(ភ្នំពេញ)៖ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាល នៃមូលនិធិគន្ធបុប្ផាកម្ពុជា នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ បានទទួលជួបជាមួយ លោក Qiu Guoxing ប្រធានអគ្គនាយកក្រុមហ៊ុន Prince Real Estate (Cambodia) Group Co., Ltd និងជាប្រធានសមាគមមិត្តភាពសភាពាណិជ្ជកម្មចិនហ្វូជាននៅកម្ពុជា និងសហការី ដែលបាននាំមកនូវថវិកាសប្បុរសធម៌ ចំនួន២៣៥,២៨៥ដុល្លារអាមេរិក ដើម្បីបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា។

ក្នុងនាមប្រធានក្រុមប្រឹក្សាបរធនបាល នៃមូលនិធិគន្ធបុប្ផាកម្ពុជា, លោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះការចូលរួម និងគាំទ្រជាប្រចាំរបស់ លោក Qiu Guoxing ពិសេសពីសំណាក់ក្រុមហ៊ុន Prince Real Estate (Cambodia) Group Co., Ltd និងសមាគមមិត្តភាពសភាពាណិជ្ជចិនហ្វូជាននៅកម្ពុជា ដែលបានបន្តរួមចំណែកក្នុងសកម្មភាពមនុស្សធម៌នេះ ឆ្លើយតបចំពោះការអំពាវនាវ និងលើកទឹកចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជាប្រធានស្ថាបនិកមូលនិធិគន្ធបុប្ផាកម្ពុជា។

លោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា កាយវិការណ៍ដ៏សប្បុរសនេះ គឺការរួមចំណែកក្នុងការលើកកម្ពស់ស្មារតី ជួយគ្នាទៅវិញទៅមក ដែលបង្ហាញពីការជួយ និងចូលរួមចំណែក ក្នុងការអភិវឌ្ឍនៅកម្ពុជា ក៏ដូចជាការបន្តផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងមិត្តភាពល្អរវាងប្រទេស និងវិនិយោគិន ក៏ដូចជារវាងប្រជាជនចិន និងកម្ពុជា ដែលមានទំនាក់ទំនងជិតស្និទ ជាមួយគ្នាជាយូរមកហើយ។

ជាការឆ្លើយតប លោក Qiu Guoxing ថ្លែងអំណរគុណចំពោះ លោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ដែលបានឆ្លៀតពេលដ៏មមាញឹកទទួលលោក និងប្រតិភូនៃក្រុមហ៊ុន Prince Real Estate (Cambodia) Group Co., Ltd និងសមាគមមិត្តភាពសភាពាណិជ្ជចិនហ្វូជាននៅកម្ពុជា និងបានសម្តែងការកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានបង្កើតមូលនិធិគន្ធបុប្ផាកម្ពុជានេះ ដើម្បីចូលរួមធានានិរន្តរភាព របស់មន្ទីរពេទ្យគន្ធបុប្ផា។

លោក Qiu Guoxing ក៏បានសម្តែងនូវសេចក្តីសោមនស្សរីករាយ ដែលបានរួមចំណែក ក្នុងការគាំទ្រដល់ការគិតគូរ របស់រាជរដ្ឋាភិបាលក្នុងការងារមនុស្សធម៌នេះ និងបានសន្យាបន្តបំផុសចលនាគាំទ្រ និងចូលរួមជាមួយ មូលនិធិគន្ធបុប្ផាកម្ពុជា។

នៅទីបញ្ចប់នៃជំនួប លោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តឲ្យក្រុមហ៊ុនខិតខំបន្ត និងពង្រីកការវិនិយោគ ឲ្យបានកាន់តែទូលំទូលាយ ដើម្បីការអភិវឌ្ឍទាំងក្រុមហ៊ុន និងការអភិវឌ្ឍប្រទេសកម្ពុជា។

លោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវ និងបន្តលើកទឹកចិត្តថ្នាក់ដឹកនាំ និងសមាជិកគ្រប់លំដាប់ថ្នាក់ នៃក្រុមហ៊ុន Prince Real Estate (Cambodia) Group Co., Ltd និងសមាគមមិត្តភាព សភាពាណិជ្ជចិនហ្វូជាននៅកម្ពុជា ក៏ដូចជាក្រសួង-ស្ថាប័នរដ្ឋ ក្រុមហ៊ុន និងបណ្តាសាធារណជន ឲ្យចូលរួមបរិច្ចាគ និងចូលជាសមាជិក មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីធានាបាននូវនិរន្តរភាព របស់មន្ទីរពេទ្យគន្ធបុប្ផា ទាំងប្រាំទីតាំង និងដើម្បីភាពញញឹមរបស់កុមារ។

គូសបញ្ជាក់ផងដែរថា កាលពីឆ្នាំ២០១៨ កន្លងមក ក្រុមហ៊ុន Prince Real Estate (Cambodia) Group Co., Ltd បានចូលជាសមាជិកស្ថាបនិកមូលនិធិគន្ធបុប្ផាកម្ពុជា ចំនួន ២៩,២០៨ ដុល្លារអាមេរិក និងសមាគមមិត្តភាពសភាពាណិជ្ជចិនហ្វូជាននៅកម្ពុជា ក៏បានចូលជាសមាជិកស្ថាបនិកមូលនិធិគន្ធបុប្ផាកម្ពុជា ចំនួន៣០,៦០០ដុល្លារអាមេរិកផងដែរ៕