(ភ្នំពេញ)៖ អយ្យការអមសាលាដំបូងខេត្តឧត្តរមានជ័យ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ បានសម្រេចធ្វើការចោទប្រកាន់លើឈ្មោះ ម៉ោញ សារ៉ាត់ ពីបទ រួមគំនិតក្បត់ ក្រោយធ្វើសកម្មភាព កៀរគរពលករខ្មែរនៅប្រទេសថៃ ឱ្យចូលរួមជាមួយទណ្ឌិត សម រង្ស៉ី ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា។ នេះបើតាម សេចក្តីប្រកាសអ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងខេត្តឧត្តរមានជ័យ។
អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងខេត្តឧត្តរមានជ័យ បានបញ្ជាក់ថា ការចោទប្រកាន់ខាងលើនេះ គឺពាក់ព័ន្ធនឹងអំពើរបស់ឈ្មោះ ម៉ោញ សារ៉ាត់ ដែលបានសម្ភាសជាមួយវិទ្យុសំលេងសហរដ្ឋអាមេរិក (VOA) នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩ ដោយបាននិយាយថា ខ្លួនបានកៀរគរប្រជាពលរដ្ឋដែលបានចំណាកស្រុកទៅប្រទេសថៃ ឱ្យទៅចូលរួមក្នុងផែនការផ្តួលរំលំរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្រោមឧបាយកល «ផែនការនៃការវិលត្រលប់មកកម្ពុជារបស់ឧក្រិដ្ឋជន សម រង្ស៉ី» ដោយអនុវត្តតាមការអំពាវនាវរបស់ឈ្មោះ សម រង្ស៉ី និងបក្ខពួក។
អ្នកនាំពាក្យបន្តទៀតថា ទន្ទឹមនឹងនេះផងដែរ ឈ្មោះ ម៉ោញ សារ៉ាត់ បានធ្វើសកម្មភាពកៀរគរប្រជាពលរដ្ឋដែលបានចំណាកស្រុកទៅប្រទេសថៃ ព្រមទាំងមានផែនការដឹកនាំក្រុមរបស់ខ្លួនធ្វើដំណើរទៅរាជធានីភ្នំពេញ ដើម្បីចូលរួមសកម្មភាពផ្តួលរំលំរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ។
អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងខេត្តឧត្តរមានជ័យ បានបញ្ជាក់ថា អ្នកពាក់ព័ន្ធ និងការគាំទ្រ ឬចូលរួមអនុវត្តផែនការប៉ុនប៉ងធ្វើរដ្ឋប្រជារផ្តួលរំលំរាជរដ្ឋាភិបាល និងត្រូវប្រឈមតាមការចោទប្រកាន់បញ្ជូនទៅតុលាការកាត់ទោសតាមច្បាប់ ពីបទ «រួមគំនិតក្បត់» ដែលត្រូវផ្តន្ទាទោសចាប់ពី ០៥ឆ្នាំ ទៅ១០ឆ្នាំតាមប្បញ្ញត្តិមាត្រា៤៥៣ នៃក្រមព្រហ្មទណ្ឌ លើកលែងតែអ្នកពាក់ព័ន្ធទាំងនោះ ចូលមកសារភាពទាន់ពេលវេលា ដែលអាចនឹងត្រូវលើកលែងឱ្យរួចផុតពីទោសតាមប្បញ្ញត្តិពិសេស នៃមាត្រា៤៥៤ នៃក្រមព្រហ្មទណ្ឌ៕
ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងខេត្តឧត្តរមានជ័យ៖