេះសម្រេចបានសមិទ្ធផលសេដ្ឋកិច្ចសង្គមធំៗជាច្រើនគួរឲ្យកត់សម្គាល់ ក្រោមលក្ខខណ្ឌអំណោយផលនៃសន្តិភាពពេញបរិបូរណ៍ទូទាំងប្រទេស។ ទន្ទឹមនេះ សម្តេចក្រឡាហោម បានជម្រាបជូនអំពីសកម្មភាពរបស់ក្រុមជនក្រៅច្បាប់មួយក្តាប់តូច ដែលប៉ុនប៉ងបង្កអសន្តិសុខ និងភាពវឹកវរ តាមរយៈការបំផុសឲ្យមានចលនាបះបោរផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ក្នុងចេតនាទុច្ចរិតពិសពុលឈានទៅបំផ្លិចបំផ្លាញសុខសន្តិភាពរបស់ប្រជាជន និងសង្គមជាតិ ដើម្បីបម្រើមហិច្ឆតារបស់ក្រុមខ្លួន។
សម្តេចក្រឡាហោម ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ត្រូវចេះសាមគ្គីគ្នា និងរួមគ្នាថែរក្សាឲ្យបានគង់វង្សនូវសន្តិភាពដែលបានមកដោយលំបាក ដើម្បីធ្វើយ៉ាងណាបង្កលក្ខខណ្ឌអំណោយផលសម្រាប់ព្រះរាជាណាចក្រកម្ពុជា មានឱកាសបន្តការអភិវឌ្ឍ និងវឌ្ឍនភាពកាន់តែជឿនលឿនថែមទៀត។
សូមបញ្ជាក់ថា សម្តេចក្រឡាហោម ស ខេង បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អន្តរក្រសួង ត្រឡប់មកដល់កម្ពុជាវិញហើយ នៅម៉ោងជាង៨៖០០ព្រឹក ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩នេះ បន្ទាប់ពីបំពេញទស្សនកិច្ចនៅប្រទេសអាល្លឺម៉ង់រយៈពេល៨ថ្ងៃមកនេះ៕
ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ អំពីលទ្ធផល នៃដំណើរទស្សនកិច្ចរបស់សម្តេចក្រឡាហោម ស ខេង៖