(កណ្ដាល)៖ ក្រុមគ្រូបង្រៀននៅឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល បានប្រកាសថ្កោលទោសទណ្ឌិត សម រង្ស៉ី ដែលហ៊ានប្រមាថអង្គព្រះមហាក្សត្រ និងចាត់ទុកថា ទង្វើនេះស្មើនឹងទោសក្បត់ជាតិ ដែលមិនអាចលើកលែងទោសបាននោះឡើយ។

ក្រុមគ្រូបង្រៀនទាំងអស់នោះ បាននាំគ្នាលើកឡើងទៀតថា ពួកគាត់មិនចង់ឃើញវត្តមានរបស់ទណ្ឌិត សម រង្ស៉ី ចូលមកទឹកដីនៃប្រទេសកម្ពុជានោះទេ ព្រោះសម រង្ស៉ី ជាអ្នកបង្កចលាចល និងមិនដែលបានជួយឲ្យប្រទេសជាតិរីកចម្រើននោះឡើយ។ ក្រុមគ្រួបង្រៀនបានបញ្ជាក់ទៀតថា ប្រាក់ខែដែលពួកគាត់បើករាល់ថ្ងៃ គឺបានមកពីរាជរដ្ឋាភិបាល មិនមែនបានមកដោយសារបុគ្គល សម រង្ស៉ី នោះទេ។

ក្រុមគ្រូបង្រៀននៅខេត្តកណ្ដាល បាននិយាយយ៉ាងដូច្នេះថា «ក្នុងនាមជាគ្រូបង្រៀននៅស្រុកស្អាង ខេត្តកណ្ដាល យើងខ្ញុំសូមថ្កោលទោសជាដាច់ខាត ទៅលើទណ្ឌិត សម រង្ស៉ី គាត់បានប្រមាថលើព្រះមហាក្សត្រ ហើយទោសដែលគាត់បានប្រមាថទៅលើព្រះមហាក្សត្រនេះ ជាទោសក្បត់ជាតិ ដែលមិនអាចលើកលែងទោសបាន។ មួយទៀត គាត់បានប្រមាថទៅលើការដឹកនាំរបស់រាជរដ្ឋាភិបាលស្របច្បាប់សព្វថ្ងៃ ចឹងខ្ញុំមិនចង់ឃើញវត្តរបស់គាត់ នៅក្នុងទឹកដីនៃប្រទេសកម្ពុជានេះផងដែរ។

ចំពោះខ្ញុំដាច់ខាត ត្រូវតែថ្កោលទោសចំពោះលោក សម រង្ស៉ី ព្រោះគាត់បានមើលងាយព្រះមហាក្សត្រខ្មែរយើង ចឹងដាច់ខាតត្រូវតែថ្កោលទោសចំពោះគាត់។ លោក សម រង្ស៉ី ចូលស្រុកយើងអត់បានជួយអីដល់ប្រទេសជាតិយើងរីកចម្រើនទេ គឺគាត់បង្កចលាចលឲ្យប្រទេសជាតិយើងជួបតែបញ្ហា ក្នុងនាមជាគ្រូបង្រៀនសព្វថ្ងៃពួកយើងក៏អត់ បានបើកប្រាក់ខែពីគាត់ដែរ (សម រង្ស៉ី) ព្រោះអីគ្រូបង្រៀនបើកប្រាក់ខែពីរាជរដ្ឋាភិបាលស្របច្បាប់ គាត់ជាជនដែលបំផ្លាញប្រទេសជាតិយើង ធ្វើឲ្យប្រទេសយើង អត់មានសន្ដិភាព ចឹងខ្ញុំអត់គាំទ្រឲ្យគាត់ចូលស្រុកខ្មែរវិញទេ»

សូមជំរាបថា នៅក្នុងកិច្ចសម្ភាសន៍វិទ្យុអាស៊ីសេរី (RFA) នាយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ កន្លងទៅ, សម្តីជនថោកទាប ក្បត់ជាតិសាសន៍ ក្បត់ព្រះមហាក្សត្រគឺ ទណ្ឌិត សម រង្ស៉ី បានបន្តប្រមាថព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត នៃរាស្រ្តខ្មែរ យ៉ាងធ្ងន់ធ្ងរបំផុតនៅក្នុងកម្មវិធី Hello VOA ដោយប្រើពាក្យប្រមាថធ្ងន់ៗបំផុត។

សម្តីជនថោកទាប សម រង្ស៉ី បាននិយាយយ៉ាងដូច្នេះថា៖ «...ព្រះមហាក្សត្រមិនដែលបើកព្រះនេត្រ ឃើញទុក្ខវេទនារបស់ប្រជារាស្រ្តខ្មែរទេ ព្រះមហាក្សត្រសព្វថ្ងៃ ដូចខ្ញុំនិយាយម្តងទៀត ចង់កាត់ទោសខ្ញុំមួយម៉ឺនដងទៀត អត់ខ្វល់ដែរ ព្រះមហាក្សត្រសព្វថ្ងៃ ជាចំណាប់ខ្មាំងរបស់ ហ៊ុន សែន ព្រះមហាក្សត្រសព្វថ្ងៃជាអាយ៉ងរបស់ ហ៊ុន សែន ព្រះមហាក្សត្រសព្វថ្ងៃ ធ្វើអ្វីតាមដែល ហ៊ុន សែន បញ្ជាឲ្យព្រះអង្គធ្វើទាំងអស់ ដូច្នេះព្រះមហាក្សត្រសព្វថ្ងៃ ជាព្រះមហាក្សត្រអត់បានការ អត់ប្រយោជន៍ ខ្ញុំអត់ចាប់អារម្មណ៍ អត់គោរពព្រះមហាក្សត្រសព្វថ្ងៃ....»

រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មាត្រា៧ បានចែងថា «អង្គព្រះមហាក្សត្រ មិនអាចនរណារំលោភបំពានបានឡើយ»។ មាត្រា៨ បានចែងថា «ព្រះមហាក្សត្រ ព្រះអង្គទ្រង់ជានិមិត្តរូបនៃឯកភាពជាតិ និងនិរន្តរ៍ភាពជាតិ។ ព្រះមហាក្សត្រ ទ្រង់ជាអ្នកធានាឯករាជ្យជាតិ អធិបតេយ្យ និងបូរាណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ជាអ្នកធានាការគោរពសិទ្ធិ និងសេរីភាពរបស់ប្រជាពលរដ្ឋ និងការគោរពសន្ធិសញ្ញាអន្តរជាតិ»

ជនក្បត់ជាតិ សម រង្ស៉ី បានប្រកាសនឹងវិលត្រឡប់មកកម្ពុជាវិញនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខ ដើម្បីប្រឆាំង និងផ្តួលរបបដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បច្ចុប្បន្ន។ ការវិលត្រឡប់នេះត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ប្រកាសថា ជាការប៉ុនប៉ងធ្វើរដ្ឋប្រហាររាជរដ្ឋាភិបាលស្របច្បាប់ កើតចេញពីការបោះឆ្នោត៕