(ប៉ៃលិន)៖ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានក្រើនរំលឹកដល់កម្លាំងដែលឈរជើងនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ មិនត្រូវកុំជឿតាមឃោសនារបស់ទណ្ឌិត សម រង្ស៊ី ដែលជាចេតនាក្បត់ជាតិ សាសនា ព្រះមហាក្សត្រ មួយមិនអាចអត់ឱនឱ្យបាន។
ការក្រើនរំលឹកបែបនេះរបស់លោក ផាន់ ចាន់ធុល បានធ្វើឡើងនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលលោកបានដឹកនាំ មន្ត្រីរាជការក្រោមឱវាទ និងព្រះសង្ឃយាងនិមន្ត ចុះសាកសួរសុខទុក្ខព្រមទាំងនាំយកអំណោយ គ្រឿងឧបភោគបរិភោគ នំអន្សម និងថវិកាទៅឧបត្ថម្ភ ដល់កងកម្លាំងការពារព្រំដែនកម្ពុជា-ថៃ ភូមិសាស្ត្រខេត្តប៉ៃលិន នៅចំណុចអូរអែម ទីបញ្ជាការនគរបាលវរៈការពារព្រំដែនលេខ៨២១ ស្ថិតក្នុងសង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន បន្ទាប់ពីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌបានបញ្ចប់។
ក្នុងឱកាសនោះផងដែរលោក ផាន់ ចាន់ធុល ក៏បានផ្តាំផ្ញើដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវយកចិត្តទុកដាក់ពង្រឹងកិច្ចសហការគ្នា ជាមួយសមត្ថកិច្ចពាក់ព័ន្ធឱ្យបានជិតស្និទ្ធ ដើម្បីថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងការពារបូរណភាពទឹកដីកម្ពុជាឱ្យបានគង់វង្ស ជាពិសេស សូមកងកម្លាំងទាំងអស់ថែទាំសុខភាព ព្រោះរដូវនេះមានភ្លៀងច្រើន អាចងាយនឹងកើតជំងឺដម្កាត់ផ្សេងៗ។
លោក ផាន់ ចាន់ធុល បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានគិតគូខ្ពស់ដល់កងកម្លាំង ប្រដាប់អាវុធការពារទឹកដី នៅតាមខ្សែបន្ទាត់ព្រំដែនជានិច្ច ដោយបានផ្តល់ជាជំរុំជំរក និងជីវភាពរស់នៅប្រចាំថ្ងៃ របស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទឱ្យកាន់តែប្រសើឡើង។
ទន្ទឹមនឹងនេះថ្នាក់ដឹកនាំខេត្ត និងបងប្អូនប្រជាពលរដ្ឋ ព្រមទាំងព្រះសង្ឃតែងតែជួយទំនុកបម្រុងឧបត្ថម្ភគាំទ្រដល់កងកម្លាំងជាបន្តបន្ទាប់ ហើយជាក់ស្តែងពេលនេះ ក្រោយពីពីបញ្ចប់ពិធីកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌដែលជាបុណ្យប្រពៃណីជាតិរួចមក ថ្នាក់ដឹកនាំខេត្តគ្រាប់ជាន់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋ ព្រមទាំងព្រះសង្ឃទាំង២គណៈ បានសហការគ្នាចុះសាកសួរសុខទុក្ខ និងនាំយកសំភារៈ គ្រឿងឧបភោគបរិភោគ នំអន្សម ព្រមទាំងថវិកា មកឧបត្ថម្ភជូនដល់កងកម្លាំងការពារព្រំដែននាថ្ងៃនេះ គឺបានបង្ហាញឲ្យឃើញពីសកម្មភាពសាមគ្គីភាព និងសិល្បះចែករំលែក សមរភូមិក្រោយផ្សារភ្ជាប់សមរភូមិមុខ។
លោកឧត្តមសេនីយ៍ត្រី លី បួយ ស្នងការរងទទួលបន្ទុក វរៈការពារព្រំដែនលេខ៨២១ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ ប្រជាពលរដ្ឋ និងព្រះសង្ឃក្នុងខេត្តប៉ៃលិន ទាំងអស់ ដែលតែងតែយកចិត្តទុកដាក់ចុះសាកសួរសុខទុក្ខ និងឧបត្ថម្ភដល់កម្លាំងទាំងអស់ ជាញឹកញាប់ហើយនេះ គឺជាការលើកទឹកចិត្តដល់កងកម្លាំង ប្រដាប់អាវុធទាំងអស់ ក្នុងការអនុវត្ត ភារកិច្ចតួនាទីរបស់ខ្លួន ដើម្បី កិច្ចការពារបូរណភាពទឹកដី ឱ្យបានរឹងមាំនៅតាមខ្សែរបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងពង្រឹងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ឱ្យបានល្អប្រសើផងដែរ។
សូមបញ្ជាក់ថា អំណោយដែលបានយកទៅឧបត្ថម្ភដល់កងកម្លាំងនាពេលនោះ រួមមាន៖ អង្ករ ៣០ការុង មី ៦៥កេះ ទឹកសុទ្ធ ១៥០យួរ ទឹកស៊ីអ៊ីវ ៤១យួ ទឹកត្រី ៤៧យួ ភេសជ្ជៈ ២០កេស ត្រីខ ២០កេះ នំបញ្ចុក ១០០គីឡូ និងនំអន្សម ១តោន ព្រមទាំងឧបត្ថម្ភថវិកាដល់អង្គភាព ចំនួន ២,៥០០,០០០រៀល ក្នុងនោះកងកម្លាំងចំនួន ២០០នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៥ម៉ឺនរៀលផងដែរ៕