(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងសកម្មភាព និងគណនីសាធារណៈបារាំង នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩នេះ បានរៀបចំកិច្ចប្រជុំស្តីពី ការប្រកាសដាក់អនុវត្តជំនួយបច្ចេកទេស សម្រាប់គាំទ្រការអនុវត្តយុទ្ធសាស្ត្រ នៃការកែទម្រង់ប្រព័ន្ធថវិកា ឆ្នាំ២០១៨-២០២៥។

ពិធីនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី Eva Nguyen Binh ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំងប្រចាំកម្ពុជា ដោយមានការចូលរួម ពីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ជាច្រើននាក់។

គោលបំណង នៃការរៀបចំកិច្ចប្រជុំប្រកាស ដាក់ឲ្យអនុវត្តជំនួយបច្ចេកទេសនេះ គឺដើម្បី៖

១៖ ប្រកាសពីការបញ្ចប់ដំណាក់កាលដំបូង ដើម្បីកំណត់នូវទស្សនទាន និងវិសាលភាពនៃកិច្ចសហប្រតិបត្តិការ ដោយឈរលើគោលការណ៍ធំពីរ គឺភាពជាម្ចាស់របស់កម្ពុជា និងការប្រើប្រាស់បទពិសោធន៍ នៃការកែទម្រង់ ការគ្រប់គ្រងថវិកា នៃប្រទេសបារាំង ស្របតាមបរិការណ៍របស់កម្ពុជា, ព្រមទាំងការចាប់ផ្តើមដំណាក់កាល អនុវត្តជំនួយបច្ចេកទេសសម្រាប់គាំទ្រ ការអនុវត្តយុទ្ធសាស្ត្រ នៃការកែទម្រង់ប្រព័ន្ធថវិកាឆ្នាំ២០១៨-២០២៥

២៖ ការដាក់ចេញនូវកាលវិភាគ សម្រាប់បេសកកម្មរយៈពេលខ្លីជាបន្តបន្ទាប់ របស់ជំនាញការបារាំង រហូតដល់ចប់គម្រោង។

លោកស្រី Eva Nguyen Binh បានថ្លែងថា គម្រោងជំនួយបច្ចេកទេសនេះ គឺជាការគួសរំលេចអំពីកិច្ចសហប្រតិបត្តិការ ខាងផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុរវាងប្រទេសទាំងពីរ បារាំងនិងកម្ពុជា។ គម្រោងជំនួយបច្ចេកទេសនេះ មានគោលបំណងជួយរៀបចំ ច្បាប់ពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈថ្មីមួយ និងលិខិតបទដ្ឋានពាក់ព័ន្ធការគ្រប់គ្រងថវិកា និងគណនេយ្យ សំដៅលើកកម្ពស់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងប្រសិទ្ធភាព នៃចំណាយ សាធារណៈ ប្រកបដោយតម្លភាព គណនេយ្យភាព និងសមិទ្ធកម្ម។

លោក វង្សី វិស្សុត បានសំដែងនូវអរគុណដល់រដ្ឋាភិបាលបារាំង ដែលបានផ្ដល់ជំនួយបច្ចេកទេស សម្រាប់គាំទ្រដល់ការអនុវត្តយុទ្ធសាស្ត្រ នៃកែទម្រង់ថវិកាជាតិ។ លោកថា កិច្ចប្រជុំថ្ងៃនេះ គឺជាការចាប់ផ្ដើមកិច្ចសហការ ក្នុងវិស័យកែទម្រង់ការគ្រប់គ្រងប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ រវាងរាជរដ្ឋាភិបាលសាធារណរដ្ឋបារាំង និយាយជារួម និងនិយាយដោយឡែក គឺជាការបញ្ជាក់ឡើងវិញសារជាថ្មី នូវទំនាក់ទំនងដ៏ល្អប្រសើរ រវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា និងក្រសួងសកម្មភាព និងគណនីសាធារណៈបារាំង។

លោកបន្ដទៀតថា កិច្ចសហប្រតិបត្តិការថ្មីនេះ នឹងផ្ដោតជាសំខាន់ៗ លើការការធ្វើវិសោធនកម្មច្បាប់ស្ដីពី ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈឆ្នាំ២០០៨, ការរៀបចំអនុក្រឹត្យលេខ ៨១ ស្តីពីការបង្កើតការត្រួតពិនិត្យ ហិរញ្ញវត្ថុលើការចំណាយថវិការដ្ឋ និងអនុក្រឹត្យលេខ៨២ ស្ដីពីបទបញ្ជាទូទៅនៃគណនេយ្យសាធារណៈឡើងវិញ ព្រមទាំងរៀបចំនូវក្របខណ្ឌស្តង់ដា គណនេយ្យសាធារណៈរបស់កម្ពុជា។

លោក វង្សី វិស្សុត ក៏បានលើកឡើងផងដែរថា ដោយសារកត្តាមរតកប្រវត្តិសាស្រ្ត, កម្ពុជា និងបារាំងមានចំណុចស្រដៀងគ្នាជាច្រើន ជាពិសេសនៅក្នុងវិស័យសាធារណៈតែម្តង។

ទន្ទឹមនឹងនេះ ការកែទម្រង់ប្រព័ន្ធថវិកា នៅប្រទេសបារាំង ក៏បានផ្តល់នូវមេរៀនដ៏មានតម្លៃក្នុងការតម្រង់ទិសការកែទម្រង់ប្រព័ន្ធថវិកានៅកម្ពុជា ដោយសារកម្ពុជាធ្លាប់បាន អនុវត្តប្រព័ន្ធថវិកាដែលមានលំនាំពីប្រព័ន្ធបារាំង ហើយការកែទម្រង់ប្រព័ន្ធថវិកាកម្ពុជាបាន និងកំពុងធ្វើដំណើរតាមទិសដៅ និងអភិក្រមប្រហាក់ប្រហែលនឹងប្រព័ន្ធថវិកាបច្ចុប្បន្នរបស់បារាំងផងដែរ។ ក្នុងន័យនេះ គំរូនៃប្រព័ន្ធថវិកាបារាំង គឺមានភាពសមស្រប សម្រាប់កម្ពុជាធ្វើពិចារណា ក្នុងការងារកែទម្រង់ប្រព័ន្ធថវិការបស់ខ្លួន។ នេះជាការបញ្ជាក់បន្ថែមរបស់លោក វង្សី វិស្សុត។

ត្រង់ចំណុចនេះ លោកបានគូសបញ្ជាក់ថា គោលការណ៍របស់កម្ពុជា គឺយើងរៀនសូត្រពីបទពិសោធន៍ពីប្រទេសដទៃ ប៉ុន្តែយើងនឹងមិនចម្លងគេទាំងស្រុងនោះទេ ពោលគឺយើងនឹងយកចំណេះដឹងពីឧត្តមានុវត្តនានា មកធ្វើកែច្នៃស្របទៅតាមបរិការណ៍របស់ប្រទេសកម្ពុជា ដើម្បីធានាថា ប្រព័ន្ធថវិការបស់យើងអាចដំណើរការទៅបាន ប្រកបដោយភាពជាក់ស្តែងនិយម និងអាចសម្រេចបានតាមវត្ថុបំណងរបស់យើង។

លោក វង្សី វិស្សុត ក៏បានលើកឡើងផងដែរថា ក្នុងរយៈពេល១៥ឆ្នាំនេះ រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការយ៉ាងសស្រាក់សស្រាំ ក្នុងការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដោយក្នុងនោះ យើងសម្រេចបាន នូវវឌ្ឍនភាព និងសមិទ្ធសំខាន់ៗមួយចំនួន ដូចខាងក្រោម៖

ទី១៖ ការប្រមូលចំណូលចរន្តថវិការដ្ឋ បានកើនឡើងជាងពីរដងកន្លះ ពោលគឺពីប្រមាណ២,២៦៤លានដុល្លារអាមេរិក ឬស្មើនឹង១៤.៨៦ភាគរយនៃផសស ក្នុងឆ្នាំ២០១៣ បានកើនឡើងដល់៥,៣៨៥លានដុល្លារអាមេរិក ឬស្មើនឹងប្រមាណ ២២.១៧ភាគរយ នៃផសស នៅឆ្នាំ២០១៨។ កំណើនការប្រមូលចំណូលនេះ សម្រេចបានប្រមាណជាង១ពិន្ទុភាគរយ នៃផសស ក្នុងមួយឆ្នាំ លើសពីគោលដៅ០.៥០ពិន្ទុ ភាគរយនៃ ផសស ដែលបានកំណត់ក្នុងយុទ្ធសាស្រ្តកៀរគរចំណូលរយៈពេលមធ្យមឆ្នាំ ២០១៤-២០១៨។

ទី២៖ ចំណាយថវិការដ្ឋសរុប ត្រូវបានបង្កើនជិតពីរដងពោលគឺពីប្រមាណ៣,៣៤៩លានដុល្លារអាមេរិក ឬស្មើនឹង២១.៩៧ភាគរយ នៃផសស ក្នុងឆ្នាំ២០១៣ បានកើនឡើងដល់៥,៩៧៥លានដុល្លារអាមេរិក ឬស្មើនឹង ២៤.៤២ភាគរយ នៃផសស ក្នុងឆ្នាំ២០១៨។

ទន្ទឹមនឹងនេះ ចំណាយថវិកាកាន់តែមានប្រសិទ្ធភាព ទាំងក្នុងកម្រិតវិភាជន៍ ទាំងក្នុងកម្រិតប្រតិបត្តិការ និងបច្ចេកទេស ជាពិសេសប្រតិបត្តិការចំណាយឲ្យកាន់តែឆាប់រហ័ស និងដល់ដៃដល់អ្នកអនុវត្តផ្ទាល់។ គិតពីឆ្នាំ២០១៣ ដល់ឆ្នាំ ២០១៨, ចំណាយសរុបរបស់ក្រសួងអប់រំ យុវជន និងកីឡាត្រូវបានបង្កើនជាងបីដង, ក្រសួងសុខាភិបាលត្រូវបានបង្កើនជិតពីរដងកន្លះ និង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវបានបង្កើនជិតបីដង។

គួរកត់សម្គាល់ថា វិនិយោគសាធារណៈដោយហិរញ្ញប្បទានក្នុងស្រុក ក៏បានកើនឡើងជិតពីរដងកន្លះ ដែលក្នុងនោះជាង៨០ភាគរយ ត្រូវបានវិភាជន៍សម្រាប់ហេដ្ឋារចនាសម្ព័ន្ធជនបទ។ កំណើនចំណាយនៃវិស័យទាំងនេះ បានកើនច្រើនជាងកំណើន នៃចំណាយថវិកាជាតិទាំងមូល ដែលមានន័យថាកំណើននេះ បានមកដោយសារការបន្ថយល្បឿន នៃកំណើនចំណាយតាមក្រសួងដទៃទៀត ប៉ុន្តែយើងជឿជាក់ថា ការបន្ថែមលើសនេះ គឺចំទិសដៅអាទិភាព នៃគោលនយោបាយរបស់រាជរដ្ឋាភិបាល ហើយក៏ឆ្លុះបញ្ចាំងពីជោគជ័យមួយរបស់ការងារគ្រប់គ្រងថវិកាផងដែរ។

ទី៣៖ ការដាក់ឲ្យអនុវត្តជាបណ្ដើរៗ នូវប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ(FMIS) ដោយបានដាក់ឲ្យអនុវត្តជាផ្លូវការ នៅតាមក្រសួង/ស្ថាប័នចំនួន២០ និង មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុទាំង ២៥ រាជធានី-ខេត្ត, រីឯក្រសួង/ស្ថាប័នចំនួន១៧ផ្សេងទៀត នឹងត្រូវប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ នៅឆ្នាំ២០២០ខាងមុខ។

ទី៤៖ ការដាក់ឲ្យអនុវត្តថវិកាកម្មវិធីពេញលេញ នៅគ្រប់ក្រសួង/ស្ថាប័ន និង តាមបណ្តារដ្ឋបាលរាជធានី-ខេត្តមួយចំនួន ស្របគ្នានឹងការបង្កើត និងដាក់ឲ្យអនុវត្តអង្គភាពថវិកា នៅគ្រប់ក្រសួង/ស្ថាប័ន។ នៅថ្នាក់ក្រោមជាតិ, ចាប់ពីឆ្នាំ២០១៧មក, រដ្ឋបាលខេត្តចំនួន១៨ ត្រូវបានដាក់ឲ្យអនុវត្តសាកល្បងនូវថវិកាកម្មវិធីពេញលេញ។ សម្រាប់ឆ្នាំ២០២០, រដ្ឋបាលខេត្តចំនួន៦បន្ថែម ហើយនៅឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញ នឹងត្រូវបានដាក់ឲ្យអនុវត្ត នូវថវិកាកម្មវិធីចុងក្រោយគេ។

