(ភ្នំពេញ)៖ លោក ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា បានថ្លែងឲ្យដឹងថា គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា មានសុខភាពល្អប្រសើរ និងបានរួមចំណែកគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

លោកបញ្ជាក់ទៀតថា ធនាគារជាតិនៃកម្ពុជា បានពង្រឹងការត្រួតពិនិត្យ និងបទប្បញ្ញត្តិជាមួយនឹងការដាក់ចេញបន្តបន្ទាប់ នូវគោលនយោបាយម៉ាក្រូប្រុងប្រយ័ត្ន ការបោះផ្សាយរបាយការណ៍ ស្ថិរភាពហិរញ្ញវត្ថុ និងពង្រឹងបណ្តាញការពារស្ថិរភាពធនាគារ ឱ្យបានរឹងមាំស្របតាមស្តង់ដារអន្តរជាតិ។

ការលើកឡើងបែបនេះរ បស់លោកអគ្គទេសាភិបាល ធ្វើឡើងក្នុងឱកាសដែលលោកអនុញ្ញាតឱ្យ ក្រុមបេសកកម្មមាត្រា IV របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដឹកនាំដោយលោក Jarkko Turunen ប្រធានក្រុមបេសកកម្មសម្រាប់កម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅធនាគារជាតិនៃកម្ពុជា។

សូមជម្រាបថា បេសកកម្មមាត្រា IV ត្រូវបានមូលនិធិរូបិយវត្ថុអន្ដរជាតិធ្វើឡើងជារៀងរាល់ឆ្នាំ សម្រាប់ប្រទេសជាសមាជិក ដើម្បីពិនិត្យតាមដានស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងផ្តល់អនុសាសន៍ សម្រាប់ការអនុវត្តគោលនយោបាយសេដ្ឋកិច្ច។

លោកទេសាភិបាលក៏បានជម្រាបជូន គណៈប្រតិភូពីការរីកចម្រើននៃសេដ្ឋកិច្ច នាពេលកន្លងមក ពិសេសនៅឆ្នាំ២០១៨ ដែលកម្ពុជាសម្រេចបានក្នុងអត្រា៧.៥%។ ឆ្នាំ២០១៩រាជរដ្ឋាភិបាលរំពឹងថា កំណើននឹងបន្តកើនក្នុងរង្វង់៧.១% ដែលជាកម្រិតខ្ពស់ក្នុងតំបន់។

លោកបានបន្ដថា ទន្ទឹមនេះស្ថានភាពម៉ាក្រូសេដ្ឋកិច្ច មានស្ថិរភាពល្អប្រសើរដោយអតិផរណា នៅឆមាសទី១មានអត្រា១.៩% ហើយរំពឹងថាមានកម្រិត២.២% សម្រាប់ឆ្នាំ២០១៩។ រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្រគាំទ្រ ដល់កំណើនសេដ្ឋកិច្ចក្នុងស្ថានភាព មិនច្បាស់លាស់នៃកំណើនសេដ្ឋកិច្ចពិភពលោក ពិសេសការធ្វើពិពិធកម្មមូលដ្ឋាននៃ កំណើនការពង្រឹងការសម្រួល ដល់ការនាំចេញនាំចូល និងការបង្កើនបរិយាកាស អំណោយផលដល់ការវិនិយោគ។

លោកអគ្គទេសាភិបាល បានថ្លែងអំណរគុណ IMF ដែលបានគាំទ្រគោលនយោបាយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ការជួយកសាងសមត្ថភាព និងផ្តល់ជំនួយបច្ចេកទេសដល់កម្ពុជា៕