(កំពង់ចាម)៖ ផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩នេះ បានបើកកិច្ចប្រជុំ ពិនិត្យលទ្ធផលការងារព្រហ្មទណ្ឌ ប្រចាំខែកញ្ញា ឆ្នាំ២០១៩ និងលើកទិសដៅបន្ដ។ កិច្ចប្រជុំនេះ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការរងទទួលផែន។

កិច្ចប្រជុំនេះ ក៏មានការចូលរួមពី លោកអនុប្រធានផែន, លោកនាយ-នាយរងការិយាល័យ ចំណុះទាំង៣, លោកអធិការរង ទទួលការងារព្រហ្មទណ្ឌ និងមន្រ្តីបូកសរុប។

របៀបវារៈដែលលើកឡើងក្នុងកិច្ចប្រជុំនោះរួមមាន ត្រួតពិនិត្យ សភាពការណ៍ក្នុងពីធីបុណ្យភ្ជុំបិណ្ឌ, ត្រួតពិនិត្យការងារព្រហ្មទណ្ឌប្រចាំខែកញ្ញា ២០១៩, ត្រួតពិនិត្យការងារជំនាញ, ករណីសេសសល់ និងការងារផ្សេងៗសំខាន់មួយចំនួនទៀត។

ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី បានណែនាំដល់សមត្ថកិច្ចជំនាញទាំងអស់ ត្រូវតែខិតខំប្រឹងប្រែងបំពេញការងារឲ្យល្អបន្ថែមទៀត ពិសេសស្រាវជ្រាវករណីដែលនៅសេសសល់ ដើម្បីធានាសន្ដិសុខ សណ្ដាប់ធ្នាប់សង្គម និយាយឡែក នៅក្នុងភូមិសាស្ដ្រខេត្តកំពង់ចាមផ្ទាល់តែម្ដង៕