ទី៥៖ ការបង្កើនការផ្ដល់ធនធានកាន់តែច្រើន ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីឆ្លើយតបតាមតម្រូវការជាក់ស្ដែងនៅមូលដ្ឋាន។ ថវិកាថ្នាក់ក្រោមជាតិ ដែលក្នុងឆ្នាំ២០១៤ មានប្រមាណតែ៤ភាគរយ នៃថវិកាសរុប ឬ១ភាគរយ នៃផសស នឹងត្រូវកើនឡើងដល់១០ភាគរយ នៃថវិកាសរុប ឬ២.៨ភាគរយ នៃផសស នៅឆ្នាំ២០២០។

ទី៦៖ ការចូលរួមរបស់ក្រសួង/ស្ថាប័ន ក្នុងសកម្មភាពកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ មានការរីកចម្រើនជាលំដាប់ ជាពិសេស ក្នុងការគ្រប់គ្រងចំណូល, ការរៀបចំថវិកាតាមប្រព័ន្ធថវិកាកម្មវិធី, ការអនុវត្តថវិកាតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ។

លោក វង្សី វិស្សុត ក៏បានលើកឡើងផងដែរថា កន្លងមកយើងបានធ្វើការងារកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដោយផ្អែកលើមូលដ្ឋានច្បាប់គតិយុត្តិចាស់ ពោលគឺច្បាប់ស្ដីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ឆ្នាំ២០០៨, អនុក្រឹត្យលេខ៨១ ស្តីពីការត្រួតពិនិត្យហិរញ្ញវត្ថុ លើការចំណាយថវិការដ្ឋ និង អនុក្រឹត្យលេខ៨២ ស្ដីពី បទបញ្ជាទូទៅនៃគណនេយ្យសាធារណៈ ដែលមានអាយុកាល២៤ឆ្នាំមកហើយ។

លោកថា ដូចនេះ ដល់ពេលហើយដែលយើង ចាំបាច់ត្រូវចាប់ផ្តើមពិនិត្យ និងធ្វើទំនើបកម្មប្រព័ន្ធគតិយុត្តិ និងមូលដ្ឋានគតិយុត្តិឡើងវិញ ដើម្បីទ្រទ្រង់កិច្ចដំណើរការកែទម្រង់ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ និងប្រព័ន្ធថវិកា ឲ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ ព្រមទាំងអាចឲ្យយើងជំរុញការកែទម្រង់ កាន់តែមានប្រសិទ្ធភាព និងមានចរិតគតិយុត្តកាន់តែច្បាស់លាស់។

ទន្ទឹមនឹងនេះ ទស្សនៈ និងអភិក្រម ក្នុងការកែទម្រង់ប្រព័ន្ធថវិកា គឺនៅតែបន្ដឈរលើគោលការណ៍បួនក្នុងកញ្ចប់តែមួយ៖

ទី១៖ ប្រសិទ្ធភាព និងចីរភាពនៃការគ្រប់គ្រងថវិកា ដែលជាកញ្ចប់ធនធានហិរញ្ញវត្ថុ សម្រាប់ទ្រទ្រង់ប្រក្រតីភាពនៃប្រតិបត្តិការដ្ឋ និងលើកកម្ពស់ការអភិវឌ្ឍន៍
ទី២៖ ការរៀបចំវិធាន ដែលរួមមាន ច្បាប់ បទបញ្ញត្តិ និងនិយាមផ្សេងៗ ឲ្យបានគ្រប់គ្រាន់ និងអនុវត្តវិធានទាំងនោះដោយម៉ឹងម៉ាត់
ទី៣៖ ការពង្រឹងសមត្ថភាព ទាំងសមត្ថភាពដឹកនាំសមត្ថភាពជំនាញ ចំណេះដឹង បំណិន និងគោលជំហរការងារ
ទី៤៖ ការពង្រឹងគណនេយ្យភាព និងសមិទ្ធកម្មការងារ នៅក្នុងគ្រប់កម្រិត៕