(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩នេះ បានដឹកនាំក្រុមការងារ នាំយកអំណោយចុះទៅសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋ ១៦គ្រួសារ ដែលរងគ្រោះប៉ើងដំបូលផ្ទះ និងរលំផ្ទះដោយខ្យល់កន្ត្រាក់ នៅភូមិមេសរ ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម។

លោក អ៊ុន ចាន់ដា បានថ្លែងថា បន្ទាប់ពីបានទទួលដំណឹង អំពីបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះប៉ើងដំបូលផ្ទះ និងរលំផ្ទះសម្បែង ដោយសារខ្យល់កន្ត្រាក់ លោកបានកោះប្រជុំ និងពិភាក្សាបន្ទាន់ ដើម្បីនាំយកនូវអំណោយមកសង្គ្រោះបឋម ដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងជួបការលំបាក។

លោកអភិបាលខេត្តកំពង់ចាម ក៏បានផ្តាំផ្ញើការសួរសុខទុក្ខប្រជាពលរដ្ឋទាំងអស់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាលលោកទាំងពីរ តែងតែយកចិត្តទុកដាក់គិតគូរដល់សុខ និងទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ។

លោក អ៊ុន ចាន់ដា ក៏បានសំដែងការចូលរួមសោកស្ដាយ ដល់បងប្អូនប្រជាពលរដ្ឋ ដែលបានខិតខំរកទទួលទាន និងបានសាងសង់លំនៅដ្ឋាន តែបែរជាទទួលរងគ្រោះដោយសារខ្យល់កន្ត្រាក់ បណ្ដាលឲ្យខូចខាតផ្ទះសម្បែងដោយសារតែគ្រោះធម្មជាតិនេះ។ ទន្ទឹមនឹងនោះលោកអភិបាលខេត្ត ក៏បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋសូមប្រកបការងាររកស៊ី ដោយសុខសាន្ត ជៀសវាងការជឿទៅលើការញុះញង់ របស់បុគ្គលអគតិមួយចំនួន ដែលតែងតែបង្កភាពអសន្តិសុខ នៅក្នុងប្រទេសកម្ពុជារបស់យើង។

សូមបញ្ជាក់ថា អំណោយដែលត្រូវផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋនាពេលនេះគឺ ១៤គ្រួសារ ដែលរលំផ្ទះទាំងស្រុង ក្នុង១គ្រួសារទទួលអង្ករ ២០គីឡូក្រាម ត្រីខកំប៉ុង១យួរ មី១ កេស និងថវិកា ២០ម៉ឺនរៀល។ ដោយឡែកប្រជាពលរដ្ឋ ២គ្រួសារទៀត ដែលរងគ្រោះប៉ើងដំបូលផ្ទះ ១គ្រួសារបានទទួលថវិកា ១០ម៉ឺនរៀលអង្ករ ២០គីឡូក្រាម មី ១កេស ត្រីខ១យួរផងដែរ៕