(បាត់ដំបង)៖ នៅព្រឹកព្រលឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានអញ្ជើញជួបសំណេះសំណាល និងជូនដំណើរបងប្អូនប្រជាពលរដ្ឋដែលមកលេង ស្រុកកំណើតក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ដែលនឹងត្រូវត្រឡប់ទៅរាជធានីភ្នំពេញវិញ តាមរយៈរថយន្តក្រុងសាធារណៈរបស់រដ្ឋដោយឥតគិតថ្លៃ ដែលផ្តល់ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅចំណតរថយន្តក្រុងផ្សារទំនើប ភួ ពុយ ក្រុងបាត់ដំបង។
សូមជម្រាបថា ដោយមានការគាំទ្រច្រើនពីបងប្អូនប្រជាពលរដ្ឋ ក្នុងការជិះរថយន្តក្រុងសាធារណៈរបស់រដ្ឋ ដែលផ្តល់ដោយសម្តេចតេជោ ហ៊ុន សែន មានចំនួនច្រើន ហើយរថយន្តក្រុង សារធារណៈរបស់រដ្ឋចំនួន ១៥គ្រឿង ជិះមិនបានគ្រប់គ្នា តែលោកអភិបាលខេត្តបាត់ដំបង បានជួលរថយន្តក្រុងចំនួន ២គ្រឿងបន្ថែមដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជា
ពលរដ្ឋក្នុងការត្រឡប់ទៅរាជធានីភ្នំពេញវិញ។
ក្នុងការជួបសំណេះសំណាល និងជូនដំណើរបងប្អូនប្រជាពលរដ្ឋនាឱកាសនោះផងដែរ អភិបាលខេត្ត ព្រមទាំងក្រុមការងារ បានផ្តល់ជូនជាអាហារសម្រន់ដល់បងប្អូនប្រជាពលរដ្ឋ ជាអ្នកដំណើរចំនួន ៧៨៥នាក់មាននំបុ័ង និងទឹកសុទ្ធ ព្រមទាំងផ្តល់ថវិកាឧបត្ថម្ភជូនដល់អ្នកបើកបររថយន្តក្រុង និងក្រុមជាងចំនួន ៣៧នាក់ ដោយក្នុងម្នាក់ ៗថវិកា៤០,០០០រៀល។
សូមបញ្ជាក់ដែរថា ក្នុងឱកាសពិធីបុណ្យបិណ្ឌកន្លងមកនេះ រាជរដ្ឋាភិបាកកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន បានផ្តល់រថយន្តក្រុងដឹកជញ្ជូនសាធារណៈដោយឥតគិតថ្លៃ ចំនួន
១២០គ្រឿង ទៅតាមបណ្ដាខេត្តនានាក្នុងប្រទេសកម្ពុជា ក្នុងនោះខេត្តបាត់ដំបងមានចំនួន ១៥គ្រឿង ដោយចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩នេះ៕