(ភ្នំពេញ)៖ លោក សម្យ កំសាន្ត នាយករងវិទ្យាល័យស៊ីសុវត្ថិ ទទួលបន្ទុកសាលាជំនាន់ថ្មី បានបញ្ជាក់ពីផ្លែផ្កាដែលក្រសួងអប់រំ យុវជន និងកីឡា បង្កើតឲ្យមានសាលាជំនាន់ថ្មី ដោយអត្រាសិស្សដែលសិក្សានៅក្នុងសាលានេះ ប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) មានកំណើនជារៀងរាល់ឆ្នាំ។
ថ្លែងក្នុងកិច្ចសម្ភាសន៍ ក្នុងកម្មវិធីភ្ញៀវពិសេសប្រចាំសប្ដាហ៍ ដែលជាកម្មវិធីមួយរបស់ទូរទស្សន៍ Fresh News លោក សម្យ កំសាន្ត លើកឡើងថា សាលារៀនជំនាន់ថ្មី គឺជាការផ្ដួចផ្ដើមរបស់បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ហើយសាលារៀននេះ ជាសាលារដ្ឋដែលមានការវិនិយោគខ្ពស់ជាងសាលារដ្ឋធម្មតា។
លោកបន្តថា សាលារៀនជំនាន់ថ្មី បានចាប់ផ្ដើមអនុវត្តសាកល្បងតាំងពីឆ្នាំ២០១៦ មកដល់ទល់ពេលនេះ មានរយៈពេល៥ឆ្នាំមកហើយ។
លោកបានបញ្ជាក់ទៀតថា គោលដៅនៃការវិនិយោគខ្ពស់នេះ គឺចង់បាននូវគុណភាពលើការអប់រំខ្ពស់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារជាក់ស្ដែង ដែលប្រទេសមួយចំនួន ដូចជានៅសង្ហឹបុរី ថៃ ជប៉ុន និងកូរ៉េជាដើម ដែលយើងទទួលស្គាល់ថា វិស័យអប់រំ និងស្ដង់ដារខ្ពស់ ហើយយើងក៏ចង់បាននូវធនធានមនុស្សបែបនោះ ដូច្នេះយើងបានសិក្សាស្រាវជ្រាវ អំពីវិធីសាស្ត្រនៃការបង្រៀន ដូចនេះក្រសួងក៏បានរៀបចំការអប់រំបែបនេះឡើង។
លោកបានបន្តថា «លទ្ធផលជាក់ស្ដែងការប្រឡងបាក់ឌុបនាពេលកន្លងទៅនេះ ឃើញថាអត្រាសិស្សជាប់បាក់ឌុបកាលពីឆ្នាំកន្លងទៅ គឺមានការកើនឡើងរហូតដល់៨៨ភាគរយ និងសម្រាប់ឆ្នាំ២០១៩នេះ កើនឡើងដល់៩៤ភាគរយ ហើយសម្រាប់និទ្ទេស A វិញឃើញថា សិស្សសាលារៀនជំនាន់ថ្មី ទទួលបានច្រើនជាងបើធៀប និងសាលាទូទៅនៅទូទាំងប្រទេស និងចំនួនបូកចូលគ្នានៃសិស្សជាប់និទ្ទេស A, B, និងនិទ្ទេស C គឺប្រហាក់ប្រហែលនឹង៥០ភាគរយនៃសិស្សសរុបផងដែរ»។
