(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អន្តរក្រសួង ត្រឡប់មកដល់កម្ពុជាវិញហើយ នៅម៉ោងជាង៨៖០០ព្រឹក ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩នេះ បន្ទាប់ពីបំពេញទស្សនកិច្ចនៅប្រទេសអាល្លឺម៉ង់រយៈពេល៨ថ្ងៃមកនេះ។
សម្ដេចក្រឡាហោម ស ខេង បានដឹកនាំគណៈប្រតិភូចាកចេញកម្ពុជា ទៅកាន់ប្រទេសអាល្លឺម៉ង់កាលពីថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០១៩ ដើម្បីពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍក្នុងភាពជាដៃគូ រវាងប្រទេសទាំងពីរ និងសិក្សាស្វែងយល់បន្ថែម អំពីប្រព័ន្ធគ្រប់គ្រងរដ្ឋបាលសាធារណៈរបស់ សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់។
សមាសភាពគណៈប្រតិភូថ្នាក់ដឹកនាំជាន់ខ្ពស់អន្តរក្រសួង ដែលរួមដំណើរជាមួយសម្តេចក្រឡាហោម ស ខេង រួមមាន លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល, លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា, លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោក ឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត៕