(ស្វាយរៀង)៖ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ដឹកនាំដោយលោកស្រី ដួង វណ្ណា ប្រធានកិត្តិយសសាខា និងជាអ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៩ បានចុះសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌របស់សាខាដល់ប្រជាពលរដ្ឋរងគ្រោះ ដោយសារខ្យល់កន្ត្រាក់កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៩ នៅក្នុងស្រុកស្វាយជ្រុំ នៅភូមិក្តីស្លា ឃុំស្វាយយា។
គ្រោះធម្មជាតិនេះ ខូចខាតទាំងស្រុង ៣ខ្នង មធ្យម ៣ខ្នង ស្រាល ១០ខ្នង នៅភូមិចំបក់គុយ ឃុំកំពង់ចំឡង ខូចខាតមធ្យម ១ខ្នង សរុបចំនួន ១៧ខ្នង និងបណ្តាលឱ្យរបួសមនុស្ស៧ រងរបួសក្នុងនោះស្លាប់ម្នាក់ បច្ចុប្បន្នអ្នករងរបួសកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យខេត្ត។
លោកស្រី ដួង វណ្ណា បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះប្រជាពលរដ្ឋទាំងអស់ដោយក្តីនឹករលឹក និងចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារសព ហើយចូលរួមសោកស្តាយចំពោះការខូចខាតទ្រព្យសម្បត្តិ ផ្ទះសំបែង ដែលបង្កដោយគ្រោះធម្មជាតិដែលយើងនឹកស្មានមិនដល់។
ជាមួយគ្នានេះដែរ លោកស្រីបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់នៅពេលមានភ្លៀង ខ្យល់បក់បោកខ្លាំង ត្រូវរកកន្លែងដែលមានសុវត្ថិភាពចៀសវាង មានគ្រោះថ្នាក់ជាយថាហេតុ, ត្រូវសម្អាតបរិវេណជុំវិញផ្ទះ និងទីជម្រកមុសខ្លា ត្រូវគេងក្នុងមុង ដើម្បីការពារកើតជម្ងឺគ្រុនឈាម។
អំណោយដែលបានចែកជូនសម្រាប់គ្រួសាររងគ្រោះធ្ងន់៖ ទទួលបានអង្ករ ៣០ គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង ទឹកស៊ីអ៊ីវ ៦ដប ធុងទឹកជ័រ ១ឆ្នាំងបាយ-សម្ល ២ក្រណាត់កៅស៊ូតង់ ១កន្ទេលបត់ ១ឃីត ១កញ្ចប់ (ភួយ មុង សារុង ក្រមា) និងថវិកា ២០០,០០០ រៀល។
គ្រួសាររងគ្រោះមធ្យម៖ ទទួលបានអង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង ទឹកស៊ីអ៊ីវ ៦ដប កន្ទេលបត់ ១ឃីត ១កញ្ចប់ (ភួយ មុង សារុង ក្រមា) និងថវិកា ៥០,០០០រៀល។ គ្រួសាររងគ្រោះស្រាល ថវិកា ៥០,០០០រៀល អ្នករបួសធ្ងន់ ៦នាក់ ក្នុងម្នាក់ថវិកា ៦០០,០០០រៀល របួសស្រាល ១នាក់ ថវិកា ១០០,០០០រៀល ចូលបុណ្យដល់គ្រួសារសព អង្ករ ៥០គីឡូក្រាម ទេយ្យទាន ១ឈុត ទឹកសុទ្ធ ១កេស ទឹកក្រូច ១កេស និងថវិកា ១,២០០,០០០រៀល។
ក្នុងពេលចែកអំណោយនេះដែរ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង បានចូលរួម តាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្ត នូវថវិកា ១,៧០០,០០០រៀល, លោក ហង្ស វិចិត្រ ថវិកា ១,៤០០,០០០រៀល លោកចាន់ ស៊ីណូ ថវិកា ២៥០,០០០រៀល ផងដែរ៕