(សៀមរាប)៖ ក្រុមការងារអាជ្ញាធរជាតិអប្សរា នឹងបើកការជួសជុលប្រាសាទកណ្តាលស្រះស្រង់ នៅឆ្នាំក្រោយ ខណៈនាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ គេបានរៀបចំពិធីក្រុងពាលី ដើម្បីសុំការអនុញ្ញាតពីម្ចាស់ទឹកម្ចាស់ដី វត្ថុស័ក្តិសិទ្ធិដែលថែរក្សាតំបន់អង្គរ ក្នុងការជួសជុលប្រាសាទកណ្តាលស្រះស្រង់ ឱ្យរួចផុតពីហានីភ័យទុកជាកេរតំណែលសម្រាប់កូនចៅជំនាន់ក្រោយ។
លោក យិត ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា គម្រោងជួសជុលប្រាសាទកណ្តាលស្រះស្រង់ គឺជាសមិទ្ធផលទី២បន្ទាប់ពីរហាត់ទឹក ដែលជាអំណោយរបស់លោកស្រី សៀង ចាន់ហេង។
សូមបញ្ជាក់ថា ប្រាសាទកណ្តាលស្រះស្រង់ បានកសាងឡើងក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ នាសតវត្សទី១២ ដែលតំណាងឱ្យភ្នំព្រះសុមេរុ។ បច្ចុប្បន្ន ប្រាសាទនេះបានរងការបាក់បែកជាខ្លាំងដោយសារកត្តាធម្មជាតិ ហើយដើម្បីលើកតម្លៃប្រវត្តិសាស្រ្ត សំណង់ប្រាសាទ និងទេសភាពវប្បធម៌នៃស្រះស្រង់ឡើងវិញនោះ អាជ្ញាធរជាតិអប្សរា និងវិស័យឯកជនបានរួមដៃគ្នាជួសជុលប្រាសាទនេះឡើងវិញ។
ដំណើរការជួសជុល គ្រោងនឹងចាប់ផ្តើមឡើងនៅរដូវប្រាំង ព្រោះទឹករីង ងាយស្រួលក្នុងការធ្វើកំណាយស្រាវជ្រាវ និងជួសជុល។
អាជ្ញាធរជាតិអប្សរានឹងធ្វើការសិក្សាលម្អិតទាក់ទងនឹងប្រាសាទ រួមទាំងផ្នែកបុរាណវិទ្យា ហើយឆ្លងយោបល់ក្នុងកិច្ចប្រជុំអាយស៊ីស៊ី-អង្គរ ដែលនឹងប្រព្រឹត្តិទៅនាខែធ្នូខាងមុខនេះ ទើបដំណើរការជួសជុលបាន៕