លោកបន្ថែមថា ការធ្វើកំណែទម្រង់រៀនបែបថ្មីនេះ ធ្វើឲ្យកូនសិស្សមានឱកាសប្រកួតប្រជែង និងមានទឹកចិត្តមួយបន្ថែមទៀតក្នុងរៀនសូត្រ។ ចំពោះការចូលរួមប្រកួតទាំងថ្នាក់ជាតិ និងអន្តរជាតិ គឺសិស្សរបស់សាលារៀនជំនាន់ថ្មី អាចរកមេដាយសរុបទាំងមេដាយមាស ប្រាក់ និងសំរិទ្ធិមានកំណើនជារៀងរាល់ឆ្នាំ។
លោកបានបញ្ជាក់ថា ចំពោះសាលារៀនជំនាន់ថ្មី និងសាលារដ្ឋធម្មតា គឺវាមានការខុសគ្នាតែបន្តិចបន្តួចប៉ុណ្ណោះ ព្រោះថាសាលារៀនជំនាន់ថ្មីក៏ជាសាលារៀនរដ្ឋផងដែរ ប៉ុន្ដែខាងក្រសួងបានធ្វើការចងក្រង នៃការបង្រៀននៅសាលាជំនាន់ថ្មីឲ្យស៊ីជម្រៅជាងសាលារដ្ឋធម្មតា មានន័យថាបើការបង្រៀនត្រូវការពិសោធន៍ គឺវាមានការពិសោធន៍ផ្ទាល់ជាក់ស្ដែងតែម្ដង គឺមានន័យថា សិស្សដែលរៀននៅសាលារៀនជំនាន់ថ្មីនេះ រៀនផង និងការអនុវត្តផ្ទាល់ផង មួយវិញទៀត គឺមានការស្រាវជ្រាវច្រើន និងកម្មវិធីល្អៗជាច្រើនទៀត។
សូមជម្រាបថា សាលារៀនជំនាន់ថ្មី គឺជាកម្មវិធីសិក្សាថ្មីមួយ ដែលក្រសួងអប់រំ បានដាក់ឱ្យអនុវត្តន៍ក្នុងដំណាក់កាលសាកល្បងនៅឆ្នាំ២០១៥ ដោយការអនុវត្តន៍នេះ គឺធ្វើទាំងថ្នាក់បឋម និងថ្នាក់មធ្យមសិក្សាផងដែរ ក្នុងបំណងធ្វើឲ្យការអប់រំនៅកម្ពុជាកាន់តែល្អប្រសើរ ដូចទៅនឹងប្រទេសមួយចំនួននៅក្នុងតំបន់ និងលើពិភពលោក។ បច្ចុប្បន្នមានសាលាចំនួន១០ហើយ កំពុងដាក់ឱ្យអនុវត្តកម្មវិធីសិក្សាសាលារៀនជំនាន់ថ្មីនេះ។
ក្នុងនោះសាលាបឋមសិក្សាមានចំនួន៤ និងសាលាមធ្យមសិក្សាមានចំនួន៦។ សាលាទាំងនោះរួមមាន៖ វិទ្យាល័យព្រះស៊ីសុវត្ថិ វិទ្យាល័យហ៊ុនសែនកំពង់ចាម វិទ្យាល័យព្រែកលៀប វិទ្យាល័យ សម្តេចជាស៊ីម ព្រែកអញ្ចាញ វិទ្យាល័យ ហ៊ុន សែន ពាមជីកង អនុវិទ្យាល័យ គោកព្រីង សាលាបឋមសិក្សា ហ៊ុន សែន កំពង់ចាម សាលាបឋមសិក្សា ព្រះរាជអគ្គមហេសី សាលាបឋមសិក្សាអង្គរបាន និងសាលាបឋមសិក្សាព្រហូត។កម្មវិធីសិក្សាសិក្សានេះ ត្រូវបានយកចិត្តទុកដាក់ខ្ពស់ លើការបញ្ចូលប្រព័ន្ធបច្ចេកវិទ្យា ទៅក្នុងការអប់រំទាំងអ្នករៀន និងអ្នកបង្រៀន ព្រមទាំងបំពាក់ឧបករណ៍សិក្សាសម្បូរបែបផងដែរ។ ជាពិសេសម៉ោងសិក្សាមានច្រើនជាងកម្មវិធីសិក្សាចាស់៕